ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០២៣ កើន​ឡើង​១១% បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១៥០០នាក់


រូបឯកសារ៖ បុរសម្នាក់ដឹកទំនិញតាមម៉ូតូជូនអតិថិជន នៅភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុរសម្នាក់ដឹកទំនិញតាមម៉ូតូជូនអតិថិជន នៅភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ បាន​កើន​ឡើង​ ១១​% បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដែល​វា​នៅ​តែ​បង្ក​ក្តី​ព្រួយ​បារម្ភ​នៅ​ក្នុង​សង្គម ​និង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាង​ ៤០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​មន្រ្តី​កម្ពុជា ឆ្នាំ​ ២០២៣ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ជាង​ ៣០០០ ​ករណី ​ដែល​កើន​ឡើង ​១១% ​បើ​ធៀប​នឹង​ឆ្នាំ​តួលេខ​មុន​ ដែល​មាន​ប្រមាណ​ ២៩៧០​ ករណី។​ នេះ​បើ​តាម​លោក ​ព្រំ វន្ថា ​ប្រធាន​នាយកដ្ឋាន​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន។ ​លោក​ប្រាប់​វីអូអេ​ថា​ ក្នុង​ឆ្នាំ​ ២០២៣ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង ​១៥០០​នាក់​ ដែល​ថយ​ចុះ​ ៧%។ ​ចំណែក​អ្នក​រង​របួស​ធ្ងន់​មាន​ជាង​ ២៧០០​នាក់ ​ដែល​កើន​ឡើង​ ៧%។ ​អ្នក​រង​របួស​ស្រាល​មាន​ជាង​ ១៧០០​ នាក់​ ដែល​កើន​ឡើង​ ២១%។​

លោក ​ព្រំ វន្ថា ​ប្រាប់​វីអូអេ​ថា​ ​ក្នុង​ឆ្នាំ​ ២០២៣​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ​មនុស្ស​យ៉ាង​តិច ​៥ ​នាក់​ស្លាប់ ​និង​ជាង ​១០ ​នាក់ ​រង​របួស​ធ្ងន់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។​

លោក ​ព្រំ វន្ថា​ បញ្ជាក់​ថា​ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ដ​កើត​មាន ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​បើកបរ​លឿន ​មិន​គោរព​សិទ្ធិ បត់​ជែង​មិន​ប្រុង​ប្រយ័ត្ន ​និង​ជិះ​បញ្ច្រាស​ទិស​ផ្លូវ​ជា​ដើម។ ​លោក​បន្ថែម​ថា​ ក្រៅ​ពី​កត្តា​មនុស្ស ​ក៏​មាន​កត្តា​យាន​យន្ដ ​និង​កត្តា​ផ្លូវ​ រួម​ផ្សំ​គ្នា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«ហើយ​នៅ​ក្នុង​នោះ​ទាក់ទង​ជា​មួយ​មនុស្ស​ ឃើញ​ថា​ ល្បឿន​គឺ​នៅ​ឈរ​លំដាប់​ទី​មួយ​នៃ​គ្រោះ​ថ្នាក់។ ​ហើយ​ទី​ ២ ​ទាក់​ទង​នឹង​ការ​មិន​គោរព​សិទិ្ធ។ ​ទី​ ៣ ​ទាក់​ទង​នឹង​ការ​បត់។​ ទី​ ៤ ទាក់​ទង​នឹង​ការ​មិន​ប្រកាន់​ស្ដាំ​ដែល​យើង​សង្កេត​ឃើញ​ថា ​ភាគ​ច្រើន​អ្នក​បើកបរ​ឥរិយាបថ​របស់​ពួក​គាត់​គឺ​មិន​ប្រកាន់​ស្ដាំ ​ភាគ​ច្រើន​បើក​ដោយ​ជិះ​បញ្ច្រាស ​ហើយ​ទាក់​ទង​ជាមួយ​នឹង​ការ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផង​ដែរ»។​

លោក ​គង់ រតនៈ ​អ្នក​ជំនាញ​និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវ​គោក ​ប្រាប់​វីអូអេ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​និង​ក្តី​បារម្ភ ​ដោយ​សារ​តួលេខ​នៃ​អ្នក​រង​របួស​និង​អ្នក​ស្លាប់​នៅ​តែ​មាន​ចំនួន​ច្រើន ​បើ​ទោះ​បីជា​អត្រា​ស្លាប់​ឆ្នាំ ​២០២៣ ​ថយ​ចុះ​បន្តិច​បន្តួច​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។​

បើ​តាម​លោក ​គង់ រតនៈ ​បើ​សិន​ជា​កម្ពុជា​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរារណ៍​បាន​ក្នុង​កម្រិត​អតិបរមា​នោះ​វា​នឹង​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​សេដ្ឋកិច្ច ​ដែល​បាន​ខាត​បង់​ជាង​ ៤០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។​

លោក​ថ្លែង​ថា៖ ​«ថ្មីៗ​នេះ ​មាន​ការ​សិក្សា​របស់ ​UNDP ​ជាមួយ​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ហ្នឹង។​ គាត់​បាន​រក​ឃើញ​ប្រទេស​កម្ពុជា​បាន​ខាត​បង់​សេដ្ឋកិច្ច​រហូត​ដល់​ជាង​ ៤០០​ លាន ​គឺ​ ៤៦៦​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ អាហ្នឹង​គិត​ត្រឹម​ឆ្នាំ​ ២០២១ ​ផង​ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍»។​

អ្នក​ជំនាញ​រូប​នេះ​កត់​សម្គាល់​ស្រដៀង​គ្នា​ដែរ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​មនុស្ស​ច្រើន​ជាង​គេ ​គឺ​រហូត​ដល់​ ៩៦% ​ទៅ​ ៩៧% ​ដោយ​ក្នុង​នោះ​ពាក់​ព័ន្ធ​នឹង​ឥរិយាបថ​របស់​ប្រជា​ពលរដ្ឋ​ ដូច​ជា​ការ​បើកបរ​លើស​ល្បឿន​កំណត់ ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​និង​ការ​ប្រើ​ប្រាស់​ថ្នាំ ​ឬ​ការ​បើកបរ​ដោយ​អាការៈ​អស់​កម្លាំង​ ការ​បត់​ជែង​យានយន្ត​ធ្វេស​ប្រហែស​ជាដើម។​ លោក​បន្ថែម​ថា​ ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​ទូលំទូលាយ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក៏​ជា​ឫស​គល់​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ។​

រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើមហាវិថី​ព្រះ​មុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើមហាវិថី​ព្រះ​មុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រៅ​ពី​នោះ ​លោក​ថា​ កត្តា​យានយន្ត ​និង​កត្តា​ផ្លូវ​ថ្នល់ ​ដូចជា​ផ្លូវ​ខ្លះ​មាន​ជង្ហុក ​និង​ផ្លូវ​ខ្លះ​មាន​ព្រៃឈើ​បាំង ​និង​ផ្លូវ​កោង​ជា​ដើម ​ក៏​ជា​បញ្ហា​រួមផ្សំ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ។​

បើ​តាម​លោក ​គង់ រតនៈ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ទាំង​ពល​រដ្ឋ ​ទាំង​សាលា​រៀន ​ទាំង​អាជ្ញាធរ ​និង​ក្រសួង​ពាក់ព័ន្ធ​នានា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់ ​និង​ដោះ​ស្រាយ​រួម​គ្នា ​ព្រោះ​ថា​ ពលរដ្ឋ​មួយ​ចំនួន​មិន​ទទួល​ស្គាល់​ថា​ ខ្លួន​ខ្វះ​ខាត​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ផ្លូវ​ និង​ច្បាប់​ចរាចរណ៍​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ដំបូង ​គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ពួក​គាត់​ទទួល​ស្គាល់​ថា ​[គ្រោះ​ថ្នាក់​ចរាចរណ៍]​ជា​បញ្ហា​ធំ​សិន។ ​កន្លងមក ​យើង​ឃើញ​ហើយ​ថា ​អ្នក​បើកបរ​មួយ​ចំនួន ​គាត់​អត់​ទទួល​ស្គាល់​ថា​ គាត់​ខ្វះ​ខាត​ចំណេះ​ដឹង​ទេ។ ​គាត់​អត់​ទទួល​ស្គាល់​ថា ​គាត់​មិន​អាច​បើកបរ​បាន​ទេ ​នៅ​ពេល​គាត់​ស្រវឹង​ជាដើម។ ​អ៊ីចឹង​ភាគ​ច្រើន​អ្នក​ទាំង​អស់​ហ្នឹង​ទាល់​តែ​ជួប​បញ្ហា​ខ្លួន​ឯង​ហើយ​បាន​ស្តាយ​ក្រោយ ​អី​ជាដើម»។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ដែល​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ពន្ធ​លើ​គ្រឿង​ស្រវឹង​ និង​បង្កើត​ច្បាប់​គ្រប់គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង ​កត់​សម្គាល់​ថា​ កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​គឺ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ការ​ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​បាន ​លុះ​ត្រាតែ​ហ៊ាន​វាស់​ជាតិ​អាកុល​ជា​ទៀង​ទាត់។ ​ហ៊ាន​ធ្វើ ​Random Check ​[ការ​ចុះ​ត្រួត​ពិនិត្យ​ចល័ត]​ទៅ​លើ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​តាម​ដង​ផ្លូវ។ ​បើ​សិន​ជា​យើង​អត់​ហ៊ាន​ធ្វើ​ប៉ុណ្ណឹង​ទេ​ ហើយ​បើ​យើង​នៅតែ​មិន​អើ​ពើ​ចំពោះ​ ការ​រួម​ចំណែក​យ៉ាង​សំខាន់​នៃ​គ្រឿង​ស្រវឹង ​ទៅ​លើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ ​នោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​គ្មាន​ពេល​ថម​ថយ​ទេ»។​

