ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ីស្រាអែល​ថា មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ចេញ​ពី​តំបន់ Gaza


ទាហាន​អ៊ីស្រាអែល​ឈរ​យាម​ នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៨។
ទាហាន​អ៊ីស្រាអែល​ឈរ​យាម​ នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល កាលពី​ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៨។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ពួក​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Gaza Strip បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់ ២៥ គ្រាប់ នៅ​ថ្ងៃ​អង្គារ​នេះ សំដៅ​កន្លែង​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល។

សេចក្ដី​ប្រកាស​របស់​យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ការ​បាញ់​ផ្លោង​ភាគ​ច្រើន​ត្រូវ​បាន​រារាំង​ដោយ​ប្រព័ន្ធ​ការពារ​មីស៊ីល Iron Dome ចំណែក​ឯ​គ្រាប់​មួយ​ចំនួន​ទៀត​ធ្លាក់​នៅ​ចំ​ទី​វាល​មួយ​ចំនួន។ គេ​មិន​ទាន់​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​អំពី​អ្នក​រង​របួស​ដោយសារ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។

ភាព​តានតឹង​នៅ​តាម​ព្រំដែន​មាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ ដោយ​ក្នុង​នោះ ជនជាតិ​ប៉ាឡេស្ទីន​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​មក​វិញ​នូវ​សិទ្ធិ​ត្រឡប់​ទៅ​កាន់​ទឹកដី​ដែល​ពួកគេ​បាន​រត់​គេច​ចេញ ឬ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ នៅ​ពេល​ដែល​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៤៨។

អ្នក​តវ៉ា​ក៏​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​តំបន់ Gaza ផង​ដែរ ដែល​ការ​បិទ​នេះ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​ជាង​នេះ​ទៅ​ទៀត​ពួកគេ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​ទីក្រុង Tel Aviv ទៅ​កាន់​ទីក្រុង Jerusalem។

កង​កម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ១១៥ នាក់ នៅ​ក្នុង​ការ​តវ៉ា​កន្លង​មក ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ទៅ​លើ​ការ​ប្រើ​កម្លាំង​របស់​អ៊ីស្រាអែល។ អ៊ីស្រាអែល​បាន​រិះគន់​ក្រុម​សកម្ម​ប្រយុទ្ធ Hamas ថា​ជា​អ្នក​បង្ក​អំពើ​ហិង្សា​ឡើង និង​បាន​និយាយ​ថា ខ្លួន​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG