តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចតម្កល់ការចោទប្រកាន់របស់តុលាការឧទ្ធរណ៍ ដែលមិនអនុញ្ញាតឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងស្ថិតនៅក្រៅឃុំទេ ដោយលើកហេតុផលថា សមាជិកព្រឹទ្ធសភាកាន់សញ្ជាតិខ្មែរ និងសញ្ជាតិបារាំងរូបនេះបានប្រព្រឹត្តទោសកំហុសធ្ងន់ធ្ងរ និងអាចបង្កចលាចលដល់សង្គម។ នេះបើតាមការបញ្ជាក់ពីក្រុមមេធាវីការពារក្តីលោកហុង សុខហួរ។
លោក ហុង សុខហួរត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនតាំងពីខែសីហា ឆ្នាំ២០១៥ ក្នុងសំណុំរឿងផែនទី និងបញ្ហាព្រំដែនកម្ពុជាវៀតណាម ហើយសាលាឧទ្ធរណ៍ក៏បានច្រានចោលការសុំឲ្យស្ថិតនៅក្រៅឃុំរបស់លោកសមាជិកព្រឹទ្ធសភារូបនេះតាំងពីខែមីនាឆ្នាំកន្លងមកនេះដែរ។
លោក កែត ឃី មេធាវីការពារក្តីឲ្យលោកហុង សុខហួរបានប្រាប់ VOA នៅថ្ងៃពុធនេះថា តុលាការកំពូលបានបន្តតម្កល់ដីកាសម្រេចរបស់សាលាឧទ្ធរណ៍ដដែល ដោយមិនអនុញ្ញាតឲ្យមានការដោះលែងលោក ហុង សុខហួរឲ្យស្ថិតនៅក្រៅឃុំបានទេ។ លោកបន្តថា សាលាឧទ្ធរណ៍បានស្នើឲ្យលោក ហុង សុខហួរប្រគល់កុំព្យូទ័រដែលលោកប្រើប្រាស់ក្នុងការស្រាវជ្រាវឯកសារផែនទី និងព្រំដែនកម្ពុជាវៀតណាម។ ប៉ុន្តែលោកបញ្ជាក់ថា លោក ហុង សុខហួរមិនមានកំព្យូទ័រនោះប្រើតទៅទៀតទេ។
លោក សឹង បញ្ញាវុឌ្ឍ ចៅក្រមនៃតុលាការកំពូល បានបដិសេធមិនធ្វើការអធិប្បាយទេ។
លោក ហុង សុខហួរ ត្រូវចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោកទាំងនៅមានអភ័យឯកសិទ្ធិ។ លោក ហ៊ុន សែន បានព្រមានថា នេះជាបទល្មើសជាក់ស្តែងដែលត្រូវចាប់ខ្លួនជាបន្ទាន់ ហើយស្ថានទូតនានាមិនត្រូវលូកលាន់ទេ ព្រោះនេះជា អ្វីដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកថា ជាទោសក្បត់ជាតិ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA នៅថ្ងៃពុធនេះថា លោកហុង សុខហួរពុំមានក្តីសង្ឃឹមច្រើនថា នឹងបានស្ថិតនៅក្រៅឃុំនោះទេ ព្រោះរឿងនេះជារឿងនយោបាយ។
លោកបញ្ជាក់ថា លោក ហុង សុខហួរអាចទទួលបានការដោះលែង ប្រសិនបើមានការសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សធំៗពីរដែលមានអាសនៈក្នុងសភាជាតិ។
លោក ហុង សុខហួរត្រូវចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩។ ឯកសារ ដែលមន្ត្រីគណបក្សជំទាស់ចាត់ទុកថា ជាការបញ្ចេញមតិការពារបូរណភាពដែនដីនោះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោកសម រង្ស៊ីពីបទសមគំនិតក្នុងបទល្មើសនេះផងដែរ៕