ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​ពិសេស​អូស្ត្រាលី​ជួយ​ការពារ​សន្តិសុខ​នៅឯ​កិច្ចប្រជុំ​កំពូល APEC​


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​កិច្ចប្រជុំ APEC ក្នុង​ក្រុង Danang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​កិច្ចប្រជុំ APEC ក្នុង​ក្រុង Danang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នាវាចម្បាំង​ រួមទាំង​កងទ័ព​អាកាស​និង​កងកម្លាំង​ពិសេស​របស់​អូស្ត្រាលី​នឹងជួយ​ការពារ​សន្តិសុខ​ដល់​មេដឹកនាំ​ពិភពលោកនានា​នៅ​ឯកិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់អាស៊ីប៉ាស៊ីហ្វីក​ហៅ​កាត់​ថា APEC ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វីក​មួយនេះ​រៀបចំ​កិច្ចប្រជុំកំពូល​បែប​នេះ។

ក្រុម​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​បាន​បញ្ជក់​ថា​ កងកម្លាំង​ពិសេស​អូស្ត្រាលី​ស្ថិត​នៅក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ ខណៈ​មាន​ការព្រួយបារម្ភ​អំពី​កង្វះខាត​សម្ភារៈយោធា​សម្រាប់​ការពារ​សន្តិសុខ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​របស់ APEC នៅ​ពេល​ខាង​មុខ​នេះ។

មេដឹកនាំ​ពិភពលោក​សំខាន់ៗ​មាន​ដូចជា​លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​មាន​រយៈពេល​២ថ្ងៃ​ក្នុង​ខែវិច្ឆិកា។

មាន​ការ​លើកឡើង​ពី​ការភ័យខ្លាច​ថា​នាវា​ចម្បាំង​ដែល​នឹង​ត្រូវ​បញ្ជូន​ជា​បណ្តោះ​អាសន្ន​ទៅ​កាន់​រដ្ឋធានី Port Moresby ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដែល​មាន​ស្ថានភាព​គ្រោះថ្នាក់​នោះ​ អាច​រង​ការ​វាយប្រហារ​ដោយ​ពួកភេរវកម្ម។

នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison​ បាន​អះអាង​ថា​ប្រទេស​របស់​លោក​នឹង​បញ្ជូន​កងយោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​រក្សា​សន្តិសុខ​នៅឯ​កិច្ចប្រជុំ​កំពូល APEC ប៉ុន្តែ​តម្លៃ​ជា​ទឹកប្រាក់​ចុងក្រោយ​នៃ​ការ​បញ្ជូន​កងកម្លាំង​យោធា​នេះ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី Scott Morrison បាន​ថ្លែង​ថា៖ «ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​នឹង​មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន​មក​ចូលរួម​កិច្ចប្រជុំកំពូល​នេះ​ ហេតុដូច្នេះ​ហើយ​ការ​រក្សា​សន្តិសុខ​និង​ការរៀបចំ​ផ្សេងៗ​ទៀត​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​កិច្ចប្រជុំ​នេះ។ យើង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ APEC ដែល​បាន​ចាប់ផ្តើមដំណើរ​ការ​រៀបចំ​អស់​រយៈពេល​ពី ១២ ទៅ ១៨ ខែ​មក​ហើយ»។

ប៉ូលិស​អូស្ត្រាលី​ក៏​បាន​ទទួល​វគ្គបណ្តុះបណ្តាល​ និង​បំពាក់​សម្ភារៈ​យោធា​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​តំបន់​ផងដែរ។

កងទ័ព​ជើងទឹក​អូស្ត្រាលី​បាន​ធ្វើ​សមយុទ្ធយោធា​ជាមួយ​កងកម្លាំង​ប៉ាពូអាស៊ីនូវែលហ្គីណេ​ ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមយុទ្ធយោធា​ឈ្មោះ​ថា Paradise។

លោក John Cowan មេបញ្ជាការ​កងទ័ព​ជើងទឹក​អូស្ត្រាលី​រីករាយ​ក្នុងការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា​តាមរយៈ​ការ​ធ្វើ​សមយុទ្ធយោធា​នេះ​ កងកម្លាំង​ការពារ​ជាតិ​របស់​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ង្ហាញ​ថា​ជា​អង្គភាព​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​ ហើយ​ពិតណាស់​ខ្ញុំ​គិតថា​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នាពេល​ខាងមុខ»។

ប៉ាពូអាស៊ីនូវែលហ្គីណេ​ស្ថិត​នៅ​ខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ភាគខាងកើត​ប្រទេសឥណ្ឌូណេស៊ី។ ប្រទេស​នេះ​គឺ​ជា​ប្រទេស​ជិតខាង​បំផុត​របស់​អូស្ត្រាលី​ដែល​មាន​ចំនួន​ពលរដ្ឋ​ប្រមាណ​៧លាននាក់។ ពលរដ្ឋ​ស្ទើរ​តែ​ទាំងអស់​ក្នុង​ប្រទេស​នេះ​ពឹងផ្នែក​លើ​វិស័យ​កសិកម្ម។

កិច្ចប្រជុំកំពូល​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​ហៅ​កាត់​ថា APEC ត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ១៩៨៩។ ប្រទេសចំនួន២១បាន​ចូល​ជា​សមាជិក​ដើម្បី​ធ្វើ​ការ​រួមគ្នា​ឆ្ពោះ​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដ៏​រីកចម្រើន​មួយ​ រួមទាំង​ការ​លើក​កម្ពស់​តួនាទី​ស្ត្រី​ក្នុង​វិស័យអាជីវកម្ម​ និង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ជាដើម។ អង្គការ​នេះ​ក៏​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខស្បៀងអាហារ ព្រមទាំង​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG