ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩នៅលើពិភពលោក បានកើនដល់ចំនួន៥លាននាក់ហើយ។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។ ទិន្នន័យរបស់សាកលវិទ្យាល័យនេះ បានបង្ហាញនៅព្រឹកថ្ងៃចន្ទថា រហូតមកដល់ពេលនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោក មានចំនួនសរុបប្រមាណ៥លាន ៤២៥នាក់។
ចំនួនសរុប៥លាននៃអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ កើតមានឡើងតែក្នុងរយៈពេល៤ខែប៉ុណ្ណោះ ក្រោយការប្រកាសនៃអ្នកស្លាប់ដោយសារជំងឺនេះចំនួន៤លាននាក់ កាលពីខែមិថុនាកន្លងទៅ។
ចំនួនអ្នកស្លាប់សរុបនៅពេលនេះកើតមានឡើង ខណៈពេលដែលប្រទេសមួយចំនួននៅក្នុងពិភពលោក កំពុងប្រឹងប្រែងតស៊ូដើម្បីរកវ៉ាក់សាំងចាក់ឲ្យពលរដ្ឋរបស់ខ្លួនក្នុងដូសដំបូង ស្របពេលដែលប្រទេសមួយចំនួន បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទៅឲ្យពលរដ្ឋរបស់ខ្លួនរួចហើយនោះ។
នៅក្នុងលិខិតចំហរមួយទៅកាន់មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-20 ដែលកំពុងជួបប្រជុំគ្នានៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីនោះ អង្គការសុខភាពពិភពលោក បានបង្ហាញពីភាពខុសគ្នានៃការផ្តល់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសដែលមានប្រាក់ចំណូលទាប។
លិខិតចំហរនោះក៏បានលើកឡើងថា «គម្លាតខុសគ្នានៃការទទួលបានវ៉ាក់សាំងនាពេលបច្ចុប្បន្ន រវាងក្រុមប្រទេសអ្នកមាននិងក្រុមប្រទេសដែលមានធនធានតិចតួចនោះ បានបង្ហាញនូវការមិនការមិនគិតគូពីអាយុជីវិតរបស់មនុស្សនៅក្នុងប្រទសអ្នកក្រនិងអ្នកដែលងាយទទួលរងគ្រោះខ្លាំង។ ក្នុងចំណោមមនុស្ស១០០នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ វ៉ាក់សាំងចំនួន១៣៣ដូស ត្រូវបានចាក់ ខណៈពេលដែលវ៉ាក់សាំងចំនួនតែ៤ដូសប៉ុណ្ណោះ ត្រូវបានចាក់ទៅលើមនុស្ស១០០នាក់ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប»។
លិខិតចំហររបស់អង្គការសុខភាពពិភពលោក ក៏បានព្រមានផងដែរថា គេត្រូវធ្វើការកែប្រែនូវភាពអសកម្មបែបនេះដើម្បីឲ្យមានការផ្លាស់ប្តូរមួយដ៏យូរអង្វែងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នោះ។ អសមធម៌នៃវ៉ាក់សាំងកូវីដ១៩ កំពុងសម្លាប់ជីវិតមនុស្សជារៀងរាល់ថ្ងៃ ហើយកំពុងបន្តដាក់មនុស្សគ្រប់គ្នានៅក្នុងស្ថានភាពហានីភ័យ»។
លិខិតរបស់អង្គការសុខភាពពិភពលោកបានបន្តទៀតថា «ប្រវិត្តិសាស្ត្រនិងវិទ្យាសាស្ត្រ បានបញ្ជាក់ច្បាស់ហើយថា «សកម្មភាពដែលមានការសម្របសម្រួលគ្នា ជាមួយនឹងការទទួលបាននូវប្រភពធនធានសុខភាពសាធារណៈប្រកបដោយភាពសមធម៌នោះ គឺជាវិធីតែមួយគត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះហក់ឡើងនៃជំងឺឆ្លងដល់សុខភាពជាសាកល ដូចជាជំងឺកូវីដ១៩នេះជាដើម។ យើងត្រូវការការខិតខំរួមគ្នាមួយដើម្បីជួយសង្គ្រោះជីវិតមនុស្ស កាត់បន្ថយការឈឺចាប់ និងធានានូវការងើបឡើងវិញជាសាកលប្រកបដោយចីរភាពមួយ៕