កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមេដឹកនាំយោធាសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានចាប់ផ្តើមការរៀបចំសម្រាប់កងទ័ពថ្មីនិងប្រសិទ្ធភាពជាងមុន ខណៈពេលដែលទីក្រុង វ៉ាស៊ីនតោន (Washington) ត្រៀមកាត់បន្ថយថវិការក្នុងវិស័យការការពារជាតិ។
អង្គភាពយោធា ដែលទទួលរងការទង្គិចធ្ងន់ធ្ងរបំផុត គឺកងទ័ពសហរដ្ឋអាមេរិក ដែល ប្រឈមមុខនឹងការកាត់បន្ថយកងទ័ពថ្មើរជើងចំនួនជាង៧ម៉ឺននាក់ និងការដកកងពលតូចចំនួនពីរ ចេញពីមូលដ្ឋានដ៏យូរលង់នៅទ្វីបអឺរ៉ុប។
លោក ឧត្តមសេនីយ៍ រ៉េយ អូឌីអឺណូ (Ray Odierno) មេបញ្ជាការកងទ័ព បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពី លោក ឡេអុន ប៉ានីតតា (Leon Panetta) រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសអំពីការកាត់បន្ថយនេះ។
«យើងបង្កើនចំនួនកងទ័ព ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់យើងនៅក្នុងប្រទេស អ៊ីរ៉ាក់ (Iraq) និងអាហ្វហ្គានីស្ថាន (Afghanistan)។ ខ្ញុំមានអារម្មណ៍កក់ក្តៅ ដោយហេតុថា ជាការពិត យើងបានបញ្ចប់កិច្ចការនៅអ៊ីរ៉ាក់។ ការប្តេជ្ញាចិត្តរបស់យើង ត្រូវកាត់បន្ថយនៅ អាហ្វហ្គានីស្ថានវិញម្តង ដែលឥឡូវនេះ យើងអាចធ្វើកិច្ចការនេះបាន។ ខ្ញុំមិនឃើញមានការកាត់បន្ថយនៅឡើយ ដោយសារយើងកំពុងទទួលបន្ទុកទៅលើប្រទេសនេះ។ ខ្ញុំចង់និយាយថា យើងកំពុងធ្វើការកែសម្រួល ដោយយោងទៅលើអ្វីដែលយើងបានចាត់ទុករឿងរ៉ាវនៅទីនោះ ថាជាការគំរាមកំហែងប្រកបដោយសក្តានុពល»។
លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) និយាយថា កងទ័ពសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះដៃគូរបស់ខ្លួននៅជុំវិញពិភពលោក ដែលរួមទាំងប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប ដែល នៅទីនោះ សហរដ្ឋអាមេរិក រំពឹងថានឹងបង្កើនល្បឿនចំពោះអ្វីដែលហៅថាជាការកាត់បន្ថយកងកម្លាំងជាបន្តបន្ទាប់ នៅប្រទេស អាល្លឺម៉ង់ (Germany) និងនៅកន្លែងផ្សេងទៀត ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់មក។ យោងតាមកិច្ចព្រមព្រៀងរបស់អង្គការណាតូ (NATO) សហរដ្ឋអាមេរិកមានកាតព្វកិច្ចជួយការពារប្រទេសទាំងឡាយនៅអឺរ៉ុប ក្នុងករណីមានការវាយប្រហារ។ លោក ម៉ៃឃើល អូហានឡុន (Michael O’Hanlon) អ្នកវិភាគផ្នែកសន្តិសុខនៃវិទ្យាស្ថាន ប្រ៊ូកឃីងស៍ (Brookings Institution) នៅ ទីក្រុង វ៉ាស៊ីនតោន ថ្លែងថា យុទ្ធសាស្រ្តថ្មីរបស់សហរដ្ឋអាមេរិក ហាក់ដូចជាមិនជំទាស់ទៅនឹងកិច្ចព្រមព្រៀងនោះទេ។
«អឺរ៉ុប មិនស្ថិតនៅក្រោមការគំរាមកំហែងទេ នៅតាមផ្នែកជាច្រើន។ យើងបានកាត់បន្ថយកម្លាំងយ៉ាងច្រើននៅអឺរ៉ុប។ អឺរ៉ុប នឹងមិនទទួលការគំរាមកំហែងពីសំណាក់នរណាម្នាក់ឡើយ ហើយទ្វីបនេះ មានកងទ័ពល្អៗរបស់ខ្លួនជាច្រើនដែរ»។
