វាហាក់ដូចជាពិធីបុណ្យ Ramadan នៅផ្សារដ៏បំផុតនៅតំបន់ កាហ្សា ទីកន្លែងដែលតន្ត្រីអារ៉ាប់បានលាន់ឮ ខណៈដែលអ្នកលក់សាច់កំពុងរៀបសាច់សម្រាប់អតិថិជនជារៀងរាល់យប់ ក្រោយការតមអាហាររបស់ពួកគេត្រូវបានបញ្ចប់។ ប៉ុន្តែលោកព្រួយបារម្ភខ្លាចអាជីវកម្មរបស់លោកនឹងលក់មិនសូវដាច់នៅខែឧសភានេះ មិនមែនដោយសារតែអំពើហិង្សាដែលកំពុងកើតមានឡើងតែមួយមុខនោះទេ។ សេដ្ឋកិច្ចរបស់ដែនដីដ៏ក្រីក្រនេះត្រូវបានបិទជិតយ៉ាងតឹងរ៉ឹងជាច្រើនឆ្នាំ ហើយអាជ្ញាធរប៉ាឡេស្ទីននាពេលថ្មីៗនេះ បានកាត់ប្រាក់ខែមន្ត្រីរដ្ឋការ ដើម្បីជាវិធីមួយដាក់សម្ពាធទៅលើក្រុម Hamas ដែលដឹកនាំនយោបាយក្នុងតំបន់កាហ្សា។
ម្ចាស់ហាងភាគច្រើននៅទីនេះមានការព្រួយបារម្ភ។
លោក Fadi Al Hero ម្ចាស់ហាងមួយនៅតំបន់ កាហ្សាបានថ្លែងថា៖
«ស្ថានភាពសេដ្ឋកិច្ចនៅមុនពិធីបុណ្យ Ramadan អាក្រក់ស្រាប់ទៅហើយ។ សូមព្រះជាម្ចាស់ជួយយើងផង»។
សម្រាប់អ្នកដើរទិញទំនិញជាច្រើន អ្នកដែលរងរបួសនិងត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាទាំងអស់នោះគឺស្ថិតក្នុងចិត្តរបស់ពួកគេជានិច្ច។
អ្នកស្រី Umm Ibrahim អ្នករស់នៅតំបន់កាហ្សាមួយរូបថ្លែងថា៖
«យើងរស់នៅក្នុងសភាពវេទនានិងអត់ឃ្លាន។ យើងគ្រាន់តែចង់បានសិទ្ធិរបស់យើង។ ប្រសិនបើពួកយើងស្ថិតក្នុងទឹកដីរបស់ពួកយើង រឿងនេះនឹងមិនកើតមានឡើងនោះទេ។ យើងមិនចង់បានអ្វីពីពិភពលោកនេះទេ យើងគ្រាន់តែចង់បានទឹកដីរបស់យើងតែប៉ុណ្ណោះ»។
ក្នុងរយៈពេលជាច្រើនថ្ងៃនិងសប្តាហ៍មុននឹងឈានដល់ថ្ងៃបុណ្យ Ramadan ក្រុមបាតុករជាច្រើនត្រូវបានជំរុញទឹកចិត្តដោយពួក Hamas ឲ្យប្រញាប់ប្រញាល់ទៅព្រំប្រទល់ជាមួយនឹងអ៊ីស្រាអែល ហើយកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករទាំងនោះ។ អ្នករស់នៅតំបន់កាហ្សាកំពុងប្រារព្ធថ្ងៃ al Nakba ដែលពលរដ្ឋប៉ាឡេស្ទីន៧សែននាក់ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរទីតាំង បន្ទាប់ពីការបង្កើតរដ្ឋ អ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ ក៏ដូចជាការរើទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុង Jerusalem ដ៏ចម្រូងចម្រាស។
ពួកប៉ាឡេស្ទីនជាង១០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីបាតុកម្មទាំងនោះបានកើតមានឡើងកាលពីចុងខែមីនា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទម្លាក់កំហុសទៅលើពួក Hamas។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងថា៖
«ពួកប៉ាឡេស្ទីន៥០នាក់ក្នុងចំណោម៦០នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្នុងនោះជាង៨០ភាគរយ គឺជាសមាជិកក្រុម Hamas ដែលហៅម្យ៉ាងទៀតថាជាក្រុមភេរវកម្មមួយ គឺក្រុម Hamas តែមួយដែលបានអំពាវនាវឲ្យមានការប្រល័យពូជសាសន៍ជនជាតិជីហ្វទាំងអស់»។
នៅឯមន្ទីពេទ្យក្បែរខាងមួយ បាតុករមួយរូបបានថ្លែងមិនត្រឹមតែដើម្បីប្រឆាំងអ៊ីស្រាអែលដែលបានចូលកាន់កាប់លើទឹកដីរបស់ប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីប្រឆាំងនឹងការចាត់ទុកពិភពម៉ូស្លីមថា «មិនសំខាន់»។
លោក Azzam Muhammad បាតុករនៅតំបន់កាហ្សាបានថ្លែងថា៖
«អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកមិនបានជួយប៉ាឡេស្ទីននោះទេ។ ប្រទេសអារ៉ាប់មួយចំនួនកំពុងចូលរួមដណ្តើមតំបន់ កាហ្សា»។
លោក Hamed Abu Haad អាយុ១៩ឆ្នាំថ្លែងថា លោកត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជង្គង់របស់លោក ខណៈពេលលោកព្យាយាមឆ្លងព្រំប្រទល់។ មូលហេតុរបស់លោកនោះគឺដើម្បី Jerusalem។
ខណៈមានការកាន់ទុក្ខ អ្នករស់នៅតំបន់កាហ្សាកំពុងព្យាយាមទាមទារឲ្យវិលទៅរកសភាពដើមវិញ ខណៈពេលពួកគេកំពុងប្រារព្ធពិធីបុណ្យ Ramadan៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា