ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kerry ​ខឹងសម្បារ​នឹង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង Aleppo


មនុស្ស​ដើរ​កណ្តាល​កម្ទេច​អគារ​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុង Aleppo កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក John Kerry មាន​ប្រសាសន៍​ថា លោក​មាន​ការ​ខឹង​សម្បារ​នឹង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ីរី​ណាស់ ដោយ​លោក​បាន​ស្តី​បន្ទោស​ចំៗ​ដល់​កងកម្លាំង​របស់​លោក​ប្រធានាធិបតី Bashar al-Assad។ ​

ការ​វាយប្រហារ​ផ្លូវ​អាកាស​នេះ​បាន​បំផ្លាញ​មន្ទីរ​ពេទ្យដែល​ឧបត្ថម្ភ​ដោយ​គ្រូពេទ្យ​គ្មាន​ពំ្រដែន។ មាន​កុមារ​និង​វេជ្ជបណ្ឌិត​យ៉ាង​ហោច​ណាស់​ចំនួន​២០​នាក់​ត្រូវ​បាន​សម្លាប់​ ដោយ​រាប់​បញ្ចូល​ទាំង​វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺ​កុមារ​តែ​ម្នាក់​ចុង​ក្រោយ​បង្អស់ ​ដែល​នៅ​បម្រើការ​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ឧទ្ទាម​ត្រួតត្រា​ក្នុង​ទីក្រុង Aleppo នេះ​ផង​ដែរ។ ​

លោក Kerry បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «វា​ហាក់​ដូច​ជា​ការវាយប្រហារ​ដោយ​មាន​គោលដៅវាយ​ឲ្យ​ចំ​មន្ទីរពេទ្យ​នេះ ហើយ​ក្នុង​របប​របស់​លោក Assad ​គឺ​ជាប់​លំដាប់​ថ្នាក់​ខាង​វាយប្រហារ​លើ​កន្លែង​សំខាន់​បែប​នេះ។ ការ​វាយប្រហារ​ទាំង​នេះ​បាន​សម្លាប់​ប្រជាជន​ស៊ីរី​ដែល​ស្លូតត្រង់​អស់​រាប់រយ​នាក់​មក​ហើយ»។​

ការ​វាយប្រហារ​ផ្លូវ​អាកាស​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​បង្ហូរ​ឈាម​រយៈពេល​២៤​ម៉ោង​ក្នុង​ទីក្រុង Aleppo ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជាង​៦០​នាក់​ នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ស៊ីរី​និង​ក្រុមឧទ្ទាម។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ គឺ​លោក Staffan de Mistura ​បាន​មាន​ប្រសាសន៍​ថា បទ​ឈប់បាញ់​កាល​ពី​ខែ​កុម្ភៈ​ដែល​លោក​បាន​ជួយ​សម្របសម្រួល នៅ​មាន​ប្រសិទ្ធភាព​ខ្លះៗ​តែ​ប៉ុណ្ណោះ ហើយ​វា​អាច​នឹងអស់​ប្រសិទ្ធភាព​ទាំងស្រុង​នៅ​ថ្ងៃ​ណា​មួយ។​

លោក Kerry កំពុង​តែ​ស្នើ​ឲ្យ​ប្រទេសរុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​កំពូល​របស់​លោក Assad ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​បញ្ឈប់​លោក Assad កុំ​ឲ្យ​ធ្វើ​ការ​វាយប្រហារ​បន្ត​ទៅ​ទៀត៕

XS
SM
MD
LG