ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សិក្សា​ភាសា​ចិន​កុកងឺ​កើន​ឡើង​ក្នុង​ប្រទេស​ប៉ាគីស្ថាន ស្រប​ពេល​ទំនាក់ទំនង​ចិន​និង​ប៉ាគីស្ថាន​កាន់តែ​ជិតស្និទ្ធ


ទង់ជាតិប៉ាគីស្ថាន និងទង់ជាតិចិន

កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ដែល​មាន​ឈ្មោះ​ថា «ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន» នេះ កំពុង​ទាញ​ចំណាប់​អារម្មណ៍​ក្នុង​ចំណោម​សិស្ស​ប៉ាគីស្ថាន និង​អ្នក​មាន​វិជ្ជាជីវៈ​នានា ឲ្យ​សិក្សា​ភាសា​ចិន​កុកងឺ។

ប្រទេស​ចិន​កំពុង​វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ថ្នល់ ផ្លូវ​ដែក តំបន់​ឧស្សាហកម្ម​ពិសេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ដែល​មាន​ឈ្មោះ​ថា «ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន» នេះ កំពុង​ទាញ​ចំណាប់​អារម្មណ៍​ក្នុង​ចំណោម​សិស្ស​ប៉ាគីស្ថាន និង​អ្នក​មាន​វិជ្ជាជីវៈ​នានា ឲ្យ​សិក្សា​ភាសា​ចិន​កុកងឺ។

អ្នកស្រី Li Xue Mei បង្រៀន​ភាសា​ចិន​កុកងឺ​ដល់​សិស្ស​ប្រហែល ៣ រយ​នាក់ ពី​ថ្នាក់​ទី ៥ ដល់​ថ្នាក់​មធ្យម​សិក្សា។ អ្នកស្រី​ជា​គ្រូ​បង្រៀន​ភាសា​ចិន​កុកងឺ​ម្នាក់​នៅ​សាលារៀន​ឯកជន​មួយ​ឈ្មោះ Roots Millennium Schools ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​មាន​សិស្ស​រៀន​ភាសា​ចិន​កុកងឺ​ចំនួន​ជាង ៧ ពាន់​នាក់។

អ្នកគ្រូ Li Xue Mei បាន​ថ្លែង​ថា៖ ‍«សិស្ស​ទាំង​អស់​ពូកែ និង​សប្បាយ​នឹង​ការ​សិក្សា​ភាសា​ចិន​ខ្លាំង​ណាស់»។

អ្នកគ្រូ​និយាយ​ថា ការ​សរសេរ​អក្សរ​ចិន​គឺ​ពិបាក​សម្រាប់​សិស្ស​របស់​គាត់ ប៉ុន្តែ​សិស្ស​ទាំង​នោះ​រៀន​ឆាប់​យល់​លឿន​ជា​ទី​បំផុត។ អ្នកគ្រូ​ក៏​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​សិក្សា​ភាសា​ចិន​កុកងឺ​ផង​ដែរ។

«ខ្ញុំ​គិត​ថា ពួក​គេ​ចាំបាច់​ត្រូវ​រៀន​ភាសា​ចិន វប្បធម៌​ចិន បន្ថែម​ទៀត ដូច្នេះ​ពួកគេ​អាច​ទាក់ទង សហការ និង​ធ្វើ​ការ​បាន​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​ជនជាតិ​ចិន‍»។

វិនិយោគ​ចិន​ក្នុង​ទឹក​ប្រាក់​ប្រហែល ៦០ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន ត្រូវ​គេ​រំពឹង​ថា​នឹង​ពាំនាំ​ជនជាតិ​ចិន​ប្រហែល ២ ម៉ឺន​នាក់​ចូល​មក​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

កន្លង​មក ជនជាតិ​ចិន​ភាគ​ច្រើន​បាន​មក​តាំង​ទី​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​រួច​មក​ហើយ ដែល​ភាគ​ច្រើន​ធ្វើ​អាជីវកម្ម​ឯកជន។

ស្ថាប័ន​រដ្ឋ និង​ឯកជន​នានា កំពុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​សមភាគី​ចិន​របស់​ខ្លួន ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ផ្នែក​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា និង​ដើម្បី​ផ្ដល់​នូវ​ឱកាស​ស្រាវជ្រាវ​ដល់​ភាគី​ទាំង​សង​ខាង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កិច្ច​សហប្រតិបត្តិការ​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន​ថា​ជា «គម្រោង​សាកល្បង​សំខាន់​បំផុត​មួយ‍» នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ខ្លួន។ គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​នេះ គឺ​ជា​គម្រោង​ប្រថុយប្រថាន​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​គោល​បំណង​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប តាម​រយៈ​ផ្លូវ​គោក និង​ផ្លូវ​ទឹក។

ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ និង​យោធា កាល​ពី​យូរយារ​ណាស់​មក​ហើយ មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន​នានា​សង្ឃឹម​ថា ច្រក​របៀង​សេដ្ឋកិច្ច​នេះ នឹង​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ក៏ដូចជា​ពាំនាំ​នូវ​ភាព​ចម្រុង​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​មក​ឲ្យ​ប្រទេស​ប៉ាគីស្ថាន។

លោក Sartaj Aziz ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស​ប៉ាគីស្ថាន បាន​និយាយ​ថា៖ «ប្រវត្តិសាស្ត្រ​ជា​ភស្តុតាង​នៃ​ការ​ពិត ដែល​បង្ហាញ​ថា មិត្តភាព​ដ៏​អស្ចារ្យ​នេះ​បាន​នៅ​ឋិតថេរ​ជា​យូរ​អង្វែង​មក​ហើយ។ ប៉ុន្តែ កាល​ពី ៤ ឆ្នាំ កន្លង​ទៅ​នេះ ទំនាក់ទំនង​នេះ​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត និង​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​គឺ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​ប៉ាគីស្ថាន‍»។

ច្រក​របៀង​ចម្ងាយ​ជិត ៣ ពាន់​គីឡូម៉ែត្រ ដែល​ប្រទេស​ចិន​កំពុង​សាងសង់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នឹង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ផ្សេងៗ​តាម​ផ្លូវ​ជាតិ​ល្បឿន​លឿន Karakoram ដែល​លូន​កាត់​តាម​ជ្រលង​ភ្នំ​ដែល​គ្រប់​ដណ្ដប់​ដោយ​ព្រិល បុក​ឆ្ពោះ​រហូត​ទៅ​ដល់​កំពង់ផែ Gwadar ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ទំនិញ​ទាំង​នេះ​នឹង​ផ្ទុក​នៅ​លើ​កប៉ាល់ ដើម្បី​បញ្ជូន​ចេញ​ទៅ​កាន់​ទីផ្សារ​នានា​នៅ​ទ្វីប​អាហ្វ្រិក តំបន់​មជ្ឈិម​បូព៌ា និង​ទ្វីប​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG