ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខែ​​​រ៉ាម៉ាដន​​​​បើក​ផ្លូវ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​​​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​​​ថៃ


រូបឯកសារ៖ ជន​មូស្លីម​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ដែល​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ខែ​ពិសិដ្ឋ Ramadan នៅ​មជ្ឈមណ្ឌល​អ៊ីស្លាម​ថៃ​ក្នុង​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០។

អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​អ្នកធ្វើ​ការ​ចរចា​របស់​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ប្រាប់​វីអូអេថា ប្រទេសថៃចាត់​ទុក​ការ​ឈប់​បាញ់គ្នាដែល​ទើប​បញ្ចប់​ជា​មួយ​ពួក​បះបោរ​នៅ​តំបន់​ខាង​ត្បូង​បំផុត​របស់​ប្រទេស​ថា​ជា«ជោគជ័យ»​ហើយ​សង្ឃឹម​ថា​នឹងកំណត់​បទបញ្ញត្តិនៃ​កិច្ច​ឈប់​បាញ់គ្នា​រយៈពេល​យូរមួយនៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

ក្រុម​ឧទ្ទាមអំបូរ​ម៉ាឡេ​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មានប្រជារាស្ត្រ​ភាគ​ច្រើនជា​អ្នក​គោរពព្រះ​ពុទ្ធសាសនា ប្រយុទ្ធដើម្បី​ឯករាជ្យ​ខេត្តបីនៅ​ប៉ែក​ខាង​ត្បូងបំផុតនៃ​ប្រទេស​នេះ​គឺ​ខេត្ត Narathiwat, Patani និង​ខេត្ត​ Yala ដែល​មានរួមបញ្ចូល​ដែនដីរបស់ Sultan តំបន់ Patani រហូតដល់​អង់គ្លេស​ប្រគល់​ឱ្យ​ព្រះចៅ​ប្រទេស​សៀមកាលពី​ឆ្នាំ​១៩០៩។ មនុស្ស​ជាង​៧.៣០០​នាក់​ត្រូវ​បាន​សម្លាប់ក្នុងការ​ប្រយុទ្ធ​គ្នាតាំង​ពី​អំពើ​ហិង្សាបាន​កើន​ខ្លាំងកាល​ពី​ឆ្នាំ​២០១៤​ហើយរដ្ឋាភិបាល​បានដាក់​កំហិត​ច្បាប់​អាជ្ញាសឹកលើ​តំបន់នោះ។

នៅ​ក្រោយ​កិច្ច​ចរចាសន្តិភាព​គ្មានបាន​ផល​ច្រើន​ឆ្នាំ​មក ​ក្រុមអ្នក​ធ្វើ​ការ​ចរចា​របស់​រដ្ឋាភិបាល​ឬ​គណៈកម្មាធិការ​សន្ទនា​សន្តិភាព Peace Dialogue Panel និងក្រុម​ឧទ្ទាមធំ​បំផុត​និង​សកម្ម​បំផុតក្នុង​បណ្តា​ក្រុម​ឧទ្ទាម​ទាំង​នេះគឺ​ក្រុម Barisan Revolusi Nasional (BRN) ​បានប្រកាសការ​ឈប់​បាញ់​គ្នាមួយនៅ​ថ្ងៃ​ទី​១​ ខែ​មេសា​រហូត​ដល់ថ្ងៃ​ទី​១៤​ ខែ​ឧសភា។ រយៈពេល​៦​សប្តាហ៍​នេះចំ​ពេល​គ្នា​នឹងខែ​ពិសិដ្ឋ​រ៉ាម៉ាដន (Ramadan) ដែលមាន​អំពើហិង្សា​ច្រើនកាល​ពី​ឆ្នាំ​មុនៗ។​

លោក Chayut Chitnana ឧបការីប្រធានគណៈកម្មាធិការ​នេះ​គឺ​លោក Wanlop Rugsanaoh បាននិយាយប្រាប់​វីអូអេ​ថា៖ «បាទ នេះជា​ជោគជ័យ។ ​រដ្ឋាភិបាល​រីករាយនឹងស្ថានការណ៍​នេះ»។​

លោកបាន​ថ្លែង​ថា៖ «កាលពី​ពេល​មុនៗ ក្នុង​ខែ​ពិសិដ្ឋ Ramadan ស្ថិតិ​អំពើ​ហិង្សា​មានខ្ពស់ តែ​នៅ​ឆ្នាំនេះអំពើ​ហិង្សា​បាន​ចុះថយ។ ក្រៅ​ពីស្ថានការណ៍​ហិង្សា អំពី​បរិយាកាស​ក្នុងតំបន់​នោះ ប្រជារាស្ត្រ​បាន​និយាយប្រាប់​រដ្ឋាភិបាល​ថា​ពួក​គេ​អាច​ប្រតិបត្តិសាសនាដោយ​គ្មាន​ភ័យ​ខ្លាចអំពើ​ហិង្សា​ទេ»។​

លោកបានពោល​ថា រដ្ឋាភិបាល​បាន​រាប់​ឃើញតែ​ការ​វាយ​ប្រហារ​មួយ​គត់​ដោយពួក​បះបោរក្នុង​ពេលមាន​កិច្ច​ឈប់​បាញ់​គ្នា​នេះ គឺការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​នៅ​ថ្ងៃ​ទី​១៦​មេសា នាំ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់និង​របួស​ប៉ូលិស​បី​នាក់ ដែលលោក​បានបន្ទោស​លើអង្គការ​រំដោះបង្រួបបង្រួម Patani ហៅ PULO ដែលជា​ក្រុម​ឧទ្ទាម​មួយ​ផ្សេង​ទៀត។ គេ​រាយការណ៍​ថា អង្គការ​ PULO បានអះអាង​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ ដែល​ត្រូវ​បាន​ធ្វើពីព្រោះ​ពួក​គេ​មិន​បាន​ត្រូវរួម​បញ្ចូល​ក្នុង​ការ​ចរចា​គ្នា​នោះ។

ការ​ទុក​ចិត្ត​គ្នានិង​ឯកភាព

លោក Chayut បាននិយាយថា ការ​វាយប្រហារ​តែ​មួយលើកប្រៀប​ធៀប​ជាមួយ​ការ​វាយ​ប្រហារ​ប្រមាណ​១៤​នៅ​ខែ​បុណ្យ Ramadan កាលពី​ឆ្នាំ​ទៅ នៅក្រោយ​ការ​ស្ងប់​ក្នុង​ឆ្នាំ​២០២០​ដោយសារមាន​បទ​បញ្ញត្តិបិទ​ខ្ទប់​ទាក់ទិន​នឹងការ​រាតត្បាតជំងឺ​កូវីដ​១៩។ អង្គការ Deep South Watch ដែល​ជាក្រុម​ក្រៅ​រដ្ឋាភិបាល​មួយ​តាម​ឃ្លាំ​មើល​អំពើ​ហិង្សាដោយ​ឯករាជ្យ​ បាន​រាប់​ឃើញមាន​ឧប្បត្តិហេតុ​២​ដង​ច្រើន​ជាង​នេះ​នៅ​ខែ​ Ramadan ក្នុង​ឆ្នាំ​២០២១​និង​ឆ្នាំ​២០១៩ ជិត​១០០​ដងនៅ​ឆ្នាំ​២០១៨​និង​២០១៩ ហើយ​មានប្រមាណ​២៥០​លើកនៅ​ពេល​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៣។

លោក Chayut ​បានថ្លែងថាជា​ការ​ឆ្លើយ​តប​ដល់​ការ​ទប់​ចិត្តរបស់​ក្រុម​ BRN នៅ​ឆ្នាំ​នេះ កងកម្លាំង​សន្តិសុខ​ថៃ​បាន​ទប់​ចិត្តមិន​ឆ្មក់​វាយ​ប្រហារ​លើជំរំ​និង​កន្លែង​លាក់​ខ្លួនរបស់​ពួក​ឧទ្ទាម​ឬ​មិន​បាន​ធ្វើ​តាម​ដីកា​ចាប់​ខ្លួនពួក​ជន​ជាប់​សង្ស័យ​ទេ។ លោក​បាន​ថ្លែង​ថា​មាន​ពួក​បះបោរកម្រិត​ទាប​ប្រមាណ​១០០​នាក់​បាន​ទទួល​យកសំណើរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួក​គេ​ទៅ​សួរ​សុខ​ទុក្ខ​មិត្តភក្តិនិង​ញាតិ​សន្តាននៅ​វិហារ​ក្នុង​មូលដ្ឋានដោយ​គ្មាន​ការ​ប្រថុយ​ប្រថាន​ត្រូវ​ចាប់​ខ្លួន។

អ្នក​នាំ​ពាក្យ​រូប​នេះបាន​ពោល​ថា៖ «រដ្ឋាភិបាល​ថៃ​សង្ឃឹម​ថាគម្រោង​ការ​នេះអាច​កសាង​ទំនុកចិត្តរវាងគណៈកម្មាធិការសន្ទនា​សន្តិភាព​និង​ក្រុម ​BRN។​ យើង​ចង់​បង្ហាញដល់​ក្រុម​បះបោរ​ថាយើង​មាន​បំណង​ស្មោះត្រង់​និយាយ​ជា​មួយ​ពួក​គេហើយ​នេះ​ជាវិធានការ​មួយក្នុង​បណ្តា​វិធានការកសាង​ការ​ទុក​ចិត្ត​គ្នាសម្រាប់​បង្ហាញ​ថា​យើង​នឹងប្តេជ្ញា​ជា​មួយភាគី​ម្ខាង​ទៀត​ដើម្បី​ឱ្យ​បាន​សម្រេច​ដំណាក់កាល​បន្ទាប់»។​

លោក Chayut បាន​និយាយថាគណៈកម្មាធិការ​នេះបាន​ស្នើ​ឱ្យ​មាន​ការប្រជុំគ្នាទៀតនៅ​ដើម​ខែ​មិថុនា ដើម្បីកំណត់​ការ​ឈប់​បាញ់​គ្នារយៈពេល​យូរមិន​ឱ្យ​ហួសពី​ខែ​ធ្នូ ដោយ​មានប្រព័ន្ធ​ឃ្លាំ​មើល​រួម​គ្នា​មួយ​សម្រាប់​វាយ​តម្លៃការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ។ លោក​បានបន្ថែម​ថាគណៈកម្មាធិការនេះ​ក៏សង្ឃឹម​ដែរ​ថា​នឹង​យកក្រុម​ឧទ្ទាមឯ​ទៀតៗ​ឱ្យ​ចូល​រួមក្នុង​កិច្ច​ព្រមព្រៀងណា​មួយ​ក្នុង​ពេល​អនាគត ហើយ​បាន​ទាក់ទង​ជា​មួយ​អង្គការ PULO និងក្រុម​ឯ​ទៀតៗ​ដែរ។

ក្រុម​ BRN មិន​អាចទាក់ទង​បានដើម្បី​សុំ​អត្ថាធិប្បាយ​ទេ។

រូបឯកសារ៖ ជន​មូស្លីម​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ដែល​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ខែ​ពិសិដ្ឋ Ramadan នៅ​វិហារ​អ៊ីស្លាម​មួយ​កន្លែង​នៅ​ខេត្ត Pattani ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០២០។
រូបឯកសារ៖ ជន​មូស្លីម​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ដែល​កត់​សម្គាល់​ចុង​បញ្ចប់​នៃ​ខែ​ពិសិដ្ឋ Ramadan នៅ​វិហារ​អ៊ីស្លាម​មួយ​កន្លែង​នៅ​ខេត្ត Pattani ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០២០។

អ្នក​ស្រី​ Rungrawee Chalermsripinyorat សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សាអំពី​សន្តិភាព​នា​សាកលវិទ្យាល័យ Prince of Songkla នៃ​ប្រទេស​ថៃ​ក៏បាន​ចាត់​ទុក​ការ​ឈប់​បាញ់គ្នា​នេះ​ថា​ជាជោគជ័យដែរ។

អ្នក​ស្រី​បាន​និយាយថាកិច្ច​ឈប់​បាញ់​គ្នានេះបង្ហាញដល់កងទ័ព​ថៃដែល​មាន​ការ​សង្ស័យ​ថា​ពួក​មេដឹកនាំ​ក្រុម ​BRN ដែល​ចូល​រួមក្នុងកិច្ច​ចរចា​សន្តិភាពនោះ​មាន​ការ​គ្រប់គ្រង​លើ​ពួក​យុទ្ធជននៃ​ក្រុម​នេះ​នៅនឹង​កន្លែង។​ អ្នក​ស្រី​បាន​បន្ថែម​ថាសម្រាប់​ពួក BRN ការ​ឈប់​បាញ់​គ្នានេះជា​សញ្ញា​មួយ​ដល់កង​យោធាថៃ​និយម​ការ​ប្រយុទ្ធ​ឱ្យផ្តល់​ឱកាស​មួយ​ដល់​គណៈកម្មាធិការ​នេះ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះតាម​ផ្លូវ​នយោបាយ។

