អ៊ីស្លាម៉ាបាត ប៉ាគីស្ថាន៖ ខណៈដែលប្រទេសប៉ាគីស្ថាន(Pakistan) ព្យាយាមទប់ទល់ជាមួយនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រទេសនេះក៏បានជួបប្រទះនូវការវាយប្រហារគ្រាប់បែកអត្តឃាតធំៗមួយចំនួនប្រឆាំងនឹងនិកាយស៊ីអ៊ីត (Shi'ites) ដែលមានចំនួនតិច កាលពីប៉ុន្មានថ្ងៃកន្លងទៅ។ ការវាយប្រហារធំៗចំនួនពីរលើក ដែលមួយកើតនៅទីក្រុងឡាហ័រ (Lahore) និងមួយទៀតនៅហ្កេតា (Quetta) បានសម្លាប់មនុស្សជាង១០០នាក់ និងធ្វើឲ្យរបួសមនុស្សរាប់រយនាក់ផ្សេងទៀត។
អាជ្ញាធរប៉ាគីស្ថានស្ថិតក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់នៅទូទាំងប្រទេស ដោយសារតែអំពើហិង្សាថ្មីៗខាងនិកាយសាសនាបានគំរាមកំហែង ដល់ការប្រឹងប្រែងរបស់រដ្ឋាភិបាល ខណៈដែលកំពុងជាប់រវល់ដោះស្រាយវិបត្តិទឹកជំនន់នៅក្នុងប្រទេស។
លោក រ៉េម៉ាន ម៉ាលីក (Rehman Malik) រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃសៅរ៍ នៅទីក្រុង អ៊ីស្លាម៉ាបាត ថា កងជីវពលគាំទ្រការដុតបញ្ឆេះភ្លើងនិកាយសាសនា ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាល ជាពិសេសបន្ទាប់ពីការវាយលុកខាងយោធាជាបន្តបន្ទាប់ ដែលសំដៅទៅរកទីតាំងរឹងមាំរបស់ពួកគេ នៅភាគឥសាននៃប្រទេសប៉ាគីស្ថាន។ លោកមានប្រសាសន៍ថា ពួកក្រុមជីវពល ភុនចាប៊ី (Punjabi) ដូចជា ឡាសការអ៊ីចាងវី (Lashkar-e-Jhangvi) និងក្រុមផ្សេងៗទៀត ដូចជាអាល់កៃដា (al-Qaida) និងតេរិកអ៊ីតាលីបាន (Tehrik-e-Taliban) គឺជាក្រុមតែមួយហើយដូចៗគ្នា។
ក្រុមតេរិកអ៊ីតាលីបាន ដែលជាចលនាតាលីបានក្នុងស្រុករបស់ប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកយ៉ាងធំបំផុតចំនួនពីរលើក នៅក្នុងខែនេះ ដែលមួយលើកនៅក្នុងទីក្រុងឡាហ័រ និងមួយលើកទៀតនៅហ្កេតា។ អំពើហិង្សានេះបានបញ្ចប់ភាពស្ងៀមស្ងាត់នៃការវាយប្រហារ ចាប់តាំងពីទឹកជំនន់យ៉ាងធំសម្បើមបានចាប់ផ្តើមនៅចុងខែកក្កដានេះ។
រដ្ឋាភិបាលបានប្រឈមមុខទៅនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង និងជនរងគ្រោះដោយសារទឹកជំនន់ ចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងគ្រោះមហន្តរាយ ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០លាននាក់ នៅទូទាំងប្រទេស។
លោក អ៊ីស្តាគ អាហ្វម៉េត (Ishtiaq Ahmad) អ្នកវិភាគនៅសាកលវិទ្យាល័យឃ្វេដអ៊ីអាស៊ាម (Quaid-e-Azam University) នៅទីក្រុងអ៊ីស្លាម៉ាបាត បានឲ្យដឹងថា លោកជឿជាក់ថា កងជីវពលកំពុងសំដៅទៅរកការរើសអើងខាងនិកាយសាសនាដែលមានជាយូរមកហើយ ដើម្បីធ្វើឲ្យខឹងសម្បារ និងបង្កអស្ថិរភាពដល់រដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលកំពុងពុះពារដោះស្រាយគ្រោះមហន្តរាយទឹកជំនន់យ៉ាងធំសម្បើមនេះ។ លោកបន្តថា៖
«នេះជាឱកាសដ៏ល្អកម្រមានរបស់ពួកគេ ដើម្បីកេងចំណេញយ៉ាងពិតប្រាកដ ចំពោះចន្លោះមួយដែលកំពុងកើតមានឡើងនៅក្នុងសង្គមប៉ាគីស្ថាន ដែលជាពិសេសការវិវត្តជុំវិញភាពខ្វែងគំនិតគ្នាផ្នែកខាងនិកាយសាសនា កាលពីជាងបីទសវត្សរ៍កន្លងទៅ»។
