អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Penceកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ប្រទេសចិនពីបទចូលជ្រៀតជ្រែកក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់អាមេរិក។
លោក Pence បានថ្លែងសុន្ទរកថានៅវិទ្យាស្ថានហាត់សុន (Hudson Institute) ថា៖ «ប្រទេសចិនបានផ្តួចផ្តើមនូវកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមកដើម្បីជះឥទ្ធិពលលើការយល់ឃើញជាសាធារណៈរបស់ជនជាតិអាមេរិកាំង ការបោះឆ្នោតនៅឆ្នាំ២០១៨ និងទិដ្ឋភាពទូទៅរហូតដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២០»។
លោក Pence ក៏បានរិះគន់ទៅលើការបំពាក់សម្ភារៈយោធារបស់ចិននៅតំបន់មានជម្លោះភាគខាងត្បូងនិងខាងកើតសមុទ្រចិន ការអនុវត្តគោលនយោបាយបំណុលផ្នែកការទូតនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍនានា និងកិច្ចប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលប្រទេសដ៏ទៃទៀតឲ្យផ្តាច់ចំណងទាក់ទងជាមួយនឹងតៃវ៉ាន់ជាដើម។
សុន្ទរកថានេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងបង្កើនភាពតានតឹងជម្លោះពាណិជ្ជកម្ម បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានយកពន្ធគយលើទំនិញនាំចូលរបស់ចិនហើយរដ្ឋាភិបាលក្រុងប៉េកាំងបានសងសឹកដោយការយកពន្ធគយលើទំនិញរបស់អាមេរិកត្រឡប់ទៅវិញ។
កាលពីសប្តាហ៍មុនលោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រទេសចិនថាកំពុងព្យាយាមចូលរំខានក្នុងនយោបាយសហរដ្ឋអាមេរិក។ យោងតាមលោកអនុប្រធានាធិបតី Pence បានឲ្យដឹងថាទីភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិកបានប្រកាសថាប្រទេសចិនកំពុងដាក់គោលដៅវាយប្រហារតាមបណ្តារដ្ឋនៅសហរដ្ឋអាមេរិក រដ្ឋាភិបាលថ្នាក់តំបន់ និងក្រុមមន្រ្តីនានាដើម្បីធ្វើឲ្យមានការបែកបាក់រវាងគោលនយោបាយថ្នាក់រដ្ឋាភិបាលសហព័ន្ធនិងថ្នាក់តំបន់៕