នៅពេលការរាតត្បាតរបស់វីរុសកូរ៉ូណា បន្តធ្វើឱ្យពិភពលោកមានអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់វ៉ាក់សាំងនោះ មេដឹកនាំប្រទេសអ្នកមានបំផុតចំនួន២០ក្នុងពិភពលោក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយអំពីការបែងចែងដ៏ខ្លាំងនេះ។
កង្វល់អំពីជំងឺរាតត្បាតនេះ ទំនងជាប្រធានបទដ៏ធំសម្រាប់កិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំ G-20 ចាប់តាំងពីឆ្នាំ ២០១៩ ហើយសមភាពវ៉ាក់សាំង គឺជាបញ្ហាកំពូល។ កិច្ចប្រជុំកំពូលចាប់ផ្តើមនៅថ្ងៃសៅរ៍ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អះអាងថា សហរដ្ឋអាមេរិក ជាប្រទេសមានជាងគេបំផុតក្នុងពិភពលោក ហើយក៏ជា«ប្រទេសមានវ៉ាក់សាំងច្រើនបំផុតក្នុងពិភពលោក» ផងដែរ។ ចំនួនវ៉ាក់សាំងបរិច្ចាគដ៏ច្រើនដែលសហរដ្ឋអាមេរិកបានសន្យាបរិច្ចាគមាន ១.១ ពាន់លានដូស គឺច្រើនជាងការបរិច្ចាគរបស់ប្រទេសផ្សេង។
ទោះយ៉ាងណា ពួកអ្នកតស៊ូមតិផ្នែកសុខភាពនិយាយថា វាមិនទាន់គ្រប់គ្រាន់ទេ។ វ៉ាក់សាំងដែលបានសន្យាទាំងនោះមានតែមួយផ្នែកប៉ុណ្ណោះដែលត្រូវបានចែកចាយពិតប្រាកដ ហើយការសិក្សាថ្មីមួយដោយក្រុមហ៊ុនវិភាគវិទ្យាសាស្ត្រ ឈ្មោះ Airfinity បានរកឃើញថា ប្រទេស G-20 បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន១៥ ដងច្រើនជាងបណ្តាប្រទេសនៅតំបន់សាហារ៉ាភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។
ពួកមេដឹកនាំពិភពលោកបាននិយាយថា ពួកគេមានឆន្ទៈប្រឹងប្រែងរួមគ្នាបន្ថែមទៀត។ កាលពីខែកញ្ញា រដ្ឋមន្ត្រីប្រទេស G-20 បានចុះហត្ថលេខាជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងទីក្រុងរ៉ូម ដែលបានបញ្ជាក់ជាថ្មីអំពីគោលបំណងរបស់អង្គការសុខភាពពិភពលោកក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៤០% នៃចំនួនប្រជាជនក្នុងពិភពលោកត្រឹមឆ្នាំ២០២១។
អ្នករិះគន់ចង្អុលភ្លាមៗថា ឯកសារនោះ មិនមានការសន្យាជាក់លាក់ទេ។ សកម្មជននិងក្រុមផ្តល់ជំនួយ កំពុងជំរុញឱ្យប្រទេស G-20 ធ្វើការសន្យាជាក់លាក់ដើម្បីពន្លឿនគម្រោងចែកចាយវ៉ាក់សាំង និងមានសប្បុរសធម៌បន្ថែមទៀត ហើយមិនមែនត្រឹមតែផ្តល់វ៉ាក់សាំងពិតប្រាកដទេ ប៉ុន្តែត្រូវជួយខាងបច្ចេកវិទ្យា និងឧបករណ៍ចាក់វ៉ាក់សាំងផងដែរ។
អ្នកតស៊ូមតិអះអាងថា នេះមិនមែនគ្រាន់តែជាបញ្ហាសម្រាប់អ្នកមិនចាក់វ៉ាក់សាំងទេ តែវាជាបញ្ហាទាំងអស់គ្នា៕