មន្រ្តីជាន់ខ្ពស់ប៉ាឡេស្ទីនលោកស្រី Hanan Ashrawi បានចោទប្រកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ថាកំពុងព្យាយាមបំភ័យសមាជិកអង្គការសហប្រជាជាតិ ឲ្យគាំទ្ររដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ លោកស្រី Haley ធ្លាប់បាននិយាយថាកាលពីឆ្នាំមុនថា សហរដ្ឋអាមេរិកនឹងឃ្លាំមើលនិងកត់ត្រាឈ្មោះប្រទេសទាំងឡាយណា ដែលបោះឆ្នោតជំទាស់នឹងបំណងរបស់សហរដ្ឋអាមេរិក។ លោកស្រី Ashrawi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីពាក់កណ្តាលខែឧសភា គឺមួយថ្ងៃបន្ទាប់ពីលោកស្រី Haley និយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អំពើហិង្សាដែលសម្លាប់ជីវិតមនុស្សនាពេលថ្មីៗនេះនៅតាមព្រំដែនតំបន់ Gaza បង្កឡើងដោយក្រុមបះបោរ Hamas និងអ្នកនៅពីក្រោយគឺប្រទេសអ៊ីរ៉ង់។ ហេតុការណ៍នោះបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនដែលប្រឆាំងតវ៉ាប្រហែល៦០នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែករបស់អ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza បានធ្វើការប្រឆាំងតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីទាមទារឲ្យប្រគល់មកវិញនូវទឹកដីដែលពួកគេបានបាត់បង់អំឡុងពេលបង្កើតរដ្ឋអ៊ីស្រាអែល។ បាតុកម្មតវ៉ានេះបានប្រែក្លាយជាអំពើហិង្សានៅថ្ងៃទី១៤ ខែឧសភា នៅពេលដែលសហរដ្ឋអាមេរិកសម្ពោធស្ថានទូតរបស់ខ្លូននៅទីក្រុងហ្ស៊េរុយសាឡិម។
បណ្តាមេដឹកនាំប្រទេសមហាអំណាចនិងអង្គការសិទ្ធិមនុស្សនានាបានថ្កោលទោសយ៉ាងខ្លាំងដល់ការបាញ់ប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុមអ្នកប្រឆាំងតវ៉ាក្នុងតំបន់Gaza។ ប្រជាជនប៉ាឡេស្ទីនបាននិយាយថា បាតុកម្មតវ៉ាដែលមានរយៈពេលជាច្រើនសប្តាហ៍មកនេះ មិនបង្កជាការគំរាមកំហែងដល់អ៊ីស្រាអែលឡើយ។
លោកស្រី Hanan Ashrawi ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះដែនដីប៉ាឡេស្ទីនបាននិយាយថា៖ «បាតុកម្មប្រឆាំងតវ៉ារបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ Gaza ធ្វើឡើងដោយអហិង្សា។ ប្រសិនបើឃើញមានផ្សែងឬភ្លើងឆាបឆេះអ្វីមួយនោះ ហេតុការណ៍នោះកើតមានតែនៅលើដែនដីប៉ាឡេស្ទីនទេ។ ពួកគេធ្វើបែបហ្នឹងដើម្បីបង្កើតជាផ្សែងបិទបាត់កុំឲ្យខ្មាន់កាំភ្លើងឆ្មក់សម្លាប់ពួកគេបាន។ បើទោះជាអ្នកមិនបានបង្កអំពើហិង្សា ក៏ទាហានអ៊ីស្រាអែលនៅតែសម្លាប់អ្នកដដែល»។
ប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអះអាងថា ក្រុមបាតុករព្យាយាមបំពានរបងព្រំដែន ដូច្នេះត្រូវតែបញ្ឈប់ពួកគេ។ លោកស្រី Haley បានស្តីបន្ទោសមេដឹកនាំក្រុម Hamas ក្នុងតំបន់ Gaza ចំពោះការបង្កឲ្យមានអំពើហិង្សាកាលពីថ្ងៃទី១៤ ខែឧសភា ស្របពេលជាមួយនឹងការប្តូរទីតាំងថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកពីតំបន់ Tel Aviv ទៅទីក្រុងហ្ស៊េរុយសាឡិម ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា៖ «អ្នកទាំងឡាយណាដែលគិតថាអំពើហិង្សានៅតំបន់ Gaza គឺមានជាប់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកគឺខុសទាំងស្រុង។ ផ្ទុយទៅវិញ អំពើហិង្សាទាំងអស់នេះកើតឡើងពីក្រុមមនុស្សដែលប្រឆាំងនឹងវត្តមានរដ្ឋអ៊ីស្រាអែលនៅគ្រប់ទីកន្លែងទាំងអស់។ រាល់ការជំរុញចិត្តរបៀបនេះ ដែលជាការបំផ្លិចបំផ្លាញដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គឺមិនស្របច្បាប់ និងមិនមានតម្លៃសម្រាប់ជជែកអំពីរឿងនេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាជាងប្រកាសថ្កោលទោសនោះទេ។
លោកស្រី Ashrawi បានចាត់ទុកការថ្លែងរបស់លោកស្រី Haley ថា«មិនស៊ីគ្នានឹងស្ថានភាពជាក់ស្តែងទាល់តែសោះ» និង «មានលក្ខណៈគ្រោះថ្នាក់យ៉ាងខ្លាំង»។
លោកស្រី Hanan Ashrawiបានមានប្រសាសន៍ថា៖ «បញ្ហាដែលធំបំផុតគឺការមិនដាក់ទោសទណ្ឌដល់ប្រទេសអ៊ីស្រាអែល និងភាពខ្វះការទទួលខុសត្រូវរបស់អ៊ីស្រាអែល។ ខ្ញុំចង់និយាយថា កុំគិតថាខ្ញុំនិយាយវាយប្រហារលោកស្រីឯកអគ្គរដ្ឋទូត Haley។ តាមពិតទៅ ខ្ញុំគ្រាន់តែគិតថា វាពិបាកខ្លាំងណាស់ដើម្បីរកទំនាក់ទំនងនៃអ្វីដែលបានកើតឡើងជាក់ស្តែងនិងពាក្យពេចន៍ដែលយើងបានឮចេញពីអ្នកតំណាងសហរដ្ឋអាមេរិករូបនេះនៅទីនេះ»។
មន្រ្តីប៉ាឡេស្ទីនរូបនេះធ្លាប់បានរិះគន់ការប្តេជ្ញារបស់លោកស្រី Haley កាលពីឆ្នាំមុន ដែលថានឹងកត់ត្រាឈ្មោះប្រទេសដែលមិនឯកភាពជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ លោកស្រីបាននិយាយថា ប្រេសិតសហរដ្ឋអាមេរិកមិនមែនត្រូវបានគេតែងតាំងឲ្យធ្វើជា«គ្រូប្រៀនប្រដៅរបស់ពិភពលោកឡើយ»។
លោកស្រី Hanan Ashrawi បាននិយាយថា៖ «មានប្រទេសមួយចំនួនដែលមិនបាក់ស្បាតនឹងការបំភ័យរបស់សហរដ្ឋអាមេរិកឬការគំរាមកំហែងរបស់អ្នកតំណាងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការកត់ឈ្មោះនោះដោយងាយៗឡើយ។ ហើយខ្ញុំជឿជាក់ថា ប្រទេសនានាអាចពឹងផ្អែកលើសហគមន៍អន្តរជាតិបាន ក្នុងការធ្វើអ្វីដែលត្រឹមត្រូវ»។
កាលពីថ្ងៃទី១៥ ខែឧសភា សហរដ្ឋអាមេរិកបានរារាំងដល់ការអនុម័តលើសេចក្តីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការអំពាវនាវឲ្យបើកការស៊ើបអង្កេតទៅលើអំពើហិង្សា ដែលបង្កឲ្យមានការស្លាប់នៅព្រំដែនតំបន់ Gaza ៕
ប្រែសម្រួលដោយ កោះ សុគន្ធី