អ្នក​ស្រីបាន​ថ្លែង​ថា៖ «អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​នៅ​ពេល​នេះគឺ​ថា​មាន​ឯកភាព​ល្អ​ជាង​មុន​ខាង​ភាគី​រដ្ឋាភិបាល​ថៃ។ ដូច្នេះ យើង​ឃើញមាន​ឯកភាពជាង​មុន​នៅភាគីទាំង​សង្ខាង គឺ​ទាំង​ក្រុម ​BTN...និង​ទីភ្នាក់ងារនានារបស់រដ្ឋាភិបាល​ថៃ»។​

ការ​សង្ស័យនិង​រឿងចម្រូងចម្រាស

អ្នក​ស្រី Rungrawee បានព្រមានថា​ការ​ខ្វែង​គំនិត​គ្នារវាងពួក​និយម​ការប្រយុទ្ធនិងពួក​ចូលចិត្តសន្តិភាពក្នុងរដ្ឋាភិបាល​មិន​ទាន់ត្រូវ​ដោះស្រាយ​នៅ​ឡើយ​ទេ​ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ចរចា​គ្នា។​

អ្នក​ស្រី​បាន​និយាយ​ថា​កងទ័ព​ព្រួយ​បារម្ភនៅ​ពេលយុវជនរាប់ពាន់​នាក់​បានជួបជុំ​គ្នា កាល​ពី​ថ្ងៃ​ទី​៤​ឧសភាក្នុង​ខេត្ត Pattani ដើម្បី​បង្ហាញ​មោទនភាព​ក្នុង​អត្តសញ្ញាណ​ម៉ាឡេ​អ៊ីស្លាមរបស់​ពួក​គេ។ ទោះ​ជា​ព្រឹត្តការណ៍​នេះ​មិន​មែន​ជាហេតុការណ៍នយោបាយ​ដោយ​ចំហ​ក៏​ដោយ ក៏មាន​ការ​កាន់​ទង់​របស់​ក្រុម BRN និង​មានការ​ស្រែក បន្ទរពាក្យ​ស្លោក​របស់ ​BRN ​ដែរ។​

អ្នក​ស្រី Rungrawee បាន​ថ្លែង​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ជឿ​លើ​របៀប​ដោះស្រាយ​របស់​គណៈកម្មាធិការ​នេះ នោះនឹង​អាចមានលទ្ធភាពថានឹង​មាន​ការ​ពិភាក្សាគ្នា​អំពីការឈប់បាញ់​គ្នា​រយៈពេល​យូរ។ តែ​បើ​ពួកគេ​ត្រឡប់ទៅ​កាន់​របៀប​ដោះស្រាយ​ចាស់​ដោយ​ប្រើ​ការបង្ក្រាប នោះ​នឹង​មាន​ការ​ប្រែប្រួលក្នុងរបៀប​ផ្សេង​វិញ»។

លោកArtef Sohko ប្រធាន​អង្គការ The Patani ដែល​ជា​ក្រុម​មួយគាំទ្រ​ការសម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​សម្រាប់​ខេត្ត​នាភាគ​ខាង​ត្បូងនៃ​ប្រទេស​ថៃ​ មាន​ការ​សង្ស័យ​ដែរ​អំពី​ភាព​រលូន​នៃ​កិច្ច​ឈប់​បាញ់គ្នាជាអចិន្ត្រៃយ៍។

លោកបាននិយាយ​ថា​ការ​ឈប់បាញ់​គ្នា​នៅ​ខែពិសិដ្ឋ Ramadan «មានដំណើរ​ការ​ល្អ» តែ​លោក​បាន​កត់​សម្គាល់ថាក្រុម​ BRN បានបន្ថយការ​វាយ​ប្រហារ​របស់​ខ្លួន​ពីរ​បី​ឆ្នាំ​មក​ហើយ។ លោក​បាន​បន្ថែមថាទោះ​ជាកង​ឯកភាព​ខ្លះ​ក្នុង​ប៉ែក​ខាង​ត្បូងប្រទេស​បាន​ដក​ថយ​ពី​ផ្លូវ​និង​ក្រុង​សំខាន់ៗក្នុង​ពេល​មាន​កិច្ច​ឈប់បាញ់​គ្នា​នោះ​ក៏​ដោយ ក៏ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ជា​ថ្មីទៅ​កាន់តំបន់​ជនបទហើយ​នៅ​តែធ្វើ​ប្រតិបត្តិការ​ស៊ើប​ការ​សម្ងាត់​ត​ទៅ​ទៀត។

លោក Artef បាន​ថ្លែង​ថាកងទ័ព​បាន​និយាយ​ជា​មួយ​ពួក​មេដឹកនាំ​សហគមន៍អំពី​មនុស្សដែល​បាន​ចូល​រួម​ក្នុង​ការ​ជួបជុំ​កាលពី​ថ្ងៃ​ទី​៤​ឧសភា ដោយ​សុំ​ឱ្យ​ពួក​គេ​មក​ជួប​ដើម្បីធ្វើ​ការសាក​សួរ។ លោក​បាន​ពោល​ថាប្រភព​លោក​ក្នុង​ក្រុម BRN ក៏បាន​និយាយ​ប្រាប់​លោក​ដែរ​ថា​គ្មានសមាជិកពិត​ប្រាកដ​នៃ​ក្រុមឧទ្ទាម​នេះបាន​ធ្វើ​តាម​សំណើរបស់​រដ្ឋាភិបាលឱ្យ​ពួក​គេ​ទៅ​ជួប​ជា​មួយ​សាច់ញាតិ​ពួក​គេ​នៅ​ពេលថ្ងៃ​បុណ្យនៅ​ឯ​វិហារ​ក្នុង​មូលដ្ឋានទេ ពីព្រោះ​ពួក​គេខ្លាច​ពួក​ញាតិ​សន្តាន​ទាំង​នេះ​ត្រូវធ្វើ​ទុក្ខបុកម្នេញនៅ​ពេល​ក្រោយ។

លោកបាន​ពោល​ថា៖ «ពួក​គេ​មិន​ទុក​ចិត្តភាគី​រដ្ឋាភិបាល​ថា​ធ្វើ​តាម​ការ​ប្តេជ្ញារបស់​ខ្លួន​ទេ។ កាលពី​អតីត​កាល ពួក​មន្ត្រីសន្តិសុខ​បាន​មក​ផ្ទះ​ពួក​គេហើយ​សួរ​ពួក​គេ​ថា កូន​ប្រុស​អ្នក​នៅ​ឯ​ណា។ ហើយ​ចម្លើយ​ធម្មតា​គឺ​ថាយើង​មិន​ដឹង​ទេ។ ដូច្នេះ សម្រាប់​ពួក​គេ ការ​បង្ហាញខ្លួនជា​មួយ​កូន​ប្រុស​ពួក​គេ​នៅ​ឯ​វិហារ​ដូច​ជា​ការ​សារភាព​ថាពួក​គេ​និយាយកុហក»។

លោក Artef ​បាន​និយាយ​ថាការ​ប្រេះ​ឆា​ក៏​មាន​នៅ​ក្នុង​ក្រុម​ BRN ដែរ អំពី​ថា​តើពួក​អ្នក​ធ្វើ​ការ​ចរចា​របស់ក្រុមនេះបោះ​បង់​ចោល​ការ​ប៉ង​ប្រាថ្នា​ឱ្យ​បាន​ឯករាជ្យ​ជា​ថ្នូរ​នឹង​ស្វ័យភាព ហើយការណ៍​នេះអាច​នាំឱ្យ​មានការ​បែកបាក់​ក្នុង​ក្រុម​ប្រដាប់​អាវុធ​ដែល​នាំ​ឱ្យ​មាន​កំណើន​អំពើ​ហិង្សា​ជា​ថ្មី​ទៀត។

លោក​បានថ្លែង​ថាការ​ចរចាដើម្បី​ឱ្យ​មានការឈប់បាញ់​គ្នាដោយ​ស្ថិរភាព​និងមាន​រយៈពេល​យូរនៅ​ក្នុងកាលៈទេសៈនេះអាច​ពិបាក។

លោក​បានពោល​ថា៖ «ខ្ញុំ​យល់​ថាពួក​ថៃ​នឹង​មិន​សម្រេច​ការណ៍​នេះ​នៅ​ដំណាច់​ឆ្នាំ​នេះ​ទេ»៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG