ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​រដ្ឋឥស្លាម​មាន​វត្តមាន​កាន់តែ​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍


(រូបថត​ឯកសារ​) ចាប់តាំង​ពីក្រុម ISIS​ ចូលកាន់​កាប់ទីក្រុង​ Raqqa ប្រទេស​ស៊ីរី បានផ្តាច់ខ្លួន​ចេញ​ពី​ពិភពលោក។

កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ក្នុង​ទីក្រុងMarawi ​នៅ​ប្រទេស​ហ្វីលីពីន បាន​ធ្វើការ​វាយ​ប្រយុទ្ធ​អស់​រយៈពេល​បី​ខែ​មក​ហើយ ដើម្បី​បង្រា្កប​ក្រុម​សកម្មប្រយុទ្ធ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ក្នុង​តំបន់​នេះ។

​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ​កាលពី​ខែ​ឧសភា​បាន​ប្រកាស​ថា​តំបន់​ភាគ​ខាង​ត្បូង​ដែល​កំពុង​មាន​ភាព​ចលាចល​នឹងស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក​ចំនួន​៦០​ថ្ងៃ។ ហើយ​កាល​ពី​ខែ​កក្កដា ច្បាប់​នេះ​ត្រូវ​បាន​បន្ត​អនុវត្ត​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ បន្ទាប់ពីការ​ប៉ុនប៉ង​មួយ​ដោយ​កង​កម្លាំង​សន្តិសុខ​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​សកម្មប្រយុទ្ធ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​រដ្ឋឥស្លាម​បាន​បរាជ័យ។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​។

ភ្នាក់ងារ​របស់​ក្រុម​រដ្ឋឥស្លាម​ជាច្រើន​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូល​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ស្រុក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​យោធា​ហ្វីលីពីន​ក្នុង​ទីក្រុង Marawi។

អ្នក​វិភាគ​និយាយ​ថា ខណៈ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់​កំពុង​បាត់បង់ឥទ្ធិពល​ ​ក្រុម​ភេរវកម្ម​នេះ​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​ទីតាំង​របស់​ក្រុម​បំបែក​ខ្លួន​និង​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងៗ​ជាច្រើន។

លោក Ridwan Habib អ្នកវិភាគ​ភេរវកម្ម​នៅ​សាកលវិទ្យាល័យឥណ្ឌូណេស៊ី​ បាន​ថ្លែង​ប្រាប់​ VOA ថា៖ «មាន​ភស្តុតាង​មួយ​បង្ហាញ​ថា ប្រជាជន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​សកម្មប្រយុទ្ធ​ Jamaah Islamiyah ក្នុង​ប្រទេសឥណ្ឌូណេស៊ី​ឥឡូវ​នេះ​មាន​ទង់ជាតិ​ថ្មី​មួយ​ដែល​ប្រតិបត្តិការ​ក្រោម​ក្រុម​រដ្ឋឥស្លាម​ ក្នុង​ករណី​នេះ គឺ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​ហ្វីលីពីន»។ រឿង​ធ្ងន់ធ្ងរ​កំពុង​តែ​កើត​ឡើង ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​រំពឹង​ទុក​ជា​មុន​ថា នឹង​អាច​មាន​អ្វី​ផ្សេង​កើត​ឡើង​បន្ត​ទៀត។ យើង​បារម្ភ​ថា​អត្តសញ្ញាណ​ថ្មី​នេះ​គឺ​មានន័យ​ថា​ពួកគេ​កំពុង​ប្រឹង​ប្រែង​កាន់កាប់​ទីតាំង​ថ្មី»។

ក្រុម​សកម្មប្រយុទ្ធ​ជ្រុល​និយម

ក្រុម Jammah Islamiyah គឺ​ជា​ក្រុម​សកម្មប្រយុទ្ធ​ជ្រុល​និយម​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម ​អាល់កៃដា ហើយ​ក្រុម​នេះ​បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​ជាច្រើន​ដង​ក្នុង​ប្រទេសឥណ្ឌូណេស៊ី​និង​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​នេះ ដែល​រួម​មាន​ទាំង​ការវាយប្រហារ​នៅ​កោះ​បាលី ​កាល​ពី​ឆ្នាំ​២០០២ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០នាក់​ផង​ដែរ។

