ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វេជ្ជបណ្ឌិត​បារម្ភ​ពី​ព្រះរាជ​សុខភាព​របស់​ព្រះ​មហាក្សត្រិយានី Elizabeth


មហាក្សត្រិយានី Elizabeth II នៃ​ចក្រភព​អង់គ្លេស​រង់​ចាំ​ទទួល​​ការ​ចូល​គាល់​របស់​លោកស្រី Liz Truss ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​​ថ្មី នៅ​ប្រាសាទ Balmoral Castle នៅ​ប្រទេស​ស្កុតលែន​របស់​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០២២។
មហាក្សត្រិយានី Elizabeth II នៃ​ចក្រភព​អង់គ្លេស​រង់​ចាំ​ទទួល​​ការ​ចូល​គាល់​របស់​លោកស្រី Liz Truss ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​​ថ្មី នៅ​ប្រាសាទ Balmoral Castle នៅ​ប្រទេស​ស្កុតលែន​របស់​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០២២។

ក្រុម​វេជ្ជបណ្ឌិត​របស់​ព្រះមហាក្សត្រិយានី Elizabeth នៃ​ចក្រភព​អង់គ្លេស​មាន​ក្ដី​បារម្ភ​អំពី​ព្រះ​រាជ​សុខភាព​របស់​ព្រះអង្គ និង​បាន​ផ្ដល់​យោបល់​ថា ព្រះមហាក្សត្រិយានីត្រូវ​បន្ត​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​ជា​បន្ត​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ព្រះបរមរាជវាំង Buckingham នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សេចក្ដី​ប្រកាស​របស់​ព្រះបរមរាជវាំង​នេះ​បាន​បញ្ជាក់​ថា៖ «បន្ទាប់ពី​មាន​ការ​ពិនិត្យ​បន្ថែម [លើ​ព្រះ​រាជ​សុខភាព​របស់​ព្រះមហាក្សត្រិយានី] នៅ​ព្រឹក​នេះ ក្រុម​វេជ្ជបណ្ឌិត​របស់​ព្រះអង្គ​មាន​ក្ដី​បារម្ភ​ចំពោះ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ និង​បាន​ស្នើ​ឱ្យ​ព្រះអង្គ​ត្រូវ​បន្ត​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​ជា​បន្ត​ទៀត»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្ដី​ប្រកាស​នេះ​បាន​បន្ថែម​ថា ព្រះមហាក្សត្រិយានី «នៅ​មាន​ព្រះរាជ​សុខភាព​ល្អ​ធម្មតា​ទេ ហើយ​កំពុង​គង់​នៅ​ឯ​ព្រះរាជ​ដំណាក់ Balmoral» របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​ស្កុតលែន​នៃ​ចក្រភព​អង់គ្លេស ដែល​ជា​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​នា​រដូវ​ក្ដៅ។

ព្រះមហាក្សត្រិយានី Elizabeth បាន​លុប​ចោល​ជំនួប​ជាមួយ​នឹង​ក្រុមប្រឹក្សា​សម្ងាត់ (Privy Council) ដែល​ជា​ក្រុមប្រឹក្សា​នៃ​ទីប្រឹក្សា​ជំនិត​របស់​ព្រះអង្គ​កាលពី​ថ្ងៃ​ពុធ។ បណ្ដាញ​ព័ត៌មាន BBC បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រះអង្គ​ម្ចាស់ Charles និង​រាជវង្សានុវង្ស​ផ្សេង​ទៀត​របស់​ព្រះមហាក្សត្រិយានីបាន​យាង​ទៅកាន់​ព្រះរាជ​ដំណាក់ Balmoral។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss បាន​សរសេរ​នៅ​លើ Twitter ថា «ប្រទេស​ទាំង​មូល» មាន «ក្ដី​បារម្ភ​ជ្រាលជ្រៅ» នៅ​ពេល​បាន​ឮ​ដំណឹង​នេះ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ ខ្ញុំ​និង​ប្រជារាស្ត្រ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​សូម​ថ្វាយ​ព្រះពរ​ឱ្យ​ព្រះមហាក្សត្រិយានីនិង​រាជវង្សានុវង្ស​របស់​ព្រះអង្គ​ឱ្យ​មាន​ព្រះរាជ​សុខភាព​ល្អ»។

កាលពី​ថ្ងៃ​អង្គារ ព្រះមហាក្សត្រិយានី Elizabeth បាន​ទទួល​ជួប​លោកស្រី Liz Truss នៅ​ពេល​ដែល​អ្នកស្រី​ចូល​ក្រាប​បង្គំ​គាល់​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​ផ្លូវការ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG