អនុប្រធានាធិបតីអាមេរិកលោក Mike Pence កំពុងស្ថិតនៅក្នុងប្រទេសហ្ស៊កដានី ដែលនៅទីនោះ លោក និងភរិយារបស់លោកគឺលោកស្រី Karen គ្រោងនឹងពិសាអាហារថ្ងៃត្រង់ជាមួយនឹងព្រះមហាក្សត្រ Abdullah និងព្រះមហាក្សត្រីយានី Rania។
ប្រទេសហ្ស៊កដានីជាប្រទេសទីពីរនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោក Mike Pence ទៅកាន់ភូមិភាគមជ្ឈិមបូព៌ា។ នៅល្ងាចថ្ងៃអាទិត្យនេះ លោក Pence នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
នៅក្នុងទីក្រុងគែ ប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Pence បានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រទេសអេហ្ស៊ីបចំពោះការវាយប្រយុទ្ធរបស់ប្រទេសនេះប្រឆាំងនឹងអំពើភេរវកម្ម។
ប្រទេសអេហ្ស៊ីបកំពុងរកមធ្យោបាយដោះស្រាយជាមួយនឹងបញ្ហាសន្តិសុខធ្ងន់ធ្ងរនានា ដែលក្នុងនោះមានដូចជាការវាយប្រហាររបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងតំបន់ North Sinai ផងដែរ។ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បាននិយាយថា លោក និងលោក Pence បានពិភាក្សាគ្នារកមធ្យោបាយដើម្បីរំដោះប្រទេសអេហ្ស៊ីបចេញពី «ជំងឺមហារីក» នៃអំពើភេរវកម្ម។
ដំណើរទស្សនកិច្ចរបស់លោក Pence ទៅកាន់ប្រទេសអេហ្ស៊ីបគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកទៅកាន់ភូមិភាគមជ្ឈិមបូព៌ា តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំមុនមក។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិភាគមជ្ឈិមបូព៌ានេះ លោក Pence មិនមានគម្រោងជួបជាមួយនឹងមេដឹកនាំប៉ាឡេស្ទីននោះទេ៕