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​កត្តា​ទាក់​ទាញ​ និង​កត្តា​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​គ្រឿង​ស្រវឹង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ទី​សាធារណៈ ​និង​នៅ​តាម​បណ្តាញ​សង្គម​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​អប់រំ​ និង​ផ្សព្វ​ផ្សាយ​របស់​អាជ្ញាធរ​ និង​ក្រសួង​ពាក់ព័ន្ធ​អំពី​ច្បាប់​ចរាចរណ៍។ ​ដូច្នេះ​លោក​ថា​ ការ​កាត់​បន្ថយ​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ ​និង​បង្កើត​ច្បាប់​គ្រប់​គ្រង​ផលិតផល​គ្រឿង​ស្រវឹង​គឺ​ជា​រឿង​សំខាន់​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក ​សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ដែល​ធ្លាប់​រិះគន់​ការ​ឃាត់​ផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​មន្ត្រី​នគរ​បាល​ដែល​ជា​អ្នក​អនុវត្ត​កិច្ចការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ និង​គ្រឿង​ស្រវឹង​ត្រូវ​តែ​អនុវត្ត ​និង​ដាក់​ពិន័យ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ​ដោយ​កុំ​យក​ច្បាប់​ទៅ​រក​ស៊ី។​

លោក​ថ្លែង​ថា៖ ​«មនុស្ស​បង្កើត​សង្គម​ សង្គម​បង្កើត​បញ្ហា។ ​ដើម្បី​គ្រប់​គ្រង​បញ្ហា​បាន ​ត្រូវ​តែ​បង្កើត​ច្បាប់។​ ហើយ​បើ​បង្កើត​ច្បាប់​ហើយ​មិន​គោរព​ច្បាប់ ​ហើយ​យក​ច្បាប់​ទៅ​រក​ស៊ី​ អាហ្នឹង​វា​ទៅ​ជា​ឱកាស​សម្រាប់​អ្នក​មាន​លុយ ​អ្នក​ដែល​ចង់​ឈ្នះ ​ចង់​ចាញ់។ ​ អ៊ីចឹង​ខ្ញុំ​គិត​ថា ​គួរ​តែ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​វា​ដើរ​តួនាទី​សំខាន់​ណាស់។​ ខ្ញុំ​តែង​និយាយ​ថា ​កុំ​ធ្វើ​ប្រុស​លាក់​ខ្លួន​ បង្ហាញ​មក​កន្លែង​ណាៗ។​ អ៊ីចឹង​ប្រុស​លាក់​ខ្លួន​ហ្នឹង​ ជួន​កាល​គេច​ពី​ប្រុស​លាក់​ខ្លួន​ទៅ​បុក​គ្នា​ក៏​មាន​ដែរ។ ​ ចំណុច​ទី២​ហ្នឹង​ វា​គេច​ពី​ប៉ូលិស​ដើម្បី​មិន​បង់​លុយ​ទៅ​រក​បុក​គ្នា​ អាគ្នា ​អត់​ដឹងអី​សោះ​ កំពុង​ឈប់​ហ្នឹង»។

បើ​តាម​លោក ​សុខ ​ទូច​ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​កើត​ឡើង​ ដោយ​សារ​អ្នក​បើកបរ​ប្រើប្រាស់​គ្រឿង​ញៀន ​និង​ងងុយ​ដេក​ផង​ដែរ។​ ចំណែក​ករណី​ខ្លះ​បង្ក​ឡើង​ដោយ​សារ​កូន​អ្នក​មាន​បើកបរ​រថយន្ត​បង្អួត​គ្នា​លេង ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG