ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ប៉ាគីស្ថាន​ដែល​ដឹកអ្នក​ដំណើរ​​ជិត​១០០​នាក់​បាន​ធ្លាក់​​​​​ក្នុង​សង្កាត់​មួយ​នៃ​ក្រុង​ការ៉ាជី


ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆាបឆេះ ក្រោយពីយន្តហោះមួយបានធ្លាក់នៅក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆាបឆេះ ក្រោយពីយន្តហោះមួយបានធ្លាក់នៅក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

យន្តហោះ​ដឹកអ្នក​ដំណើរ​មួយរបស់​អាកាសចរណ៍​ជាតិ​ប៉ាគីស្ថាន ​ដែលបាន​ដឹក​មនុស្ស​យ៉ាង​ហោច​ណាស់ ​៩៨ ​នាក់​បាន​ធ្លាក់​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុងការ៉ាជី​ ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​របស់​ប្រទេស​ប៉ាគីស្ថាន ដោយ​បំផ្លាញ​អគារ​ជា​ច្រើន​នៅ​តាម​ផ្លូវ​ចង្អៀត​មួយ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប៉ាគីស្ថាន​បាន​ទៅ​ដល់​កន្លែងធ្លាក់​ដែល​មាន​ ​ផ្សែង​ហុយ​ ធូលី និង​ភ្លើង​ពី​គំនរ​ នៅ​តាម​ផ្លូវ​ដ៏​ចង្អៀត​ក្នុង​រសៀល​ដែល​ក្តៅ​ហួត​ហែង​ស្រាប់ ​និង​ធ្វើ​ឲ្យ​លំបាក​ដល់​កិច្ចការ​ជួយ​សង្គ្រោះ។ ពួក​គេ​បាន​ទាញ​គំនរ​សាកសព​ និង​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ។​

ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters រាយការណ៍ថា ​មក​ទល់​នឹង​ពេល​នេះ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​បាន​រស់​រានពី​គ្រោះថ្នាក់​នេះ ប៉ុន្តែ​អាជ្ញាធរ​បារម្ភ​ថា ​អ្នក​ដទៃ​ទៀត​លើ​យន្ត​ហោះ​ទំនង​បាន​ស្លាប់។

យន្តហោះ​ប្រភេទ​ Airbus A320 របស់​អាកាសចរណ៍​ជាតិ​ប៉ាគីស្ថាន​ ឈ្មោះ Pakistan International Airlines បានហោះ​ចេញ​ពី​ទី​ក្រុង Lahore ភាគ​ខាង​ជើង​ប្រទេស​មក​កាន់​ទី​ក្រុងការ៉ាជី ភាគ​ខាង​ត្បូង​ប្រទេស​ មុន​ពេល​វា​បាន​ធ្លាក់​នៅ​សង្កាត់ Model Colony ​មុន​ចុះចត​នៅ​ទីក្រុង​គោលដៅ​នេះ។​

សាក្សី​និយាយ​ថា យន្តហោះនេះហាក់​បាន​ព្យាយាម​ចុះចត​ពីរ​ឬ​បី​ដង ​មុន​ពេល​វា​ធ្លាក់​ក្នុង​សង្កាត់​ក្រីក្រ​និង​មាន​មនុស្ស​ច្រើន​នេះ។

ក្រុមហ៊ុនផលិតយន្តហោះ​ Airbus មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​អំពី​ការ​ធ្លាក់​នេះ។ យន្តហោះ​ Airbus នេះ​អាច​ដាក់​អ្នក​ដំណើរ​បាន​ដល់​ ១៦០​ នាក់ ​ប៉ុន្តែ​ត្រូវ​បន្ថយ​ចំនួន​អ្នក​ដំណើរ​ ដោយ​សារ​វិធានការ​រក្សាគម្លាតពីគ្នា​ក្នុង​សង្គម​ ដោយ​សារ​ជំងឺ​កូវីដ១៩។

នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan បាន​សរសេរ​ក្នុង Twitter ថា លោកមាន​ការ​រន្ធត់​និង​សោកសៅ​ចំពោះ​គ្រោះថ្នាក់ ​និង​ចូល​រួម​មរណទុក្ខ ​និង​បួងសួង​ជាមួយ​ក្រុមគ្រួសារ​ជន​រង​គ្រោះ៕

XS
SM
MD
LG