អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ បានប្រកាសអំពីការស៊ើបអង្កេតជាផ្លូវការដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា លោក Trump បានស្វះស្វែងរកការជួយជ្រោមជ្រែងពីរដ្ឋាភិបាលបរទេសពាក់ព័ន្ធនឹងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ ខាងមុខ។
អ្នកស្រី Pelosi បាននិយាយថា៖ «សកម្មភាពនានាដែលលោកប្រធានាធិបតី Trump បានធ្វើមកទល់ពេលនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ គ្មាននរណាម្នាក់នៅពីលើច្បាប់បានទេ»។
អ្នកស្រី Pelosi បានប្រកាសដូច្នេះ បន្ទាប់ពីបានជួបប្រជុំគ្នាជាមួយនឹងថ្នាក់ដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភា ស្របពេលដែលសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យកាន់តែច្រើនបានគាំទ្រនីតិវិធីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះកាលពីថ្ងៃអង្គារម្សិលមិញ។
លោក Tom Malinowski សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ បានប្រាប់អ្នកកាសែតថា៖ «មានទង្វើអាក្រក់ៗជាច្រើន។ ប៉ុន្តែគ្មានទង្វើអាក្រក់ណាមួយដែលអាចប្រៀបធៀបជាមួយនឹងទង្វើបែបនេះបានទេ ដែលទង្វើនោះគឺថា លោកប្រធានាធិបតី Trump បាននិយាយថា «ខ្ញុំបានឃុបឃិត។ តើអ្នកអាចធ្វើអ្វីចំពោះខ្ញុំបាន?»។
អ្នកស្រី Pelosi បានចោទប្រកាន់លោក Trump ថាបានក្បត់ពាក្យសម្បថរបស់ខ្លួននៅពេលស្បថចូលកាន់តំណែងជាប្រធានាធិបតី ក្បត់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងក្បត់សន្តិសុខនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
ក្នុងរយៈពេលជាច្រើនខែកន្លងមក អ្នកស្រី Pelosi បានតតាំងមិនឲ្យបើកការស៊ើបអង្កេតជាផ្លូវការដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ទាក់ទិននឹងការចោទប្រកាន់កាលពីលើកមុនដែលថា លោក Trump បានរារាំងដល់ដំណើរការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦៕