ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​មេរោគ COVID-19 កើន​ជិត ១ ពាន់ ៨ រយ​នាក់


សន្តិសុខ​ម្នាក់​ពាក់​ម៉ាស់​នៅ​ពេល​លោក​ឈរ​យាម​នៅ​ពេល​មាន​ព្រិល​ធ្លាក់​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២០។
សន្តិសុខ​ម្នាក់​ពាក់​ម៉ាស់​នៅ​ពេល​លោក​ឈរ​យាម​នៅ​ពេល​មាន​ព្រិល​ធ្លាក់​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ដែល​ហៅ​ថា COVID-19 នេះ បាន​កើន​លើស ៧ ម៉ឺន​នាក់ ហើយ​អ្នក​ស្លាប់​កើន​ជិត ១ ពាន់ ៨ រយ​នាក់។ រី​ឯ​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​ប្រហែល ១ ម៉ឺន ១ ពាន់​នាក់ បាន​ជា​សះស្បើយ​រួច​ហើយ។

ខេត្ត Hubei ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ​ដំបូង បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ ១ រយ​នាក់​បន្ថែម​ទៀត។

ករណី​ឆ្លង​មេរោគ​នេះ​ភាគ​ច្រើន​នៅ​ក្រៅ​ប្រទេស​ចិន​គឺ​ក្នុង​ចំណោម​អ្នក​ដំណើរ​ដែល​ជិះ​នៅ​លើ​កប៉ាល់​កម្សាន្ត Diamond Princess ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជាង ៣ រយ​នាក់ ពី​លើ​កប៉ាល់​កម្សាន្ត Diamond Princess នេះ។ យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​អ្នក​ដែល​ត្រូវ​ជម្លៀស​ទាំង​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Travis ក្នុង​រដ្ឋ California នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចំណែក​ឯ​យន្តហោះ​មួយ​គ្រឿង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Lackland នៅ​ក្នុង​រដ្ឋ Texas នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។

មនុស្ស ១៤ នាក់ ដែល​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ឆ្លង​មេរោគ​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​នៅ​លើ​យន្តហោះ​នោះ​ដែរ ប៉ុន្តែ​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​អ្នក​ដំណើរ​ផ្សេង​ទៀត។ អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​ពី​កប៉ាល់​កម្សាន្ត Diamond Princess នេះ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ។

ដោយសារតែ​អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មាន​ករណី​ឆ្លង​មេរោគ​នេះ​ចំនួន ៩៩ នាក់​បន្ថែម​ទៀត នោះ​ធ្វើ​ឲ្យ​អ្នក​ឆ្លង​មេរោគ​នេះ​កើន​ដល់​ចំនួន ៤៥៤ នាក់ នៃ​អ្នក​ដំណើរ​សរុប​ចំនួន ៣ ពាន់ ៧ រយ​នាក់​នៅ​លើ​កប៉ាល់​កម្សាន្ត Diamond Princess នេះ។

ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាស​ថា ខ្លួន​ក៏​នឹង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​កប៉ាល់​នោះ​ផង​ដែរ។ រី​ឯ​ប្រទេស​កាណាដា អ៊ីតាលី កូរ៉េ​ខាង​ត្បូង និង​ទីក្រុង​ហុងកុង ក៏​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ផ្ដោត​ផង​ដែរ​លើ​ករណី​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ឬ COVI-19 នេះ បន្ទាប់ពី​បាន​ចាកចេញ​ពី​កប៉ាល់​កម្សាន្ត The Westerdam ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​កាល​ពី​សប្ដាហ៍​មុន៕

XS
SM
MD
LG