ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះពាណិជ្ជកម្ម​អ៊ុយក្រែន​មួយគ្រឿង​បាន​ធ្លាក់​សម្លាប់​មនុស្ស​១៧៦​នាក់


រូបថតបង្ហាញពីគ្រឿងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលបានធ្លាក់ បន្ទាប់ពីហោះចេញពីព្រលានយន្តហោះក្នុងក្រុងតេរ៉ង់។
រូបថតបង្ហាញពីគ្រឿងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលបានធ្លាក់ បន្ទាប់ពីហោះចេញពីព្រលានយន្តហោះក្នុងក្រុងតេរ៉ង់។

យន្តហោះ​ពាណិជ្ជកម្ម​អ៊ុយក្រែន​មួយ​គ្រឿង​បាន​ធ្លាក់​ភ្លាមៗ ​បន្ទាប់​ពី​ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន​មួយ​នៅ​រដ្ឋធានី​តេរ៉ង់ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃពុធ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​លើ​យន្ដហោះ​នោះ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋអ៊ីរ៉ង់​បាន​រាយ​ការណ៍ថា ​យន្ដហោះ​នេះ​បាន​ដឹក​អ្នក​ដំណើរ​និង​អ្នក​បម្រើ​និងអាកាស​យានិក​១៧៦​នាក់។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ដកស្រង់​សម្តី​មន្ត្រី​សង្គ្រោះ​បន្ទាន់​និង​ប្រធាន​អង្គការ​អឌ្ឍ​ចន្ទក្រហម​អ៊ីរ៉ង់​ដែល​និយាយ​ថា៖ ​«គ្មាន​អ្នក​នៅ​រស់​ទេ»។​

អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុដែល​បណ្តាល​ឱ្យ​យន្តហោះ​នេះធ្លាក់។ ​របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង​បាន​និយាយ​ថា ​គេ​សង្ស័យ​ការ​ធ្លាក់​នេះ​អាចបណ្តាល​មក​ពី​បញ្ហា​មេកានិចប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។​ ក្រុមហ៊ុន​ផលិត​យន្ដហោះ​ Boeing ​បាន​និយាយ​ថា ​ខ្លួន​ដឹង​អំពី​របាយ​ការណ៍​នៃ​ការធ្លាក់​យន្ត​ហោះ​នេះ​ហើយ​ ហើយ​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskiy​ បាន​បញ្ជាក់​ថា ​មិន​មាន​អ្នកនៅ​រស់​ទេ។​យន្តហោះ​នេះ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Kyiv ។​ ​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា​ មាន​ដឹក​អ្នក​ដំណើរ​១៦៧​នាក់​និង​អ្នក​បម្រើនិង​អាកាស​យានិក​ចំនួន​៩​នាក់។​

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​លោក ​Vadym Prystaiko ​បាន​និយាយ​ថា ​អ្នក​ស្លាប់​រួម​មាន​ជនជាតិអ៊ីរ៉ង់​៨២​នាក់ ​ជនជាតិ​កាណាដា​៦៣​នាក់ ​ជនជាតិ​អ៊ុយក្រែន​១១​នាក់ជនជាតិ​ស៊ុយអែត​១០ ​ជនជាតិ​អាហ្វហ្គានីស្ថាន៤​នាក់​ អាល្លឺម៉ង់​៣​នាក់​និង​អង់គ្លេស៣​នាក់៕

XS
SM
MD
LG