គណបក្សកាន់អំណាចនៅប៉ាគីស្ថានបានតែងតាំងមេដឹកនាំប្រទេសបណ្តោះអាសន្នម្នាក់ ដែលបានបង្កឲ្យមានការមិនពេញចិត្តពីគណបក្សប្រឆាំង។ ការតែងតាំងនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Nawaz Sharif ត្រូវបានតុលាការកំពូលដកចេញពីតំណែងចំពោះការលាក់បាំងទ្រព្យសម្បត្តិរបស់លោក។
លោក Sharif វ័យ៦៧ឆ្នាំ បានធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ជាមួយនឹងគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទីដែលមេដឹកនាំនានាបានជ្រើសតាំងអតីតរដ្ឋមន្ត្រីប្រេង គឺលោក Shahid Khaqan Abbasi ឲ្យដឹកនាំបន្តពីលោកក្នុងរយៈពេល៤៥ថ្ងៃ។ លោក Abbasi នៅតែត្រូវទទួលបានការបោះឆ្នោតទុកចិត្តពីសភាជាមុនសិន មុននឹងចូលកាន់តំណែងបាន។
ប្រធានាធិបតីប៉ាគីស្ថាន លោក Mamnoon Hussain បានកោះឲ្យមានការប្រជុំពិសេសមួយនៅរដ្ឋសភាជាតិនៅថ្ងៃអង្គារ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅក្នុងរដ្ឋសភាដែលគណបក្សរបស់លោក Sharif មានសំឡេងភាគច្រើន។
បណ្តាមេដឹកនាំគណបក្សក៏បានសម្រេចនៅក្នុងកិច្ចប្រជុំនេះថា ប្អូនប្រុសរបស់លោក Sharif គឺលោក Shahbaz Sharif នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាមួយ សម្រាប់កៅអីដែលនៅទំនេររបស់លោកនាយករដ្ឋមន្ត្រីដែលត្រូវដកចេញពីតំណែងរូបនេះ ដូច្នេះលោក Shahbaz Sharif អាចក្លាយទៅជាសមាជិកសភាជាតិហើយនិងអាចកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានជាអចិន្ត្រៃយ៍ផងដែរ។ នេះបើយោងតាមការប្រកាសរបស់ក្រុមមន្ត្រី៕