ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​អាមេរិក លោក Pence រិះគន់​ក្រុមហ៊ុន​អាមេរិក​ដែល​រកស៊ី​ជាមួយ​ចិន


អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ថ្លែង​ពី​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក និង​ចិន នៅ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ថ្លែង​ពី​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក និង​ចិន នៅ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​រិះគន់​ក្រុមហ៊ុន​អាមេរិកាំង​ដែល​បាន​លក់​គុណ​តម្លៃ​អាមេរិក​ដើម្បី​ការពារ​ការ​ទទួល​បាន​ទីផ្សារ​ដើម្បី​ប្រាក់​ចំណេញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ស្តី​ពី​ពាណិជ្ជកម្ម លោក Pence បាន​និយាយ​ថា ក្រុមហ៊ុន Nike និង​សម្ព័ន្ធ​បាល់​បោះ​អាមេរិកាំង NBA មិន​អើពើ​នឹង​ការ​រំលោភបំពាន​របស់​គណបក្ស​កុំម្មុយនិស្ត​ចិន​នោះ​ទេ។

ក្រុមហ៊ុន Nike ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះខាង​សម្ភារៈ​កីឡា។ ក្រុមហ៊ុន​នេះ​មិន​មាន​រោងចក្រ​ផលិត​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ផលិត​សម្លៀកបំពាក់​និង​ស្បែកជើង​ចំនួន​១/៤​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។​ ការ​លក់​របស់​ក្រុមហ៊ុន Nike បាន​កើន​ឡើង​៧% នៅ​ក្នុង​ត្រីមាស​ទី៣​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ការ​លក់​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ទោះ​បី​ជា​ប្រទេស​នេះ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ក្តី។

លោក​អនុប្រធានាធិបតី Mike Pence បាន​និយាយ​ថា «ក្នុង​រយៈពេល​១៧ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ចិន​បាន​កើន​ឡើង​ជាង​៩ដង។ ប្រទេស​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី២​នៅ​ក្នុង​ពិភពលោក។ កត្តា​ភាគច្រើន​នៃ​ភាព​ជោគជ័យ​នេះ​គឺ​ដោយសារ​តែ​ការ​វិនិយោគ​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ចិន»។

ប៉ុន្តែ​លោក Pence បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​របស់​ចិន​មិន​បាន​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​បែប​ផ្តាច់ការ​ ទៅ​ជា​សង្គម​សេរី និង​បើក​ចំហ​ ដែល​គោរព​ដល់​សិទ្ធិ​កម្មសិទ្ធិ​ឯកជន នីតិរដ្ឋ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន​បាន​ចុះ​ចូល​ជាមួយ​នឹង​រដ្ឋាភិបាល​ផ្តាច់​ការ​មួយ​នេះ។

លោក​បាន​និយាយ​ថា៖ «ហាង​ Nike នៅ​ក្នុង​ប្រទេស​ចិន​បាន​ឈប់​លក់​ផលិតផល​ម៉ាក Houston Rockets របស់​ខ្លួន ដើម្បី​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បង្ហោះ​សារ​របស់​អ្នក​គ្រប់គ្រង​ក្រុម​បាល់បោះ​ Rockets ដែល​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា «ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព។ យើង​គាំទ្រ​ហុងកុង»។

ការ​បង្ហោះ​សារ​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ភ្លាមៗ ប៉ុន្តែ​ទូរទស្សន៍​ចិន​បាន​លុបចោល​ការ​ផ្សាយ​កីឡា​បាល់បោះ​របស់ NBA ដែល​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សម្ព័ន្ធ​បោះបាល់​មួយ​នេះ។

លោក​អនុប្រធានាធិបតី Pence ​និយាយ​ថា៖ «កីឡាករ​និង​ម្ចាស់​ក្រុម​បាល់បោះ​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​សម្ព័ន្ធ NBA ដែល​មាន​ទម្លាប់​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​រិះគន់​ប្រទេស​នេះ មិន​បាន​រិះគន់​លើ​សេរីភាព និង​សិទ្ធិ​របស់​ពលរដ្ឋ​ចិន​នោះ​ទេ។ ក្នុង​ការ​គាំទ្រ​គណបក្ស​កុំម្មុយនិស្ត​ចិន​និង​បំបិទ​សេរីភាព​បញ្ចេញ​មតិ សម្ព័ន្ធ NBA កំពុង​ធ្វើ​សកម្មភាព​ដែល​មើល​ទៅ​ហាក់​ដូច​ជា​បុត្រសម្ព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​របប​ផ្តាច់​ការ​ចិន​ទាំង​ស្រុង»។​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​រិះគន់​ក្រុម​កីឡាករ​ដែល​លោក​យល់​ថា មិន​គោរព​ដល់​ប្រទេស​ជាតិ ឬ​ការ​ដឹកនាំ​របស់​លោក៕

XS
SM
MD
LG