សហរដ្ឋអាមេរិក បានឲ្យដឹងថា ឆន្ទៈយោធារបស់ខ្លួន នឹងនៅតែប្តេជ្ញាចិត្តចំពោះដៃគូទាំងឡាយរបស់ខ្លួន នៅលើពិភពលោក ប៉ុន្តែ ការប្តេជ្ញាចិត្តទាំងនោះ នឹងមានភាពផ្សេងគ្នាចាប់តាំងពីពេល ដែលសហរដ្ឋអាមេរិក បានរក្សាទុកមូលដ្ឋានធំៗទាំងឡាយ ដើម្បីការពារទ្វីបអឺរ៉ុបខាងលិចពីការគំរាមកំហែងរបស់ សូវៀត (Soviet)។
ឥឡូវនេះ ការផ្តោតការយកចិត្តទុកដាក់របស់កងទ័ពសហរដ្ឋអាមេរិក បានងាកទៅរកតំបន់ប៉ាស៊ីហ្វិក (Pacific)វិញ ដែលកំពុងប្រឈមទៅនឹងការកើនឡើងរបស់ប្រទេសចិន (China) ខណៈពេលដែលខ្លួនត្រូវត្រៀមកម្លាំង ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងទាំងឡាយនៅតំបន់មជ្ឈិមបូព៌ា (Middle East)។
ក្រុមមន្រ្តី ថ្លែងថា ការកាត់បន្ថយកងទ័ពជើងគោក មានភាពស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តថ្មី ស្តីពីការឈប់ពាក់ព័ន្ធជាមួយគម្រោងស្ថិរភាពយូរអង្វែងទាំងឡាយ។ លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) និយាយថា ការកែប្រែទំហំកងទ័ព នឹងចូលរួមក្នុងគម្រោងស្ថិរភាពរយៈពេលខ្លី ព្រមទាំងវិនិយោគទៅលើកងកម្លាំងប្រតិបត្តិការពិសេស ដែលអាចធ្វើឲ្យបេសកកម្មសម្រេចបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់បំផុត ដែលមានលក្ខណៈដូចទៅនឹងប្រតិបត្តិការមួយ ដែលបានចាប់ខ្លួននិងសម្លាប់ អូសាម៉ា ប៊ីនឡាដិន (Osama Bin Laden)។
នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេប កាលពីថ្ងៃព្រហស្បតិ៍ លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) បាននិយាយថា កងទ័ព ក៏នឹងវិនិយោគទៅលើប្រតិបត្តិការទ្រង់ទ្រាយតូចនិងចំណាយតិច នៅទ្វីបអាហ្រ្វិក (Africa) និងអាមេរិកឡាទីន (Latin America)ជាដើម។
«វាជាការនិយាយអំពីការបន្តចូលរួម និងបន្តកសាងសមត្ថភាពដៃគូនិងកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំទាំងឡាយ នៅក្នុងប្រទេសទាំងអស់នោះ។ យើងអាចធ្វើបែបនេះ តាមវិធី ច្រើនយ៉ាង។ ដំបូង យើងអាចអនុវត្តបែបនេះជាមួយនឹងកងកម្លាំងប្រតិបត្តិការពិសេស។ យើងអាចអនុវត្តជាមួយនឹងកងកម្លាំងពិសេស មានដូចជាក្រុមវិស្វករនិងសុខាភិបាលជាដើម។ យើងអាចអនុវត្តជាមួយកងកម្លាំងអាកាសចរ។ ពួកគេ នឹងក្លាយជាកងកម្លាំងជំនាញ ដែលនឹងអាចជួយកងទ័ពក្នុងការកសាងសមត្ថភាពដែលពួកគេមិនទាន់មាន»។
នៅក្នុងតំបន់ប៉ាស៊ីហ្វិក មន្ទីរបញ្ចកោណ មានផែនការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន មានដូចជាប្រទេស ហ្វីលីពីន (Philippine)។ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីយោធារបស់សហរដ្ឋអាមេរិក និងហ្វីលីពីន បានជួបពិភាក្សាគ្នាអំពីការពង្រីកសមយុទ្ធនិងការផ្លាស់ប្តូរ ព្រមទាំងការបង្កើនចំនួននៃការធ្វើទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។ ប្រទេសទាំងពីរ មិនបានពិភាក្សាអំពីការវិលត្រឡប់ណាមួយ របស់កងទ័ពសហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទាំងឡាយនៅលើកោះនោះវិញទេ។
សហរដ្ឋអាមេរិក បានដកកងទ័ពចេញពីមូលដ្ឋាន ដែលត្រូវបានបង្កើតឡើងជាយូរមកហើយ នៅហ្វីលីពិន កាលពីពីរទសវត្សរ៍មុន៕
ប្រែសម្រួលដោយ ឌី ខាំបូលី