ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​ចូលរួម​ជាមួយ​អារ៉ាប៊ី​សាអូឌីត និង​ចិន​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អ.ស.ប


ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ជួប​ប្រជុំ​គ្នា​លើ​វបត្តិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៧ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប។
ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ជួប​ប្រជុំ​គ្នា​លើ​វបត្តិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៧ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប។

ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ជ្រើសតាំង​ ដោយ​មិន​មាន​ការ​ប្រឆាំង​ ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ទោះបី​ជា​មាន​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា ​ស្តី​ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន និង​ជនជាតិ​ភាគ​តិច​ក៏​ដោយ។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមីនា ឆ្នាំ២០០៦។ ក្រុមប្រឹក្សា​នេះ​មាន​ប្រទេស​៤៧​ជា​សមាជិក​ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​របស់​បុគ្គល​នៅ​ជុំវិញ​ពិភពលោក។

នៅ​ពាក់​កណ្តាល​ខែ​តុលា ប្រទេស​អូស្ត្រាលី​ បាន​ក្លាយ​ជា​សមាជិក​ថ្មី​មួយ​ក្នុង​ចំណោម​សមាជិក​ថ្មី​ចំនួន​១៥ រួម​ទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និង​កាតា។ ប្រទេស​ទាំង​នេះ​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​សមាជិក​ចាស់​ ដែល​រួម​មាន​អារ៉ាប៊ី​សាអូឌីត ចិន និង​អង់គ្លេស។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​នានា​ដែល​មាន​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ​ ត្រូវ​ឲ្យ​គេ​ពិនិត្យ និង​ចោទ​ជា​សំណួរ​លើ​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ពួកគេ។

រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ បាន​ការពារ​កំណត់ត្រា​របស់​ខ្លួន ដោយ​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​អូស្ត្រាលី​ ដែល​ជា​ប្រទេស​មាន​វប្បធម៌​ចម្រុះ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​មួយ បាន​ផ្តល់​ការ​តាំង​ទីលំនៅ​សារ​ជា​ថ្មី​ដល់​ជន​ភៀស​ខ្លួន​ជាង​៨៦៥.០០០នាក់ ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២​មក។ ក្រុម​មន្ត្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រទេស​អូស្ត្រាលី​កំពុង​បិទ​ជំរំ​ឃុំ​ខ្លួន​ដ៏​ចម្រូងចម្រាស​មួយ​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ហើយ​បាន​យក​ក្មេងៗ​ទាំង​អស់​ចេញ​ពី​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​ផង​ដែរ។

លោកស្រី Julie Bishop រដ្ឋមន្ត្រី​ការបរទេស ​បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី​នឹង​ក្លាយ​ជា​កន្លែង​មួយ ដែល​មិន​មាន​ការ​ភ័យ​ខ្លាច ​ក្នុង​ការ​តស៊ូ​មតិ​អំពី​សិទ្ធិ​មនុស្ស​ជុំវិញ​ពិភពលោក។

«យើង​ជា​ប្រទេស​ប្រកាន់​គោលការណ៍ និង​ដោះស្រាយ​បញ្ហា​ដោយ​ផ្នែក​លើ​ហេតុផល ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។ យើង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន ការ​ផ្តល់​អំណាច​ដល់​ស្ត្រី សិទ្ធិ​ជនជាតិ​ភាគ​តិច និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​ដ៏​រឹងមាំ​នៅ​ក្នុង​ស្រុក និង​បញ្ហា​ស្រដៀង​នេះ​ផ្សេង​ទៀត»។

ប៉ុន្តែ​ ក្រុម​សិទ្ធិ​មនុស្ស​មាន​មន្ទិល​សង្ស័យ​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​អូស្ត្រាលី។ ពួកគេ​បាន​ថ្កោលទោស​ជាប្រចាំ​ លើ​ការ​ឃុំ​ខ្លួន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ នៅ​ក្នុង​ជំរំ​ក្រៅ​ប្រទេស ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ថា​ មិន​អើពើ​លើ​សហគមន៍​ជនជាតិ​ភាគ​តិច​ ដែល​រង​ទុក្ខទោស​ខ្លាំង ដោយសារ​ភាព​ក្រីក្រ​ក្នុង​អត្រា​ខ្ពស់ បញ្ហា​សុខាភិបាល និង​ការ​ជាប់​ពន្ធនាគារ។

លោកស្រី Anna Brown ប្រធាន​ផ្នែក​តស៊ូ​មតិ​ផ្លូវ​ច្បាប់​នៅ​មជ្ឈមណ្ឌល​ច្បាប់​សិទ្ធិ​មនុស្ស​ (Human Rights Law Center) បាន​និយាយ​ថា​ ខណៈ​ដែល​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ​លើ​សិទ្ធិ​មនុស្ស​ភេទ​ទី៣ ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ ត្រូវ​តែ​ដោះស្រាយ។

«ប្រទេស​អូស្ត្រាលី​ជា​ភាគី​មួយ​ ដែល​ដើរតួនាទី​ដ៏​មាន​ប្រសិទ្ធភាព​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ក្នុង​ការ​លើក​ស្ទួយ​ការ​ការពារ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBTI) នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ជាក់​ស្តែង ​មាន​ឧទាហរណ៍​ផ្សេង​ទៀត​ដែល​អូស្ត្រាលី​ ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ។ ប្រទេស​នេះ​ត្រូវ​និយាយ​ និង​បង្ហាញ​ជំហរ​ជា​គោលការណ៍ ហើយ​មិន​ត្រូវ​ជ្រើស​រើស​ផ្នែក​ណា​មួយ ដែល​ខ្លួន​ចង់​និយាយ​អំពី​សិទ្ធិ​មនុស្ស​នោះ​ទេ»។

ប្រទេស​អូស្ត្រាលី​ នឹង​កាន់​តំណែង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​រយៈពេល​៣ឆ្នាំ ដោយ​ចាប់​ផ្តើម​ពី​ខែ​មករា​ទៅ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG