ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សរាប់ពាន់នាក់បន្តការតវ៉ាប្រឆាំងក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក


រូបឯកសារ៖ បាតុករធ្វើបាតុក​ម្មជុំវិញការស្លាប់របស់លោក George Floyd នៅក្រុង Houston រដ្ឋ Texas កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ បាតុករធ្វើបាតុក​ម្មជុំវិញការស្លាប់របស់លោក George Floyd នៅក្រុង Houston រដ្ឋ Texas កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

ការតវ៉ាប្រឆាំងនៅក្នុងសហរដ្ឋអាមេរិកបានបន្តកាលពីយប់ថ្ងៃអង្គានៅក្នុងទីក្រុងនានាទូទាំងប្រទេស នៅពេលដែលមនុស្សបានបន្តសម្តែងនូវការខឹងសម្បារនិងការរកាំចិត្តចំពោះការស្លាប់របស់លោក George Floyd ក្នុងការឃុំឃាំងរបស់ប៉ូលិស។

ពួកបាតុករបានបំពានបទបញ្ជាបម្រាមគោចរណ៍នៅក្នុងតំបន់ខ្លះ រួមមានទីក្រុងញូវយ៉ក ដែលមនុស្សរាប់រយនាក់នៅតែស្ថិតនៅលើស្ពាន Brooklyn Bridge ដល់ពាក់កណ្តាលយប់ បន្ទាប់ពីបានដើរពីសង្កាត់ Brooklyn ចូលក្នុងសង្កាត់ Manhattan ដែលបានត្រូវបិទដោយប៉ូលិស។

នៅក្នុងទីក្រុង Atlanta ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ដែលបានស្ថិតនៅទីនោះបន្ទាប់ពីបម្រាមគោលចរណ៍នៅម៉ោង៩យប់របស់ទីក្រុងបានចាប់ផ្តើម។ពួកមន្រ្តី បានត្រូវគេឃើញចាប់មនុស្ស នៅក្នុងទីក្រុង។

មនុស្សរាប់រយនាក់ នៅតែស្ថិតនៅហួសម៉ោងបម្រាមគោលចរណ៍នៅឧទ្យានទីលាន Lafayette ទល់មុខសេតវិមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលទីកន្លែងនោះភាគច្រើនមានភាពស្ងាត់ស្ងៀមជាងមួយថ្ងៃមុននៅពេលដែលពួកមន្រ្តីប៉ូលិសបានរុញច្រានពួកបាតុករដោយសន្តិវិធីឲ្យចេញពីទីនោះដើម្បីបោសសម្អាតផ្លូវសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការបង្ហាញខ្លួននៅខាងមុខវិហារគ្រឹស្តសាសនា St. John។

ពួកបាតុករដែលបានប្រមូលផ្តុំគ្នានៅឧទ្យានោះ កាលពីថ្ងៃអង្គារ បានស្រែកពាក្យស្លោកថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃដែរ»។ «កុំបាញ់» និង​ «ល្មមគ្រប់គ្រាន់ហើយ»។

ពួកគេបានចាប់ផ្តើមដាក់របងធ្វើពីលោហៈធាតុខ្ពស់ៗដើម្បីបង្កើនសន្តិសុខនៅក្នុងតំបន់នោះ។ នៅចម្ងាយបីបួនគីឡូម៉ែត្រពីនោះ កងទ័ពឆ្មាំការពារសន្តិសុខជាតិ បានឈរនៅជណ្តើរវិមានរំឭកអនុស្សាវរីយ Lincoln ជាទីកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយដែលនៅទីនោះនៅឆ្នាំ១៩៦៣ លោក Martin Luther King Jr. មេដឹកនាំសិទ្ធិពលរដ្ឋដ៏ល្បីល្បាញ បានធ្វើសុន្ទរកថាដ៏ល្បីល្បាញមួយដែលមានឈ្មោះថា «ខ្ញុំមានសុបិន្ត» ឬ I Have A Dream៕

XS
SM
MD
LG