ការបរាជ័យខាងសន្តិសុខរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាភស្តុតាងមកពីព្រឹត្តិការណ៍នានានៅសប្តាហ៍នេះនៅពេលដែលលោករដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក Rex Tillerson ដែលបំពេញទស្សនកិច្ចប្រទេសនោះមិនអាចចេញពីមូលដ្ឋានយោធាសហរដ្ឋអាមេរិកហើយបានអញ្ជើញពួកមេ ដឹកនាំអាហ្វហ្គានីស្ថានទៅលេនដ្ឋានរបស់លោកដើម្បីចរចា នេះតាមការបញ្ជាក់របស់ប៉ាគីស្ថានដែលជាប្រទេសជិតខាងកាលពីថ្ងៃព្រហស្បតិ៍។
លោក Khawaja Asif រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបាននិយាយថា «ស្ថានភាពនេះបានប្រាប់ពីរឿងរ៉ាវបរាជ័យទាំងស្រុងរបស់សហរដ្ឋអាមេរិក ថ្វីបើការប្រយុទ្ធនៅក្នុងប្រទេសនោះអស់រយៈពេល១៦ឆ្នាំក៏ដោយ»។ លោករដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបានប្រាប់គណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេសនៅក្នុងទីក្រុងឥស្លាមម៉ាបាត។
លោករដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាននិយាយថា ប៉ាគីស្ថានកំពុងស្វះស្វែងធ្វើឲ្យមានទំនាក់ទំនងប្រកបដោយតម្លាភាពផ្អែកលើលក្ខខណ្ឌស្មើភាពគ្នាជាមួយសហ រដ្ឋអាមេរិកហើយបានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីផ្តល់កិច្ចសហប្រតិបត្តិ ការពេញលេញរបស់ខ្លួននៅក្នុងការប្រយុទ្ធជាមួយពួកភេរវជន ក៏ប៉ុន្តែ ដោយមិនធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពរបស់ខ្លួននិងទំលាក់កំហុសលើរដ្ឋាភិបាលក្រុងឥស្លាមម៉ាបាតដែលជាការមិនអាចទទួលយកបាន។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson បានទៅបំពេញទស្សនកិច្ចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទដែលនៅទីនោះលោកបានស្នាក់នៅរយៈពេល២ម៉ោងហើយបានធ្វើការចរចាជាមួយប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្វហ្គានីស្ថានហើយនឹងមេដឹកនាំកំពូលផ្សេងៗទៀតរបស់រដ្ឋាភិបាលឯកភាពជាតិរបស់លោកនៅមូលដ្ឋានយោធា Bagram ដែលកាន់កាប់ដោយសហរដ្ឋអា មេរិកដែលស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីកាប៊ុល។ ពួកមន្រ្តីបានលើកឡើងពីការព្រួយកង្វល់ខាងសន្តិសុខចំពោះការរៀបចំជំនួបនោះនៅមូលដ្ឋានកងទ័ពនោះ៕