ក្រុមមេដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានឆ្លើយតបទៅតាមនិន្នាការរបស់គណបក្សរៀងៗខ្លួន ចំពោះការប្រកាសរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអំពីការស្នើឲ្យប្តឹងប្រធានាធិបតីទម្លាក់ពីតំណែង។
មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាលោក Mitch McConnell បានចោទគណបក្សប្រជាធិបតេយ្យថាបានរៀបចំការសន្និដ្ឋានជាមុនអំពីកំហុសរបស់លោក Trump និងបានចាត់ទុកការប្រកាសរបស់លោកស្រី Nancy Pelosi កាលពីថ្ងៃអង្គារ ថាជាផ្នែកមួយនៃការគៀងគរដើម្បីស្វែងរកហេតុផលប្តឹងចោទប្រកាន់លោកប្រធានាធិបតី»។
លោក McConnell បានចេញសេចក្តីថ្លែងការមួយដោយលោកបានប្រកាសថា «នេះបញ្ជាក់យ៉ាងច្បាស់ថា ការងារអទិភាពរបស់គណបក្សប្រជាធិបតេយ្យមិនកំពុងធ្វើឲ្យជីវិតពលរដ្ឋអាមេរិកាំងប្រសើរឡើងនោះទេ។ រយៈពេលបីឆ្នាំមកនេះពួកគេគិតតែពីរឿងប្តឹងចោទប្រកាន់ទម្លាក់ប្រធានាធិបតីតែប៉ុណ្ណោះ»។
សេចក្តីថ្លែងការរបស់លោក McConnell ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់ព្រឹទ្ធសភា ដែលទើបតែប្រគល់ពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានទៅឲ្យគណៈកម្មាធិការស៊ើបអង្កេតនៃរដ្ឋសភានិងព្រឹទ្ធសភា។ មេដឹកនាំសំឡេងភាគតិចនៅរដ្ឋសភាខាងគណបក្សសាធារណរដ្ឋលោក Kevin McCarthyបានថ្លែងថា គណបក្សប្រជាធិបតេយ្យនៅឈឺចាប់ដោយសារការចាញ់ឆ្នោតកាលពីឆ្នាំ២០១៦ ហើយតែងតែចង់ប្តឹងចោទប្រកាន់ទម្លាក់លោក Trump នៅថ្ងៃណាមួយ។
ក៏ប៉ុន្តែលោក Elijah Cummings ប្រធានគណកម្មាធិការត្រួតពិនិត្យសភាខាងគណបក្សប្រជាធិបតេយ្យវិញ បានរំឮកគណបក្សសាធារណរដ្ឋថា ប្រវត្តិសាស្រ្តនឹងបង្ហាញថា ពួកគេព្រងើយកន្តើយទៅនឹងភារកិច្ចរបស់ពួកគេចំពោះរដ្ឋធម្មនុញ្ញ ប្រសិនបើពួកគេបិទភ្នែក ហើយយកគណបក្សធំជាងប្រទេសនោះ។
លោកបានចាត់ទុកការជ្រៀតជ្រែករបស់រដ្ឋាភិបាលបរទេសទៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកដើម្បីជួយឲ្យលោក Trump ឈ្នះនោះ គឺជាការមើលងាយលើរដ្ឋធម្មនុញ្ញ និងបានបំពានយ៉ាងធ្ងន់ធ្ងរលើសម្បថចូលកាន់តំណែងរបស់លោក៕