រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃខេត្ត Punjab ដែលមានមនុស្សច្រើននៅក្នុងប្រទេសបាគីស្ថាន និងមនុស្សយ៉ាងតិចណាស់១២នាក់ទៀតបានត្រូវធ្វើឃាតនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ។
លោក Saeed Elahi ទីប្រឹក្សាខាងសុខាភិបាលរបស់រដ្ឋាភិបាលខេត្ត Punjab បាននិយាយប្រាប់ទូរទស្សន៍រដ្ឋថា លោករដ្ឋមន្ត្រី Shuja Khanzada ឋិតនៅក្នុងចំណោមពួកជនដែលបានត្រូវសម្លាប់នៅថ្ងៃអាទិត្យនេះ។ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ចំនួនមនុស្សស្លាប់ទំនងជានឹងកើនឡើងថែមទៀត។ មានមនុស្សមួយចំនួនជាប់គាំងនៅក្រោមកម្ទិចកម្ទី។
ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា មានមនុស្ស៣០នាក់បានឋិតនៅក្នុងផ្ទះរដ្ឋមន្ត្រីរូបនេះនៅក្នុងស្រុក Attock នាប៉េកឦសានប្រទេសនៅពេលដែលអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ចូលទៅក្នុងផ្ទះនោះ ហើយបានបំផ្ទុះគ្រឿងផ្ទុះ បន្ទាប់ពីឆ្មាំសន្តិសុខបានឃើញជន ហើយបានខិតខំបញ្ឈប់។ មានមនុស្សរាប់សិបនាក់ដោយមានរួមបញ្ចូលទាំងក្រុមប៉ូលិសផងបានជាប់គាំងនៅក្រោមកម្ទិចកម្ទី បន្ទាប់ពីការផ្ទុះដ៏ខ្លាំងនោះបានធ្វើឲ្យអាគារនោះរលំ។
អាជ្ញាធរបាននិយាយថា រដ្ឋមន្ត្រីដែលស្លាប់នេះបានទទួលការគំរាមកំហែងពីពួកជនសកម្មប្រយុទ្ធនិកាយស៊ូនី Lashkar-e Jhangvi ហៅកាត់ថា LeJ ដែលគេដឹងថាពួកនេះបានធ្វើការវាយប្រហារដ៏ប្រល័យលើពួកអ្នកកាន់សាសនាឥស្លាម និកាយស៊ីអានៅក្នុងប្រទេសបាគីស្ថាន។ កាលពីចុងខែមុន ក្រុមប៉ូលិសប្រឆាំងនឹងភេរវកម្មនៅក្នុងខេត្ត Punjab បានសម្លាប់ឈ្មោះMalik Ishaq ប្រធានពួកLeJនៅក្រៅច្បាប់ ហើយលោកkhanzadaបាននិយាយល្អិតល្អន់អំពីកិច្ចប្រតិបត្តិការនេះនៅក្នុងសន្និសីទកាសែតមួយ៕