ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា លោក John McCain ត្រូវ​បាន​ចងចាំ​ចំពោះ​ភាព​ក្លាហាន ការ​បម្រើ និង​ការ​ស្នេហា​ជាតិ​​របស់​លោក


រូបភាពឯកសារ៖ សមាជិក​ព្រឺទ្ធសភា​លោក John McCain សំឡឹងនៅ​ក្នុង​សន្និសីទ​កាសែត​មួយ​អំពីនៅ Capitol Hill ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ ២០១៧។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក គឺ​លោក John McCain កំពុង​ត្រូវ​បាន​ចងចាំ​ចំពោះ​ភាព​ក្លាហាន ការ​បម្រើ និង​ការ​ស្នេហា​ជាតិរបស់​លោក។

លោក McCain បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨១ឆ្នាំ ដោយសារ​ជំងឺ​មហារីក​ខួរក្បាល។ ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺ​លោក ដូណាល់ ត្រាំ បាន​សរសេរ​តាម​បណ្ដាញ​ Twitter ​របស់​លោក​ថា «‍​ខ្ញុំ​សូម​សម្ដែង​នូវ​សមានចិត្ត​និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ខ្ញុំ ជូន​ចំពោះ​ក្រុម​គ្រួសារ​របស់​ ​សមាជិក​ព្រឹទ្ធសភា លោក John McCain។ យើងខ្ញុំ ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​អស់​លោក ​លោក​ស្រី​ទាំងអស់​គ្នា​ផង»។

ក្រោយ​មក ក្រុម​ធ្វើ​យុទ្ធនាការ​ឃោសនា​នយោបាយ​របស់​លោក ត្រាំ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ សម្ដែង​សារ​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព លោក John McCain ហើយ ​«‍ក៏​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់យក​ឱកាស​នេះ​ដើម្បី​ចងចាំ​សមាជិក​ព្រឹទ្ធសភា​ លោក John McCain និង​ចូលរួម​ស្មិងស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ‍»។

សេតវិមាន​ បាន​ទម្លាក់​ទង់ជាតិ​ត្រឹម​ពាក់​កណ្ដាល​ដងដើម្បី​គោរព​ដល់​លោក McCain ។

អនុ​ប្រធានាធិបតី​អាមេរិក គឺ​លោក Mike Pence ក៏​បាន​សរសេរ​តាម​បណ្ដាញ​ Twitter​ របស់​លោក​ដែរ​ថា «‍ខ្ញុំ​និងភរិយា​របស់​ខ្ញុំ[ឈ្មោះ Karen Pence] កំពុង​ចូលរួម​ស្មិងស្មាធិ៍គោរព​វិញ្ញាណក្ខន្ធ​សព សមាជិក​ព្រឹទ្ធសភា លោក John McCain​ និង​គោរព​លោកស្រី Cindy ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ចុង​សប្ដាហ៍​នេះ។ សូម​ឱ្យ​ព្រះជាម្ចាស់ ប្រសិទ្ធពរ​ដល់​ពួកគេ​ទាំង​អស់​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​នេះ»។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Barack Obama និង​ភរិយា​របស់​លោក​គឺ​លោកស្រី Michelle Obama ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​បាន​សម្ដែង​សារ​ «‍ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ» ជូន​ដល់​ភរិយា​សព លោក McCain និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។

លោក Obama ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​ប្រធានាធិបតី តទល់​នឹង​លោក McCain ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០០៨ ហើយ​បាន​ឈ្នះ​លោក McCain​នៅ​ពេល​នោះ ក៏​បាន​លើកឡើង​ក្នុង​សារ​របស់​លោក​ដែរ​ថា «‍ពួក​យើង​ មើល​ឃើញ​ប្រទេសនេះ ថា​ជា​ទីកន្លែង ដែល​គេ​អាច​សម្រេច​បំណង​ប្រាថ្នា​អ្វី​ក៏​បាន» ទោះបីជា​មាន​វ័យ​ ជីវ​ប្រវត្តិ​ និង​នយោបាយខុសគ្នា​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី

XS
SM
MD
LG