ក្រុម​រដ្ឋ​ឥស្លាម​បាន​បង្ហាញ​សញ្ញា​រួច​ទៅ​ហើយ​ក្នុង​ការ​ពង្រីក​ខ្លួន​ក្នុង​តំបន់​នេះ តាមរយៈ​ក្រុម​ជា​សមាជិក​ក្នុង​តំបន់​និង​អ្នក​គាំទ្រ។​

ក្រុម​នេះ​កំពុង​រើស​សមាជិក​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេសឥណ្ឌូណេស៊ី​ ដោយ​មាន​មនុស្ស​ជាង​៣៨០​នាក់​ចូល​រួម​ក្នុង​ក្រុម​ភេរវកម្ម​នេះ​ត្រឹម​ខែ​មករា​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​របស់​ប្រទេសឥណ្ឌូណេស៊ី។​ សមាជិក​ថ្មី​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​ភាគ​ច្រើន​ គឺ​ជា​អ្នក​ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់។

​លោក​ Greg Fealy សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ Australian National University ដែល​សិក្សា​ពី​អំពើ​ភេរវកម្ម​ក្នុង​ប្រទេសឥណ្ឌូណេស៊ី បាន​និយាយ​ថា ការគំរាម​កំហែង​ភេរវកម្ម​ពី​ក្រុម​រដ្ឋឥស្លាម​ក្នុង​ប្រទេស​នេះ​បាន​កើន​ឡើង​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​មក​ម៉្លេះ។

ក្រុម​រដ្ឋឥស្លាម​ត្រូវ​បាន​រាយការណ៍​ថា​ បាន​តែង​តាំង​មេដឹកនាំ​នៃ​ក្រុម Abu Sayyaf ជា​មេដឹកនាំ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុម ​Abu Sayyaf​ គឺ​ជា​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ក្នុង​តំបន់​នេះ ដែល​ត្រូវ​បានគេ​ស្គាល់ដោយសារ​ការ​ចាប់ជំរិត​និង​ការកាត់ក្បាល​ភ្ញៀវទេសចរ​បរទេស​។

អាជ្ញាធរឥណ្ឌូណេស៊ី​ក៏​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​រដ្ឋឥស្លាម​ពិត​ជា​បាន​បង្ក​ការ​គំរាមកំហែង​ដល់ប្រទេស​របស់​ពួកគេ។

ក្រុម​ភេរវកម្ម​បាន​អះអាង​ទទួលខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​និង​ការ​វាយ​ប្រហារ​ដោយ​ការ​បាញ់​កាំភ្លើង​នៅ​កណ្តាល​ទីក្រុង​ហ្សាការតាកាល​ពី​ខែ​មករា ដែល​បាន​សម្លាប់​មនុស្សអស់​ចំនួន​៨​នាក់​ ដែល​ក្នុង​នោះ​ក៏​មាន​អ្នកវាយប្រហារ​៤​នាក់​ផង​ដែរ។

ក្រុម​មន្រ្តី​ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មីនា​បាន​បញ្ចូល​ឈ្មោះ Bahrun Naim ដែល​ជា​ជនសកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏​លេចធ្លោ​ម្នាក់​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ភេរវករ​សកល​ ដោយ​និយាយ​ថា​ ជន​នេះ​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​ការ​គាំទ្រ​ប្រតិបត្តិការ​សម្រាប់​ក្រុម​រដ្ឋឥស្លាម​ក្នុង​ប្រទេសឥណ្ឌូណេស៊ី​និង​បាន​ប្រមែប្រមូល​ថវិកា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​រក​សមាជិក​បន្ថែម​ឲ្យ​ចូល​រួម​សមរភូមិ​រដ្ឋឥស្លាម។

​ក្នុង​ប្រទេស​ហ្វីលីពីន ក្រុម​រដ្ឋឥស្លាម​បាន​គាំទ្រ​ជន Isnilon Hapilon ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​សមាគម​ពាក់ព័ន្ធ​មួយ​ក្រុម​តូច​ដែល​បាន​រីក​លូត​លាស់​ក្នុង​រយៈពេល​ពីរ​ទៅបី​ឆ្នាំ​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។ Isnilon Hapilon ​ជា​ជន​ដែល​គេ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​នេះ ពីបទ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​អាមេរិកាំង។ សហរដ្ឋ​អាមេរិក​នឹង​ជូន​រង្វាន់ជាទឹក​ប្រាក់ចំនួន​៥លានដុល្លារ​សម្រាប់អ្នក​ដែល​អាច​កាត់​ក្បាល​របស់ Isnilon Hapilon បាន។

​ជន Hapilon បាន​សច្ចា​ថា​នឹង​ស្មោះ​ស្ម័គ្រ​ចំពោះ​មេដឹកនាំ​ក្រុម​រដ្ឋឥស្លាម Abu Bakr al-Baghdadi នៅ​ក្នុង​វីដេអូ​មួយ​កាលពី​ខែកក្កដា ឆ្នាំ២០១៤។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​។

ហ្វីលីពីន​គឺ​ជា​គោល​ដៅ​ថ្មី​

អ្នក​វិភាគ​មួយ​ចំនួន​បាន​អះអាង​ថា​ជន​ជ្រុល​និយម​ជាច្រើន​ក្នុង​ប្រទេសឥណ្ឌូណេស៊ី​ដែល​មាន​បំណង​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋឥស្លាម ​សព្វ​ថ្ងៃ​នេះ​កំពុង​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ជាជាង​ទៅ​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់ ដោយសារ​តែ​ស្ថានភាព​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ភេរវកម្ម​បាន​កាន់កាប់​កាល​ពីមុន​បាន​ចុះ​ថមថយ ​ដោយសារ​តែមាន​យុទ្ធនាការ​របស់​យោធា​ប្រឆាំង​នឹង​ក្រុម​នេះ​ជាបន្តបន្ទាប់​នៅ​ក្នុង​តំបន់។

លោក ​Ridwan Habib នៃ​សាកលវិទ្យាល័យឥណ្ឌូណេស៊ី​បាន​និយាយ​ថា៖ «​បើ​និយាយ​ពី​ការ​ចំណាយ រយៈចម្ងាយ​ និងការ​ធ្វើ​ដំណើរ​ចូល​ក្នុងប្រទេស​ហ្វីលីពីន​គឺ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង។ ដូច្នេះ​ក្រុម​រដ្ឋឥស្លាម​មកពីឥណ្ឌូណេស៊ី​បាន​ជ្រើស​រើស​ទៅ​ទីក្រុង Marawi ជាជាង​ទៅ​ប្រទេស​ស៊ីរី»។

លោក​ Habib បាន​ព្រមាន​ថា​ ស្ថានភាព​អាច​នឹង​កាន់តែ​អាក្រក់​បើ​សិន​ជា​ជម្លោះ​នៅ​ក្នុង​ទីក្រុង Marawi នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ឬ​គ្រប់គ្រង​បាន​ល្អ​ទេ​នោះ។
អ្នកវិភាគ​បាន​អះអាង​ថា​ជន Mahmud Ahmad ដែល​ជា​ជន​សកម្មប្រយុទ្ធ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ប្រទេស​ហ្វីលីពីន​និង​បាន​សិក្សា​នៅ​ក្នុង​ទីក្រុង Islamabad ​ប្រទេស​ប៉ាគីស្ថាន​ បាន​ព្យាយាម​ជួយ​បង្កើត​វត្តមាន​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ជន Ahmad ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​គេសម្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​ក្នុង​ទីក្រុង Marawi កាលពី​ខែ​មិថុនា ប៉ុន្តែ​លោក Khalild Abu Bakar ស្នងការ​ប៉ូលិស​ម៉ាឡេស៊ីបាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​លោក​ជឿ​ថា​ជន Ahmad នៅ​មាន​ជីវិត​នៅ​ឡើយ។​

លោក​ឧត្តមសេនីយ៍ Eduardo Ano នាយ​សេនាធិការ​កងកម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន​ បាន​និយាយ​ថា​ជន ​Ahmad​ បាន​បញ្ជូន​ថវិកា​ជាង​៦០០.០០០​ដុល្លារ​ពី​ក្រុម​រដ្ឋឥស្លាម​ដើម្បី​ទិញ​អាវុធ ចំណីអាហារ​ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​សម្រាប់​ការវាយប្រហារ​ក្នុង​ទីក្រុង​ Marawi។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press។​

​ការ​ពិបាក​សម្រេចចិត្ត​ចំពោះ​យុទ្ធជន​រដ្ឋឥស្លាម​ដែល​វិលត្រឡប់​មក​វិញ

យុទ្ធជន​ជាច្រើន​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋឥស្លាម​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់ កំពុង​តែត្រឡប់​មក​លំនៅដ្ឋាន​របស់​ពួកគេ​វិញ​នៅពេល​ដែល​ក្រុម​ភេរវកម្ម​កំពុង​បរាជ័យ​នៅ​មជ្ឈិមបូព៌ា។​

រដ្ឋាភិបាលឥណ្ឌូណេស៊ី​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​មុនថា ជនជាតិឥណ្ឌូណេស៊ី​ចន្លោះ​ពី​១៦៩​នាក់​ទៅ​៣០០​នាក់​ដែល​បាន​ប្រយុទ្ធ​ឲ្យ​ក្រុម​រដ្ឋឥស្លាម​ បាន​ត្រឡប់​មកវិញ​ហើយ។

លោក​ឧត្តមសេនីយ៍ឯក​ Simandjuntak មេបញ្ជាការ​យោធា​ម្នាក់​នៅ​កោះ​បាលី បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ចុង​ខែ​សីហា​ថា៖ «ទោះបី​ជាខ្ញុំ​បាន​និយាយ​ថា​ នៅ​បាលី​មាន​សាខា​ក្រុម​រដ្ឋឥស្លាម​ចំនួន​៥០ និង​ ២៥ នៅ​ខេត្តEast Nusa Tenggara​ និង​ ៦០០​នៅ​ខេត្ត Nusa Tenggara Barat យើង​ដឹង​ថា​ពួកគេ​នៅ​កន្លែង​ណាហើយ​ ហើយ​យើង​គ្រប់គ្រង​ស្ថានការណ៍​បាន»។​

លោក​បាន​បន្ថែម​ថា៖ «ពួកគេ​កំពុង​ដេក​លក់​ឬ​គ្មាន​សកម្មភាព​អ្វី​ទេ»។
លោក Abdul Haris Masyhari នាយក​នៃ​គណៈកម្មាធិការ​ស្តី​ពី​កិច្ចការពារ​និង​ទំនាក់ទំនង​បរទេស​នៅ​ក្នុង​សភាឥណ្ឌូណេស៊ី​ បារម្ភ​ថា​ការវិលត្រឡប់​មកវិញ​របស់​យុទ្ធជន​រដ្ឋឥស្លាម​អាច​បង្កើត​ក្រុម​តូចៗ​នៅ​ស្រុក​កំណើត​របស់​ពួកគេ។

លោក Masyhari បាន​និយាយ​ថា៖​ «ដោយ​យោងតាម​កោះ​បាលី ខ្ញុំ​សង្ឃឹម​ថា​ការ​អនុវត្ត​ច្បាប់នឹងចាត់​វិធានការ​ការពារ​ដើម្បី​បង្អាក់​គម្រោង​សម្ងាត់​របស់​ភេរវករ»។​
អ្នក​ប្រឆាំង​នឹងក្រុម​រដ្ឋឥស្លាម​កំពុង​កើនឡើង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ចំណោម​សាធារណជន។

កាលពី​ខែ​ឧសភា ការ​ស្ទង់មតិ​មួយ​ទៅ​លើមនុស្ស​ពេញវ័យ​ចំនួន​១៣៥០​នាក់​បាន​បង្ហាញ​ថា​ ស្ទើរ​តែ​៩០ភាគរយ​នៃ​អ្នកចូលរួម​គិតថា​ក្រុម​រដ្ឋឥស្លាម​គឺ​ជា​ការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​មួយ​សម្រាប់ប្រទេស​ពួកគេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​ស្ទង់មតិ​មួយ​ចំនួន​ទៀត​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បាន​បង្ហាញ​ពី​ការកើនឡើង​នៃ​មនោគមវិជ្ជា​ជ្រុល​និយម​ក្នុង​ចំណោម​យុវជន​ ដែលពេញ​ចិត្ត​នឹងជន​ជ្រុលនិយម​៕

ប្រែ​សម្រួល​ដោយ​ ទុំ​ ម្លិះ

XS
SM
MD
LG