លោកបានកត់សម្គាល់យ៉ាងរហ័សថា អំពើហិង្សាផ្នែកខាងនិកាយសាសនាកើតឡើងមុនអំពើភេរវកម្មគ្រប់ប្រភេទទាំងអស់ នៅប៉ាគីស្ថាន ដោយធ្វើឲ្យអំពើហិង្សានេះទៅជាឧបរកណ៍ដ៏មានប្រសិទ្ធភាព និងងាយស្រួលសម្រាប់ពួកជ្រុលនិយមនាពេលបច្ចុប្បន្ននេះ ដើម្បីកេងយកចំណេញ។
ចាប់តាំងពីគ្រោះទឹកជំនន់បានចាប់ផ្តើម ក្រុមយោធាប៉ាគីស្ថានបានប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីជួយចែកចាយជំនួយ និងទៅជួយជនរងគ្រោះ។
និយាយទៅកាន់ទាហានអាមេរិកាំង ក្នុងដំណើរទស្សនកិច្ចនៅភាគខាងត្បូងនៃប្រទេសអាហ្វកានីស្ថាន (Afghanistan) លោករ៉ូប៊ើត ហ្គេត (Robert Gates) រដ្ឋមន្ត្រីការពារជាតិអាមេរិក មានប្រសាសន៍ថា លោករំពឹងថា គ្រោះទឹកជំនន់នឹងមានផលប៉ះពាល់ដល់កិច្ចប្រឹងប្រែងដែលកំពុងបន្តរបស់ក្រុមយោធាប៉ាគីស្ថានប្រឆាំងនឹងពួកក្រុមជីវពល។
លោកមានប្រសាសន៍ថា សភាពការណ៍បច្ចុប្បន្ននេះអាចពន្យារការវាយលុកថ្មីៗ ប្រឆាំងនឹងក្រុមជីវពល ដែលប្រើប្រាស់ជម្រកសុវត្ថិភាពនៅតាមតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន ដូចជានៅវ៉ាហ្សីរីស្ថានភាគខាងជើង (North Waziristan) ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងចម្រុះជាតិសាសន៍ និងអាហ្វកានីស្ថាន។
លោកឧត្តមសេនីយ៍ត្រីចូលនិវត្តន៍ ម៉ាមូឌ សាហ៍ (Mahmood Shah) អតីតប្រធានសន្តិសុខនៅតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន ប្រាប់វីអូអេថា លោកយល់ស្របថា ក្រុមយោធាទំនងជានឹងប្រកាន់យកការពង្រីកប្រតិបត្តិការជាឯកតោភាគីរបស់ខ្លួនប្រឆាំងពួកក្រុមជីវពល។
លោកមានប្រសាសន៍ថា ពួកក្រុមជីវពល ដែលមានមូលដ្ឋាននៅភាគឥសាននៃប៉ាគីស្ថាន ប្រហែលជាគេចចេញពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតនេះ ដោយស្វែងរកកន្លែងជ្រកកោន នៅតាមតំបន់ដាច់ស្រយាល និងភ្នំខ្ពស់ៗ។ ជាមួយគ្នានេះដែរ លោកបានឲ្យដឹងទៀតថា គ្រោះទឹកជំនន់បានប៉ះពាល់យ៉ាងខ្លាំងទៅលើការចល័តទ័ព និងបង្ខំឲ្យក្រុមយោធាបញ្ជូនឧទ្ធម្ភាគចក្រតាមឃ្លាំមើលពួកក្រុមជីវពល ទៅធ្វើការស្រោចស្រង់ក្នុងទឹកជំនន់ និងកិច្ចប្រឹងប្រែងជួយសង្គ្រោះវិញ។ លោកនិយាយថា ក្រុមយោធាត្រូវតែបែរមកផ្តោតការយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងនឹងក្រុមជីវពលនេះ។ លោកបន្តថា៖
«កងទ័ពមិនត្រូវចូលជ្រៅទៅក្នុងអ្វីដែលពួកគេកំពុងធ្វើ ទាក់ទងទៅនឹងការប្រមែប្រមូលរបស់របរសម្រាប់ជួយសង្គ្រោះក្នុងគ្រោះទឹកជំនន់ និងដំណើរការស្តារឡើងវិញ ដែលខ្ញុំគិតថា ជាកិច្ចការរបស់រដ្ឋបាលស៊ីវិល»។
លោកម៉ៅរីហ្សូ ហ្គូលៀនណូ (Maurizio Giuliano) អ្នកនាំពាក្យរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (United Nations' Office for the Coordination of Humanitarian Affairs) នៅប៉ាគីស្ថាន មានប្រសាសន៍ថា ទីភ្នាក់ងារជួយសង្គ្រោះកំពុងធ្វើការជាមួយរដ្ឋាភិបាលយ៉ាងស្វិតស្វាញ ដើម្បីជួយជនរងគ្រោះ នៅទូទាំងប្រទេស។
គ្រោះទឹកជំនន់បានធ្វើឲ្យហិនហោចដល់មនុស្សរាប់លានគ្រួសារ ពាសពេញផ្ទៃប្រទេស ដោយរាប់បញ្ចូលទាំងតំបន់ ដែលត្រូវបានស្គាល់ថា ជាទីតាំងរឹងមាំរបស់ពួកក្រុមជីវពលទៀតផង៕
ប្រែសម្រួលដោយលី សុខឃាង