តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសាកសួរមេដឹកនាំសហជីព លោក រ៉ុង ឈុន អំពីការចុះបញ្ជិកាសហជីពនិងសេចក្តីថ្លែងការណ៍របស់លោកអំពីភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលនាំឲ្យអាជ្ញាធរចាប់ខ្លួនលោក កាលពីចុងខែកក្កដា ឆ្នាំ២០២០។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជានិងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយរិះគន់ការបោះបង្គោលព្រំដែនក្នុងខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងសម្លៀកបំពាក់អ្នកជាប់ពន្ធនាគារលោក រ៉ុង ឈុន បានលើកដៃដែលជាប់ខ្នោះជាមួយអ្នកជាប់ឃុំម្នាក់ទៀត ដើម្បីបង្ហាញតំណាងស្ថានទូតនិងអ្នកសង្កេតការណ៍សិទ្ធិមនុស្សមួយចំនួន មុននឹងលោកប្រាប់តុលាការថា លោកមិនបានប្រព្រឹត្តបទឧក្រិដ្ឋដែលនាំឲ្យចលាចលក្នុងសង្គមនោះទេ។ លោកលើកឡើងបែបនេះនៅក្នុងសវនាការជំនុំជម្រះ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ។
សេចក្តីថ្លែងការណ៍អំពីការបោះបង្គោលព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែកនោះ ស្ថិតនៅក្នុងចំណុចស្នូលនៃការជជីកសួរដេញដោលរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឺលោកចៅក្រម លិ សុខាតំណាងអយ្យការនិងក្រុមមេធាវីការពារក្តីឲ្យរដ្ឋាភិបាល។
លោក រ៉ុង ឈុន បានប្រឈមនឹងសំណួរជាច្រើន ហើយពេលខ្លះច្រំដែលពាក់ព័ន្ធនឹងការចុះបញ្ជិកាសហជីពរបស់លោក និងការប្រើប្រាស់ក្បាលលិខិតដែលប្រើឈ្មោះថា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា»។
មេដឹកនាំសហជីពរូបនោះជាច្រើនដង ក៏រក្សាសិទ្ធិមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងដំណើររបស់លោក ក្នុងការចុះពិនិត្យបង្គោលព្រំដែន លេខ១១៤ និង១១៩ ក្នុងខេត្តត្បូងឃ្មុំ ហើយថា លោកក៏មិនបានមើលខ្លឹមសាររបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ដែលបដិសេធសេចក្តីថ្លែងការណ៍របស់លោក។
លោក រ៉ុង ឈុន ក៏ត្រូវបានសួរអំពីសេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០ ដែលរាយការណ៍ថា «យោធាវៀតណាមប្រដាប់ដោយអាវុធនិងដំបងឆក់ ជាង៣០នាក់ ចូលឈ្លានពាន និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរជាច្រើនគ្រួសារ មិនឲ្យធ្វើស្រែលើដីរបស់ខ្លួនតាមបណ្ដោយព្រំដែន»។
លោកចៅក្រម លិ សុខា បានតាំងសំណួរដំបូងទៅលោករ៉ុង ឈុនថា៖ «នរណាអ្នកបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា?»។
មុននឹងឆ្លើយលោក រ៉ុង ឈុន ប្រាប់អ្នកឃ្លាំមើលសវនាការ ថារឿងក្តីរបស់លោកជារឿងអយុត្តិធម៌។បន្តិចក្រោយមកលោកថា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបង្កើតឡើងនៅឆ្នាំ២០០២។ អ្នកដែលរួមគ្នាបង្កើតគឺខ្ញុំ និងលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់…»។
លោក លិ សុខា បន្តចោទសួរថា«នរណាជាប្រធាន?» «បង្កើតដើម្បីអ្វី?»
