ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ​អំពី​ជំងឺ​រាតត្បាត​ ផ្តល់​ការវិភាគ​មិន​ច្បាស់លាស់


កុមារា Oliver Estrada អាយុ៥ឆ្នាំ ទទួល​ការចាក់​វ៉ាក់សាំង Pfizer ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ដំបូង​នៅ​គ្លីនិក​វ៉ាក់សាំង​សហគមន៍ Adelante Healthcare នៅ​សាលា​បឋមសិក្សា Joseph Zito ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីក្រុង Phoenix រដ្ឋ Arizona។
កុមារា Oliver Estrada អាយុ៥ឆ្នាំ ទទួល​ការចាក់​វ៉ាក់សាំង Pfizer ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ដូស​ដំបូង​នៅ​គ្លីនិក​វ៉ាក់សាំង​សហគមន៍ Adelante Healthcare នៅ​សាលា​បឋមសិក្សា Joseph Zito ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីក្រុង Phoenix រដ្ឋ Arizona។

ការ​ស្ទង់​មតិ​ចំនួន​២​ខុស​គ្នា ​ផ្តល់​នូវការ​វិភាគ​មិន​ច្បាស់​លាស់អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ការ​ស្ទង់​មតិ​មួយ​បាន​លើក​ឡើង​ថា​ តួលេខ​អ្នក​ស្លាប់​សរុប​ដោយ​សារ​ជំងឺ​កូវីដ១៩​នៅ​លើ​ពិភពលោក​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ មាន​ចំនួន៥​លាន​នាក់រហូត​មក​ដល់​ពេល​នេះ ​ទំនង​ជាវាយ​តម្លៃ​ទាម​ជាង​ចំនួន​ពិត​ប្រាកដ ហើយប្រហែល​ជា​អាច​កើន​ដល់​ចំនួន​នេះ​យូរ​មក​ហើយ​តាំងពី​មុន​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ម៉្លេះ នៅ​ពេល​ដែល​សាកលវិទ្យាល័យ​ Johns Hopkins ​ប្រកាស​អំពី​តួលេខ​នេះ។ ​ចំណែក​ការ​ស្ទង់​មតិ​មួយ​ទៀត​បាន​ផ្តល់តួលេខ​វិភាគ​នៃ​ជំងឺរាត្បាត​នេះ​ ហាក់​ដូច​ជា​ជ្រុល​បន្តិច ដោយនិយាយ​ថា​ មនុស្ស​ប្រមាណ៥០​លាន​នាក់នៅ​ជុំវិញ​ពិភព​លោក ​បាន​ឆ្លង​វីរុសនេះ​ នៅ​ក្នុង​រយៈ​ពេលរាល់​៩០​ថ្ងៃ។ ​

ចំណែក​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​បាន​ធ្វើ​ការ​វិភាគ​របស់​ខ្លួនដោយ​ប្រមើល​មើលជា​មួយ​នឹង​ការរំឭក​ថា​ ​គេប្រើ​ពេលរហូត​ដល់​ទៅ​ជិត​១​ឆ្នាំ​ឯណោះ​ ទើប​បាន​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​៥០​លាន​នាក់​នោះ។​ អត្រា​ឆ្លង​ខ្ពស់​នាពេល​បច្ចុប្បន្ន​នេះ​ ​គឺដោយ​សារ​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា​ (delta)​ ដែល​ឆ្លង​ខ្លាំង។​ នេះ​ បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។

ចំនួន​អ្នក​ឆ្លងនៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ប្រទេស​អុ៊យក្រែន​ និងក្រិកមាន​ចំនួនដល់ ​ឬ​ជិត​ដល់​កម្រិត​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក ​ចាប់​តាំងពី​ជំងឺ​កូវីដ​១៩ ​ចាប់​ផ្តើម​រាតត្បាត​កាល​ពី​២​ឆ្នាំ​កន្លង​មក។​ នេះ ​បើ​យោង​ទៅ​លើ​ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters ​ដែល​បានផ្សព្វផ្សាយ​ថា​ ការ​ឆ្លង​ថ្មីៗ​ បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​ ៥៥​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ២៤០​ នៅ​លើ​ពិភពលោក។​ ​

ការ​ស៊ើប​អង្កេត​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ក៏​បាន​បង្ហាញ​ដែរ​ថា​ ស្ថិតិនៃ​វិសមភាព​វ៉ាក់សាំងដែល​ក្នុង​នោះ មនុស្ស​ចំនួន​ជាង​ពាក់​កណ្តាលនៅ​លើពិភព​លោក​នៅ​មិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដូស​ទី​មួយ​នៅ​ឡើយ ​ហើយ​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ មាន​មនុស្ស​មិន​ដល់​៥%ទេ​ ​ទើប​តែ​ទទួល​បាន​វ៉ាក់សាំង​កូវីដដូស​ទី១​តែ​ប៉ុណ្ណោះ។​

ចំនួន​អ្នក​ស្លាប់​សរុបនៅ​ក្នុងប្រទេស​មួយ​ចំនួន ​អាចខ្ពស់​ជាង​ចំនួន​ក្នុងរបាយ​ការណ៍​ផ្លូវ​ការ​របស់​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​នោះ។ ​នេះ​បើតាម​ការ​លើក​ឡើង​របស់ទស្សនាវដ្តី​ Economist។​ ទន្ទឹម​នឹង​នេះ​ដែរ ​មានមូល​ហេតុ​មួយ​ចំនួន​នាំ​ឱ្យតួលេខ​ក្នុង​របាយ​ការណ៍​ទាបជាង​តួលេខ​ពិត។ ​ កន្លែង​ខ្លះ​មិន​បាន​រាប់​បញ្ចូល​ចំនួន​មនុស្សស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ ​ដែល​មិន​បាន​ធ្វើ​តេស្ត​រកឃើញ​ជំងឺ​កូវីដ​មុន​ពេល​ស្លាប់​នោះ​ឡើយ។​ មន្ទីរពេទ្យ​និង​រដ្ឋាភិបាល​មូលដ្ឋាន​មិនបានចេញលិខិត​មរណភាព​ឲ្យ​បាន​ទាន់​ពេល នៅ​គ្រប់​ករណី​ទាំង​អស់​នោះ​ឡើយ។​ បន្ថែម​ពី​លើ​នេះ​ទៀត​ អ្នក​ដែល​ស្លាប់​នៅ​ផ្ទះ​ ប្រហែលមិន​ត្រូវបាន​រាប់​បញ្ចូល​ទៅ​ក្នុង​តួលេខ​សរុបនៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩​នោះដែរ៕

XS
SM
MD
LG