ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការពារ​ជាតិ មិន​យល់ស្រប​នឹង​លោក Trump ក្នុងការប្រើ​កម្លាំង​យោធា​ដើម្បី​បង្ក្រាប​លើ​ក្រុម​បាតុករ


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញ​ពី​សេតវិមាន​ដើរ​ទៅ​ព្រះវិហារ St. John's Church ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Mark Esper ស្ថិតនៅ​ខាងស្តាំ​ដៃ​លោក ត្រាំ។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញ​ពី​សេតវិមាន​ដើរ​ទៅ​ព្រះវិហារ St. John's Church ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Mark Esper ស្ថិតនៅ​ខាងស្តាំ​ដៃ​លោក ត្រាំ។

លោក Esper ថ្លែង​ថា៖ «ជម្រើស​ក្នុងការ​ប្រើ​កងកម្លាំង​ដែល​កំពុង​បំពេញ​ភារកិច្ច​ក្នុងការ​អនុវត្ត​ច្បាប់ គួរតែ​ត្រូវបាន​ប្រើ​ជា​ជម្រើស​ចុងក្រោយ​បំផុត ហើយប្រើ​តែ​នៅ​ក្នុង​ស្ថានការណ៍​បន្ទាន់ និង​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ។ ឥឡូវនេះ យើង​មិន​ស្ថិត​នៅក្នុង​ស្ថានការណ៍​ណា​មួយ ក្នុង​ចំណោម​ស្ថានការណ៍​ខាងលើ​នេះ​ទេ»។

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Mark Esper បាន​ថ្លែង​ថា លោក​មិន​គាំទ្រ​ការ​ប្រើប្រាស់​យោធា ដើម្បី​បង្ក្រាប​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស ដូច​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ កាលពី​ដើម​សប្តាហ៍​នេះ​ឡើយ។

ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ក្រសួង​ការពារជាតិ ​នៅ​ថ្ងៃពុធ ទី ៣ ខែមិថុនា​នេះ លោក Mark Esper បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​មិន​គាំទ្រ​ការ​អំពាវនាវ​ឲ្យ​មាន​ច្បាប់​បះបោរ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក ត្រាំ ប្រើ​កងទ័ព​កំពុង​បំពេញ​ភារកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ជួយ​ទប់ទល់​នឹង​បាតុកម្ម​តវ៉ា​តាមដងផ្លូវ​ អំពី​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កណើត​អាហ្រ្វិក​មួយ​រូប ដែល​បាន​ស្លាប់ ខណៈ​ពេលប៉ូលិស​ឃាត់​ខ្លួន​លោក នៅ​ទីក្រុង Minneapolis រដ្ឋមីនីសូតា​នោះ។

លោក Esper បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ជម្រើស​ក្នុងការ​ប្រើ​កង​កម្លាំង​ដែល​កំពុង​បំពេញ​ភារកិច្ច​ក្នុងការ​អនុវត្ត​ច្បាប់ គួរតែ​ត្រូវបាន​ប្រើ​ជា​ជម្រើស​ចុងក្រោយ​បំផុត ហើយប្រើ​តែ​នៅ​ក្នុង​ស្ថានការណ៍​បន្ទាន់ និង​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ។ ឥឡូវនេះ យើង​មិន​ស្ថិត​នៅក្នុង​ស្ថានការណ៍​ណា​មួយ ក្នុង​ចំណោម​ស្ថានការណ៍​ខាងលើ​នេះ​ទេ»។

ក្នុង​ការថ្លែង​សុន្ទរកថា​ពី​សួន​ផ្កាកុលាប​នៅក្នុង​បរិវេណ​នៃ​សេតវិមាន កាលពី​ថ្ងៃច័ន្ទ ទី ១ ខែមិថុនា កន្លង​ទៅ​នេះ លោក ត្រាំ បាន​និយាយ​ថា ប្រសិនបើ​អភិបាលរដ្ឋ​នានា​នៅក្នុង​ប្រទេស មិន​អាច​គ្រប់គ្រង​ការ​តវ៉ា​នៅក្នុង​រដ្ឋ​របស់​ពួកគេ​បាន​ទេ​ នោះ​លោក​នឹង​បញ្ជូន​យោធា​អាមេរិក​ដើម្បី​បញ្ឈប់​បាតុកម្ម​តវ៉ា​ទាំងនោះ។

ជាមួយ​គ្នា​នោះ លោក Esper ក៏​ត្រូវ​បាន​គេ​សួរ​អំពី​រូបថត​បែប​ឆ្លៀត​ឱកាស​នៅ​ព្រះ​វិហារ St. John's Church ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃចន្ទផង​ដែរ។ រូប​ថត​នោះ​កំពុង​តែ​ទាក់ទាញ​ការ​រិះគន់​ ដែល​លោក Esper ក៏​មាន​ចំណែក​ដែរ។ នៅ​ពេល​នោះ មន្រ្តី​អនុវត្ត​ច្បាប់ បាន​បណ្តេញ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ដោយ​បង្ខំ​ពី​ឧទ្យាន Lafayette ដែល​នៅ​ពីមុខ​សេតវិមាន ដើម្បី​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ អាច​ដើរឆ្លង​កាត់​បាន។ ក្រោយមក​លោក Esper បាន​ឈរ​អម​ គ្រាដែល​លោក​ប្រធានាធិបតី​លើក​កាន់​គម្ពីរ​មួយ​ក្បាល។

លោក Esper បាន​និយាយ​ថា នៅ​ពេល​នោះ លោក​មិន​បាន​ដឹង​ថា ខ្លួន​លោក​ហៀប​នឹង​ចូលរួម​នៅក្នុង​ការ​ថតរូប​នោះ​ទេ។ លោក​បាន​និយាយ​ថា លោក​ព្យាយាម ធ្វើ​យ៉ាងណា​ឲ្យ​ក្រសួង​ការពារជាតិ មិន​ពាក់ព័ន្ធ​នៅក្នុង​នយោបាយ ប៉ុន្តែ​លោក​និយាយ​ទៀត​ថា ជាញឹកញាប់ លោក​មិន​បាន​ទទួល​ជោគជ័យនោះ​ទេ។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រូប​ណេះ ក៏​បាន​ថ្លែងថ្កោលទោស​ចំពោះ​ទង្វើ​របស់​ប៉ូលិស​នៅក្នុង​ទីក្រុង​ Minneapolis ចំពោះ​ការស្លាប់​របស់​លោក George Floyd។ លោក​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា ក្នុង​ពេល​អនាគត នឹង​មាន​បាតុកម្ម​អហិង្សា ដែល​ជា​ការ​គោរព​ដល់​លោកGeorge Floyd ដែល​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​លោក និង​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល គិតឡើងវិញ​អំពី​ការ​រើសអើង​ជាតិ​សាសន៍​នៅ​អាមេរិក៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG