បេក្ខជនឈរឈ្មោះប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ត្រៀមខ្លួនសម្រាប់ការជជែកដេញដោលលើកទី៥។
បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នឹងធ្វើការជជែកដេញដោលលើកទី៥និងជាលើកចុងក្រោយសម្រាប់ឆ្នាំនេះនៅយប់ថ្ងៃអង្គារម៉ោងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Las Vegas។
ការប្រកួតប្រជែងបានផ្លាស់ប្តូរចាប់តាំងពីការជជែកដេញដោលរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃទី១០ ខែវិច្ឆិកាមក។
លោក Donald Trumpមហាសេដ្ឋីអចលនៈទ្រព្យ បាននៅនាំមុខគេនៅក្នុងការស្ទង់មតិទូទាំងប្រទេស ក៏ប៉ុន្តែ លោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ បានទទួលការគាំទ្រកើនឡើងលើសគេនៅក្នុងការស្ទង់មតិនៅរដ្ឋ Iowa។
លោក Ben Carsonអតីតវេជ្ជបណ្ឌិតវះកាត់សសៃប្រសាទដែលធ្លាប់ស្ថិតនៅបន្ទាប់ពីលោក Trump ឥឡូវនេះ កំពុងធ្លាក់ចុះការគាំទ្រ។
លទ្ធផលនៃការស្ទង់មតិនៅពេលថ្មីៗនេះបង្ហាញថា ការវាយប្រហារភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកាក្នុងទីក្រុងប៉ារីសនិងការវាយប្រហារថ្ងៃទី២ ខែធ្នូនេះក្នុងទីក្រុង San Bernardino រដ្ឋ California បានធ្វើឲ្យមានឥទ្ធិពលលើអារម្មណ៍របស់ពួកអ្នកបោះឆ្នោត។
ថ្វីបើមានការខឹងសម្បារទៅលើលោក Trump ដែលបណ្តាលមកពីការអំពាវនាវហាមឃាត់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមមិនឲ្យចូលក្នុងសហរដ្ឋអាមេរិកក៏ដោយ ការគាំទ្រលោក នៅតែខ្លាំងក្លា។
លោក Donald Trump បាននិយាយថា «យើងកំពុងរស់នៅក្នុងការភ័យខ្លាច។ ខ្ញុំមិនមែនកំពុងបង្កើតការភ័យខ្លាចទេ មនុស្សកំពុងរស់នៅក្នុងការភ័យខ្លាច»។
សមាជិកព្រឹទ្ធសភា លោក Cruz ដែលជាបេក្ខជនប្រធានាធិបតីម្នាក់ក្នុងចំណោមបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមួយចំនួន បានបដិសេធពុំព្រមថ្កោលទោសលោក Trump ដែលកំពុងបានទទួលការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិនោះទេ។
យោងតាមការស្ទង់មតិខាងនយោបាយរបស់សារព័ត៌មាន Des Moines Register- Bloomberg ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រាប់ឲ្យដឹងថា លោក Cruz បានទទួលការគាំទ្រកើនឡើង៣១ភាគរយ ដែលមានចំនួន១០ភាគរយលើសលោក Trump ។ មហាសេដ្ឋីមកពីទីក្រុងញូវយ៉កនេះ បានច្រានចោលការស្ទង់មតិនោះ។
ការវិនិច្ឆ័យដោយបណ្តាញព័ត៌មានកាលពីពេលថ្មីៗនេះ ការប្រកួតប្រជែងដោយមិត្តភាពរវាងលោក Trump និងលោក Cruzទំនងក្លាយជាការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងអំឡុងពេល៧សប្តាហ៍ទៀតដល់ការប្រជុំខាងនយោបាយនៅរដ្ឋ Iowa ដែលជាជំហានដំបូងនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅពេលដែលលោក Cruz ទទួលបានការកើនឡើងនៅក្នុងការស្ទង់មតិ លោក Carson បានដាំក្បាលចុះ។ លោក Carson ឥឡូវនេះស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីការធ្លាក់ចុះអស់១៥ពិន្ទុពីទីកន្លែងកំពូលរបស់លោកកាលពីខែតុលា។
នៅក្នុងការផ្លាស់ប្តូរមួយទៀតពីការជជែកដេញដោលកាលលើកពីមុន លោក Chris Christieអភិបាលរដ្ឋ New Jersey បានវិលត្រឡប់ទៅកាន់ការជជែកដេញដោលនៅម៉ោងដែលមានអ្នកមើលទូរទស្សន៍ច្រើន ទោះបីជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កាលពីខែវិច្ឆិកា។
បេក្ខជន៥នាក់ទៀតរបស់គណបក្សសាធារណរដ្ឋបានទទួលលក្ខណៈសម្បតិ្តសម្រាប់កម្មវិធីដែលមានអ្នកមើលទូរទស្សន៍ច្រើនដែលរៀបចំដោយទូរទស្សន៍ខ្សែកាប CNN ហើយនឹងបេក្ខជន៤នាក់ផ្សេងទៀត នឹងជជែកដេញដោលនៅវេទិកាលំដាប់ទី២៕