កូរ៉េខាងជើងបានបញ្ជាក់ឲ្យដឹងថា សកម្មភាពរញ្ជួយដីដែលបានកើតមានឡើងកាលពីព្រឹកថ្ងៃសុក្រនៅក្បែរតំបន់សាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri នោះ គឺបណ្តាលមកពីការសាកល្បងអាវុធនុយក្លេអ៊ែរ។
អ្នកផ្សាយព័ត៌មានម្នាក់នៃទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KCNA បានអានសេចក្តីថ្លែងការណ៍មួយពីវិទ្យាស្ថានស្រាវជ្រាវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយបញ្ជាក់ពីភាពជោគជ័យនៃការសាកល្បងអាវុធនុយក្លេអ៊ែរមួយដែលបានធ្វើឡើងដើម្បីសាកល្បងសមត្ថភាពក្បាលនុយក្លេអ៊ែរ ដែលឥឡូវនេះមានទំហំតូចដែលត្រូវជាមួយនឹងកាំជ្រួចមីស៊ីលជាច្រើនប្រភេទ។
អ្នកផ្សាយព័ត៌មានម្នាក់នៃទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KCNA បានប្រកាសថា៖ «ការសាកល្បងក្បាលនុយក្លេអ៊ែរនេះគឺផ្នែកមួយនៃវិធានការដ៏ឆាប់រហ័សមួយដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសត្រូវរបស់ខ្លួនដែលប្រឆាំងនឹងជំហរយុទ្ធសាស្ត្ររបស់យើងក្នុងនាមជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរ»។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបានប្រាប់ឲ្យសហគមន៍អន្តរជាតិដឹងពីគម្រោងក្នុងការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុននោះទេ។
ថ្ងៃទី៩ ខែកញ្ញា គឺជាគំរប់ខួប ៦៨ឆ្នាំនៃការរកឃើញប្រទេសកូរ៉េខាងជើង ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុកជាថ្ងៃសម្រាកដ៏សំខាន់មួយ អបអរដោយការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់ខ្លួន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានធ្វើការថ្កោលទោសកូរ៉េខាងជើងដែលបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរដែលជាការបំពានមួយទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានថ្លែងថា ប្រសិនបើមានការបញ្ជាក់ថាកូរ៉េខាងជើងពិតជាបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរមែននោះ វាគឺជាទង្វើមួយដែលត្រូវបានហាមឃាត់ ហើយរដ្ឋាភិបាលជប៉ុននឹងអំពាវនាវឲ្យអង្គការសហប្រជាជាតិចាត់វិធានការទៅលើរឿងនេះ»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក John Kerry បានថ្លែងថា៖ «នៅក្នុងគ្រានេះដែរ ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងដោះស្រាយបញ្ហានេះ ហើយយើងច្បាស់ជាពិភាក្សាអំពីបញ្ហានេះជាមួយនឹងអង្គការសហប្រជាជាតិផងដែរ»។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់លោកអូបាម៉ាជាមួយនឹងសម្ព័ន្ធមិត្តដែលមិនអាចបំបែកបានរបស់ខ្លួននៅក្នុងតំបន់អាស៊ី ហើយសេចក្តីថ្លែងការណ៍នេះក៏បានឲ្យដឹងទៀតថា លោកអូបាម៉ា នឹងពិភាក្សាជាមួយនឹងមេដឹកនាំដទៃទៀតដើម្បីធ្វើឲ្យប្រាកដថា ទង្វើចង់បង្ករឿងរបស់កូរ៉េខាងជើងនឹងត្រូវទទួលបានលទ្ធផលអាក្រក់ជាក់ជាមិនខាន»៕