លោក រ៉ុង ឈុន និយាយថា៖ «អត់មានរចនាសម្ព័ន្ធទេ» ហើយបង្កើត «ដើម្បីធ្វើសេចក្តីថ្លែងការណ៍រួមពីបញ្ហាសង្គម»។
លោក លិ សុខា ក៏បានសួរលោក រ៉ុង ឈុន ឲ្យបញ្ជាក់ពីការបង្កើតសហជីពដែលមានឈ្មោះថា« សហភាពសហជីពកម្ពុជា» និងរចនាសម្ត័ន្ធរបស់សហជីពនេះដែលលោក រ៉ុង ឈុន ថាក្រោយការបង្កើតសហជីព ហើយត្រៀមចុះបញ្ជិកាតែក្រសួងការងារមិនអនុញ្ញាតឲ្យចុះបញ្ជិកា។
លោកចៅក្រម លិ សុខា បន្តសំណួរថា៖ «ដឹងថាខុសច្បាប់ទេ? អត់ចុះបញ្ជីតែធ្វើ?»
លោក រ៉ុង ឈុន ឆ្លើយថា៖ «អត់ខុសទេព្រោះសហជីពអន្តរជាតិក៏ទទួលស្គាល់»។
លោក រ៉ុង ឈុន បន្ថែមថា សូម្បីក្រសួងការងារក៏ទទួលស្គាល់ ព្រោះអញ្ជើញចូលរួម ។
នៅពេលតំណាងអយ្យការ លោក សេង ហៀង ចាប់ផ្តើមតាំងសំណួរនោះលោក រ៉ុង ឈុន ត្រូវបានសួរអំពីការផ្តល់បទសម្ភាសន៍របស់លោកជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធបញ្ហាព្រំដែនភស្តុតាងដើម្បីគាំទ្រពាក្យសម្តីរបស់ពលរដ្ឋ ដែលថាមានការបាត់ដីទៅប្រទេសវៀតណាម តើសហការីលោកណាមួយមានជំនាញព្រំដែន និងតើលោកមានសរសេរលិខិតទៅគណៈកម្មាធិការព្រំដែន ឬក៏លោកមានដឹងថាតើសេចក្តីថ្លែងការណ៍របស់លោកបង្កផលប៉ះពាល់យ៉ាងណាទៅដល់សាធារណជន។
លោក សេង ហៀង បានលើកឡើងថា៖ «[លោក]មានដឹងថាប៉ះពាល់សាធារជនទេ»?
លោក រ៉ុង ឈុន និយាយថា៖ «ដកស្រង់មតិពលរដ្ឋ ដូច្នេះមិនប៉ះពាល់សាធារណជនទេ»។
លោក រ៉ុង ឈុន បន្តថា៖ «យើងចេញ[លិខិត] ថ្ងៃទី២១ ខែកក្កដា ចាប់[ខ្លួន]ថ្ងៃទី៣១ ក្នុងចន្លោះពេលហ្នឹងមានឲ្យសង្គមកម្ពុជាចលាចលទេ?»។
លោ ករ៉ុង ឈុ ន ថ្លែងយ៉ាងដូច្នេះ ដោយចង់បញ្ជាក់ថា លោកមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែង។
ប៉ុន្តែតំណាងអយ្យការលោក សេង ហៀង អះអាងថា ការចាប់ខ្លួនលោក រ៉ុង ឈុន គឺដោយសារលោក រ៉ុងឈុន បានប្រព្រឹត្ត «បទល្មើសនិរន្ត» ដោយការបង្ហោះឯកសារ ឬរូបភាពនានានៅលើហ្វេសប៊ុកគឺនៅជាប់រហូត។
លោ ករ៉ុង ឈុន បញ្ជាក់ថា៖ «វាមិនឆ្លុះបញ្ចាំងបទល្មើសជាក់ស្តែងទេ។ ក្នុងចន្លោះហ្នឹង មានប្រជាពលរដ្ឋចលាចលទេ? មានតែយុវជនចេញទាមទារ អង្គការអន្តរជាតិចេញលិខិតទាមទារឲ្យដោះលែងខ្ញុំ»។
មួយស្របក់ក្រោយមកនោះលោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន ផ្តល់ការកត់សម្គាល់ថា «បទល្មើសនិរន្តអត់មានទេ» នៅក្នុងច្បាប់។
លោកមេធាវីអធិប្បាយថា៖ «ខ្ញុំបារម្ភថា នៅពេលអយ្យការលើកឡើងក្នុងសវនាការនេះនាំឲ្យមានការភាន់ច្រឡំ»។
ដោយឡែកមេធាវីតំណាងឲ្យរដ្ឋាភិបាលមួយរូប គឺលោក ឈិត បូរ៉ាវុធ កត់សម្គាល់ការប្រើប្រាស់ក្បាលលិខិតជាមួយពាក្យក្រុមប្រឹក្សឃ្លាំមើលកម្ពុជា ទោះមិនទាន់មានការទទួលស្គាល់តាមផ្លូវច្បាប់។
លោកមេធាវីក៏បានលើកជាចម្ងល់នៃការប្រើប្រាស់ពាក្យពេចន៍មួយចំនួន ដូចជាពាក្យថា «យួន» ក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។
លោក បូរ៉ាវុធ និយាយថា៖ «លោកប្រើពាក្យក្នុងសេចក្តីថ្លែងការណ៍អាជ្ញាធរយួន ភាគីយួនលោកចង់បង្កប់អត្ថន័យស្អី?»។
លោក រ៉ុង ឈុន ឆ្លើយថា៖ «មិនមានបង្កប់អត្ថន័យអីទេ»។
លោកបន្ថែមថា សូម្បីវចនានុក្រមសម្តេច ជួន ណាត ក៏មានពាក្យនេះដែរ។
លោក បូរ៉ាវុធ លើកឡើងទៀតថា៖ «គណៈកម្មការព្រំដែនយួនមានន័យយ៉ាងម៉េច?»។
លោក រ៉ុង ឈុន សុំសិទ្ធិមិនបកស្រាយ។
នៅចុងសវនាការដែលប្រើពេល ជាង៣ម៉ោងនោះ ក្រុមប្រឹក្សាជំនុំជម្រះបានបង្ហាញវីដេអូឃ្លីបមួយចំនួន ដែលជាសេចក្តីរាយការណ៍របស់អាស៊ីសេរី ពាក់ព័ន្ធបញ្ហានៅតាមព្រំដែនក្នុងខេត្តត្បូងឃ្មុំនិងសកម្មភាព ក៏ដូចជារូបភាពលោក រ៉ុង ឈុន ជិះម៉ូតូជាមួយពលរដ្ឋពិនិត្យព្រំដែននិងការពិភាក្សាជាមួយប្រជាពលរដ្ឋអំពីបញ្ហាដីធ្លី។
លោក រ៉ុង ឈុន បានប្រាប់តុលាការថា លោកបានចុះជួបតំណាងប្រជាពលរដ្ឋដែលអះអាងថាមានវិវាទដីធ្លីក្នុងស្រុកពញាក្រែក នៅពេលលោកចុះពិនិត្យបង្គោលព្រំដែន។ ប៉ុន្តែលោកប្រកែកមិនបញ្ជាក់អត្តសញ្ញាណពលរដ្ឋ ដែលមកជួបលោក ឬក៏នាំលោកទៅមើលស្ថានភាពតាមព្រំដែននោះទេ។
ក្រុមមេធាវីរបស់លោក រ៉ុង ឈុន ក៏បានបង្អាក់ការសួរដេញដោលនៅពេលខ្លះ ខណៈការសួរសំណួរមានភាពច្រំដែល។
មេធាវីមួយរូបទៀតរបស់លោក រ៉ុង ឈុន គឺលោក ជួង ជូងី ក៏ប្រតិកម្មទៅនឹងការសួរដេញដោលលោកចៅក្រម លិ សុខា។
លោក ជួង ជូងី លើកឡើងថា៖ «លោកចៅក្រមបានធ្វើបុរេសុភវិនិច្ឆ័យ មុនការធ្វើសេចក្តីសន្និដ្ឋាននៃការសួរដេញដោល»។
ការលើកឡើងរបស់លោក ជួង ជូងី យ៉ាងដូច្នេះ ក្រោយពេលលោក លិ សុខា សួរលោក រ៉ុង ឈុន ថាតើប្រជាពលរដ្ឋមានឯកសារអ្វីខ្លះ នៅពេលពួកគេអះអាងអំពីការមានជម្លោះដីធ្លីនៅទីតាំងដែលលោក រ៉ុង ឈុន ចុះទៅពិនិត្យ។
យ៉ាងណាក៏ដោយ តុលាការសម្រេចលើកពេលបន្តទៅជំនុំជម្រះ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមហេតុផលថា តុលាការមានភាពមមាញឹកជាមួយសំណុំរឿងផ្សេងទៀត។
នