ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់ក្នុងការវាយប្រហារ​ដោយគ្រាប់បែក​នៅ​ទីក្រុង​ធំៗ​របស់ប៉ាគីស្ថាន


ប៉ូលិស​និង​មន្រ្តីជួយសង្រ្គោះ​គ្របសាកសព​បន្ទាប់ពីការផ្ទុះ​នៅ​ទីក្រុង​ Quetta ប្រទេស​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី២៣ មិថុនា ២០១៧។
ប៉ូលិស​និង​មន្រ្តីជួយសង្រ្គោះ​គ្របសាកសព​បន្ទាប់ពីការផ្ទុះ​នៅ​ទីក្រុង​ Quetta ប្រទេស​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី២៣ មិថុនា ២០១៧។

មន្ត្រីប៉ាគីស្ថាននិយាយថា មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ការវាយ​ប្រហារ​បួន​ករណី​ផ្សេងគ្នា​ នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ប៉ាគីស្ថាន។

មនុស្ស​ជាង​១០០នាក់​ទៀត​បានរង​របួស​ក្នុង​ការវាយ​ប្រហារ ដែល​បានចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Quetta នៅ​ភាគ​នីរតី នៅ​ពេល​ឡាន​បង្កប់​គ្រាប់បែក​មួយបានសម្លាប់​មនុស្សយ៉ាងតិច១៣នាក់​ និង​របួស​២០​នាក់ផ្សេងទៀត។ មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ទំនង​ជា​គោលដៅ​នៃ​ការវាយ​ប្រហារនោះ​ ហើយ​មាន​បុគ្គលិក​យ៉ាង​តិច​៧នាក់​នៅក្នុង​ចំណោម​អ្នកស្លាប់។ ក្រុម​រដ្ឋ​ឥស្លាម ISIS និង​ក្រុម Jamaat-ul-Ahrar ដែល​ជា​ផ្នែកមួយ​របស់​ក្រុម​តាលីបង់ ប៉ាគីស្ថាន​ បាន​ប្រកាស​ទទួល​ខុសត្រូវ​សម្រាប់​ការវាយ​ប្រហារនៅ​ Quettaនេះ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក គ្រាប់​បែកពីរ​បាន​ផ្ទុះ​ផ្ទួនៗ​គ្នា​នៅភាគ​ពាយព្យ​ទីក្រុង Parachinar ដោយ​មានគោលដៅ​វាយ​ប្រហារ​ក្នុងទី​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​កកកុញ ​នៅក្នុងស្រុក​របស់​កុលសម្ព័ន្ធ​ Kurram ដែល​គ្រប់គ្រង​ពាក់​កណ្តាល​ស្វយ័ត នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​មនុស្សយ៉ាងតិច​២៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ទាំងនេះ។

Sajid Turi​ ​សមាជិក​សភា​នៅតំបន់​នេះ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ពេល​រសៀល​ដែលមនុស្សច្រើន​គ្រាប់​បែក​មិន​សូវ​ខ្លាំងមួយ​បាន​ផ្ទុះ​មុន​ការផ្ទុះ​គ្រាប់​បែក​ទីពីរ​ដែល​មាន​កម្លាំង​ខ្លាំងក្លា។ តំណាងរាស្ត្រ​នេះ​និយាយ​ថា លោក​ប៉ាន់​ស្មាន​ថា​ចំនួន​មនុស្ស​ស្លាប់​នឹងកើនឡើង។ ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​និយាយ​ថា មាន​អ្នករបួស​ជាង​៣០​នាក់​ត្រូវ​បាន​ដឹក​មក​មន្ទីរ​ពេទ្យ​ដោយ​មានសភាពធ្ងន់ធ្ងរ។ មនុស្ស​រស់នៅ​តំបន់​រងការ​វាយ​ប្រហារ​នេះ​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនា​ឥស្លាម​និកាយ Shi'ite។

សេចក្តី​ប្រកាស​របស់​កងទ័ព​សរសេរ​ថា កងទ័ព​បាន​បញ្ជូន​ឧទ្ធម្ភាគ​ចក្រ​ចំនួន២គ្រឿង​ទៅតំបន់ Parachinar ដើម្បី​ដឹក​អ្នករបួស​មក​មន្ទីរ​ពេទ្យនៅ​ទីក្រុង ​Peshawar។ មិនទាន់​មាន​ក្រុមណា​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ការវាយ​ប្រហារនៅ​ Parachinar ​ទេ។ កាល​ពី​យប់​ថ្ងៃ​សុក្រ​ ខ្មាន់​អាវុធ​បាន​វាយ​ប្រហារ​ប៉ូលិស​នៅ​ក្នុង​ភោជនីយដ្ឋាន​នៅ​តាម​ដង​ផ្លូវ​នៅ​ទីក្រុង​ Karachi ដែល​ជា​ទីក្រុង​កំពង់ផែ​ដោយ​មាន​ប៉ូលិស​៤នាក់​ស្លាប់។ លោក Antonio Guterres អគ្គលេខាធិការ​អ.ស.ប.​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​ Parachinar ហើយ​និយាយ​ថា លោក​សង្ឃឹម​ថា អ្នក​ទទួលខុស​ត្រូវ​ការវាយ​ប្រហារ​នេះ​នឹង​ត្រូវ​កាត់​ទោស៕

XS
SM
MD
LG