កាលពីថ្ងៃពុធប្រទេសអ៊ីស្រាអែលបានប្រកាសថាខ្លួននឹងបិទស្ថានទូតនៅក្នុងប្រទេសប៉ារ៉ាហ្គាយ និងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅអ៊ីស្រាអែលវិញ បន្ទាប់ពីប្រទេសប៉ារ៉ាហ្គាយប្រកាសថានឹងរើស្ថានទូតរបស់ខ្លួនចេញពីរដ្ឋធានី Jerusalem របស់អ៊ីស្រាអែលទៅដាក់នៅទីតាំងជិតទីក្រុង Tel-Aviv វិញ។
កាលពីខែឧសភា ប្រទេសប៉ារ៉ាហ្គាយបានរើស្ថានទូតរបស់ខ្លួនទៅដាក់នៅក្នុងទីក្រុង Jerusalemបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសហ្គាតេម៉ាឡា។
ប្រទេសប៉ារ៉ាហ្គាយមិនបានផ្តល់ហេតុផលជាក់លាក់ពាក់ព័ន្ធនឹងការរើស្ថានទូតទៅកាន់ទីក្រុង Tel-Aviv វិញទេ។
លោក Luis Alberto Castiglioni រដ្ឋមន្រ្តីការបរទេសប៉ារ៉ាហ្គាយបានថ្លែងនៅអំឡុងពេលប្រកាសជាផ្លូវការអំពីការរើស្ថានទូតថា៖«ប្រទេសប៉ារ៉ាហ្គាយចង់ចូលរួមឲ្យបានខ្លាំងក្លានៅក្នុងទំនាក់ទំនងនយោបាយក្នុងតំបន់ដើម្បីសម្រេចបាននូវសន្តិភាពទូទៅមួយប្រកបដោយយុត្តិធម៌និងយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
ប្រទេសជាច្រើនបានរក្សាទុកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង Tel-Aviv។ ទាំងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានទាមទារយកទីក្រុង Jerusalemជារដ្ឋធានីរបស់ខ្លួន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald Trumpកាលពីខែធ្នូឆ្នាំមុនបានរំលោភលើប្រពៃណីដែលមានជាយូរមកហើយ ដោយបានធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសទីមួយដែលរើស្ថានទូតចេញពីទីក្រុង Tel-Aviv និងបានប្រកាសទទួលស្គាល់ទីក្រុង Jerusalemជារដ្ឋធានីរបស់អ៊ីស្រាអែល៕