លោកស្រីទទួលបានជ័យជម្នះផ្ដាច់ព្រ័ត្រឈ្នះលើលោកស្រី Mary Elizabeth Flores Flake ឯកអគ្គរដ្ឋទូតប្រទេសហុងឌូរ៉ាសប្រចាំអង្គការសហប្រជាជាតិ។
តំណែងជាប្រធានបន្ទាប់នៃមហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេស ១៩៣ ជាសមាជិកនេះ គឺត្រៀមសម្រាប់ប្រទេសមកពីតំបន់អាមេរិកឡាទីន និងប្រទេសមកពីតំបន់ Caribbean។
លោកស្រី Flake នៃប្រទេសហុងឌូរ៉ាស កាលពីដំបូង គឺជាបេក្ខជនដែលមកពីតំបន់អាមេរិកឡាទីនតែម្នាក់គត់។ ប៉ុន្តែ មន្ត្រីការទូតនានាបាននិយាយថា បណ្ដាប្រទេសអារ៉ាប់ទាំងឡាយដែលមិនសប្បាយចិត្តចំពោះការសម្រេចរបស់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល និងនៅក្នុងការប្ដូរទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុង Jerusalem នេះ បានលើកទឹកចិត្តប្រទេសអេក្វាទ័រឲ្យប្រជែងជាមួយនឹងលោកស្រី Flake ក្រោយពីរដ្ឋាភិបាលហុងឌូរ៉ាសបានប្រកាសថា ខ្លួននឹងធ្វើតាមសហរដ្ឋអាមេរិក និងប្ដូរទីតាំងស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុង Jerusalem មក។
លោកស្រី Espinosa នៃប្រទេសអេក្វាទ័រនេះគឺជាស្ត្រីទី ៤ តែប៉ុណ្ណោះ ដែលនឹងកាន់តំណែងជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងរយៈពេល ៧៣ ឆ្នាំកន្លងមករបស់អង្គការនេះ និងជាស្ត្រីដំបូងគេបង្អស់ដែលមកពីតំបន់អាមេរិកឡាទីន។
លោកស្រី Espinosa បាននិយាយនៅក្នុងការថ្លែងទទួលយកតំណែងនេះយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឧទ្ទិសការជ្រើសរើសរូបខ្ញុំនេះទៅដល់ស្ត្រីទាំងអស់នៅលើពិភពលោកដែលចូលរួមក្នុងឆាកនយោបាយនាពេលបច្ចុប្បន្ននេះ និងទៅដល់ស្ត្រីដែលប្រឈមនឹងការវាយប្រហារផ្នែកនយោបាយ និងការវាយប្រហារផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឡើងដោយសារតែបញ្ហាមោទនភាពជាបុរស និងដោយសារតែការរើសអើង»។
នៅក្នុងសេចក្ដីថ្លែងការណ៍អំពីទស្សនវិស័យរបស់លោកស្រីចំពោះតំណែងនេះ លោកស្រី Espinosa បាននិយាយថា បញ្ហាសមភាពយេនឌ័រនៅតែជា «បញ្ហារារាំងមួយនៅឯអង្គការសហប្រជាជាតិ»។ លោកស្រីបានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវតែប្រើប្រាស់ទេពកោសល្យរបស់ស្ត្រីដើម្បីសម្រេចឲ្យបាននូវគោលបំណងអភិវឌ្ឍប្រកបដោយចិរភាព និងនៅគ្រប់ដំណើរការពហុភាគីទាំងអស់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «យើងអាច និងត្រូវតែធ្វើឲ្យបានប្រសើរជាងកន្លងមក ដែលមានតែស្ត្រី ៤ រូបប៉ុណ្ណោះធ្វើជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងរយៈពេល ៧៣ ឆ្នាំកន្លងមកនេះ និងស្ត្រី ២ រូបនៅក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ។ សូមឲ្យការជ្រើសរើសលោកស្រី Espinosa នៅពេលនេះត្រួសត្រាយផ្លូវឲ្យមានការបង្កើនដំណើរវិវឌ្ឍទៅមុខឆ្ពោះទៅរកសមភាពយេនឌ័រនៅក្នុង និងក្រៅរង្វង់អង្គការសហប្រជាជាតិ»។
ប្រធានអង្គការសហប្រជាជាតិរូបនេះបានចាត់ទុកភាពស្មើគ្នារវាងបុរសនិងស្ត្រីជាអាទិភាពកំពូលមួយ។ នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិសម្រេចបាននូវអាទិភាពនេះនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់នានារបស់ខ្លួន ប៉ុន្តែនៅមានកិច្ចការមួយចំនួនទៀតដែលត្រូវធ្វើដើម្បីឲ្យស្ត្រីឈានទៅកាន់តំណែងខ្ពស់នៅក្នុងផ្នែកគ្រប់គ្រងថ្នាក់កណ្ដាល ផ្នែកបេសកកម្មរក្សាសន្តិភាព និងផ្នែកផ្សេងៗទៀត។
លោកស្រី Sheikha Haya Rashed Al-Khalifa នៃប្រទេសបារ៉ែនគឺជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិជាស្ត្រីចុងក្រោយបង្អស់នៅក្នុងអំឡុងពេលកិច្ចប្រជុំលើកទី ៦១ របស់មហាសន្និបាតនេះ គឺក្នុងរយៈពេលជាងមួយទសវត្សរ៍មុន។ ប្រសិនបើក្រឡេកមើលទៅក្រោយបន្ថែមទៀត លោកស្រី Vijaya Lakshmi Pandit នៃប្រទេសឥណ្ឌាគឺជាប្រធានកិច្ចប្រជុំលើកទី ៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយលោកស្រី Angie Brooks នៃប្រទេសលីបេរីយ៉ា គឺជាប្រធានកិច្ចប្រជុំលើកទី ២៤ របស់មហាសន្និបាតនេះ។
អ្នកតំណាងនានាដែលថ្លែងតំណាងឲ្យក្រុមការងារតាមតំបន់នីមួយៗរបស់អង្គការសហប្រជាជាតិ បានស្វាគមន៍ការជ្រើសរើសលោកស្រី Espinosa នេះថាជាជំហានវិវឌ្ឍទៅមុខមួយទៀត។
ឯកអគ្គរដ្ឋទូតប្រទេសម៉ូរីសលោក Jagdish Dharamchand Koonjul បានថ្លែងតំណាងឲ្យក្រុមកិច្ចការទ្វីបអាហ្វ្រិកដោយបូកសរុបការយល់ឃើញជាទូទៅរបស់ក្រុមយ៉ាងដូច្នេះថា៖ «វាគឺជាក្ដីសង្ឃឹមដ៏ក្លៀវក្លារបស់យើងដែលថា ការជ្រើសរើសនេះគឺជាការចាប់ផ្ដើមនូវយុគសម័យពិតប្រាកដមួយនៃការចាត់ទុកថាជារឿងធម្មតាសម្រាប់ការមានតំណាងយេនឌ័រស្មើគ្នា ជាជាងជាការចាត់ទុកថាជារឿងពិសេសដាច់ដោយឡែកមួយនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងកម្រិតតំណែងដឹកនាំដូចនេះ»។
លោកស្រី Espinosa នឹងកាន់តំណែងជំនួសលោក Miroslav Lajcak មកពីប្រទេសស្លូវ៉ាគី ដែលជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបច្ចុប្បន្ន នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ៕
ប្រែសម្រួលដោយ ភី សុភាដា