ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​ជា​សកម្មជន​សិទ្ធិមនុស្ស​រង​ការ​បង្ខំ​ឲ្យបញ្ឈប់​សកម្មភាព​របស់​ខ្លួន


ភិក្ខុ ​លួន សាវ៉ាតជា​សកម្មជន​ការពារ​សិទ្ធិ ដោយ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​ដី​ធ្លី​និង​សិទ្ធិ​រស់រាន​របស់​ពួក​គេ។ ​
ភិក្ខុ ​លួន សាវ៉ាតជា​សកម្មជន​ការពារ​សិទ្ធិ ដោយ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​ដី​ធ្លី​និង​សិទ្ធិ​រស់រាន​របស់​ពួក​គេ។ ​

ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ មនុស្ស​មួយ​អង្គ មាន​សង្ឃ​ដិកា​ថា ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​យល់​ព្រម​លើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​តទៅ​ទៀត​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​ដី​ធ្លី​និង​សិទ្ធិ​រស់រាន​របស់​ពួក​គេ។ ​

ភិក្ខុ ​លួន សាវ៉ាត​មាន​សង្ឃ​ដិកា​ថា ​ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​របស់​ព្រះអង្គ​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​តវ៉ា​រឿង​ដី​ធ្លី​របស់​ពួកគេ​តទៅ​ទៀត។​

«កិច្ច​សន្យា​ហ្នឹង​ជា​រឿង​ធ្ងន់​ធ្ងរ​ ព្រោះ​វា​មិន​មែន​ប៉ះ​ពាល់​ត្រឹម​អាត្មា​ទេ វា​ប៉ះពាល់​ទាំង​អស់​គ្នា​ហ្នឹង»។​

ភិក្ខុលួន សាវ៉ាត ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប៉ូលិស​និង​មន្រ្តី​សង្ឃ​ចាប់​ព្រះកាយ​ទាំង​បង្ខំ ​បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នកភូមិ​បឹង​កក់​និង​ថតរូប​ការ​តវ៉ា​របស់​ពួកគេ​ប្រឆាំង​នឹង​ការចាប់​ខ្លួន​អ្នក​ភូមិ​នេះ​ចំនួន​១៣នាក់​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ម៉ិញ។​

អាជ្ញាធរ​បាន​បិទ​គ្រប់​ច្រក​ចេញ​ចូល​នៅ​ក្នុង​វត្ត​បុទុម​វតី​នេះ ​ចាប់​តាំង​ពី​ពេល​នាំ​ខ្លួន​ភិក្ខុ​លួន សាវ៉ាត​មក​ដល់​ទី​នេះ។​ ភិក្ខុ​លួន សាវ៉ាត​មាន​សង្ឃ​ដិកា​ថា ពុំ​មាន​ការ​បង្ខំ​ផ្សឹក​ព្រះ​អង្គ​ទេ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្តែ​ព្រះ​អង្គ​បាន​ហៅ​ការ​ចាប់​ខ្លួន​របស់​ព្រះ​អង្គ​ថា​ ទង្វើ​មួយ​ដែល​ហួស​ពី​ពណ៌នា​បាន។​

«ទង្វើ​ហ្នឹង​វា​គួរ​ឲ្យ​អស់​សំណើច​ផង ​គួរ​ឲ្យ​លើស​ពីការ​និយាយ»។​

ជា​សកម្មជន​មក​ពី​ខេត្ត​សៀមរាប​ដែល​ទទួល​បាន​ពាន​រង្វាន់​ការពារ​សិទ្ធិ​មនុស្ស​ផង​នោះ​ ភិក្ខុ​លួន សាវ៉ាត​តែង​តែ​ចូល​រួម​ក្នុង​សកម្មភាព​ថត​និង​ចង​ក្រង​ឯកសារ​ជា​វីដេអូ​ស្តី​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​និង​សហគមន៍​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លីនិង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។​

កាល​ពី​ឆ្នាំ​មុន ​ភិក្ខុលួន សាវ៉ាត​ត្រូវ​បាន​សម្តេច​សង្ឃ​នៅ​កម្ពុជា​ហាម​ប្រាម​មិន​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​នានា​ក្នុង​ប្រទេស​ឡើយ​ ដោយ​សារ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ព្រះអង្គ​ក្នុង​សកម្ម​ភាព​តវ៉ា​រឿង​ដី​ធ្លី។ ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​កម្ពុជា​បាន​លើក​ឡើង​ថា​ ទង្វើ​របស់​ព្រះអង្គ​គឺ​ប្រាសចាក​ពី​គោលការណ៍​របស់​ព្រះពុទ្ធ​សាសនា។ ​

ប៉ុន្តែ​ភិក្ខុលួន សាវ៉ាត​អះអាង​ថា សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​ប្រឆាំង​ការ​រំលោភ​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​គឺ​ត្រឹម​ត្រូវ​តាម​ការទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ​ហើយ​ព្រះអង្គ​នៅ​តែ​ប្តេជ្ញា​បន្ត​សកម្ម​ភាព​នេះ​តទៅទៀត៕​

XS
SM
MD
LG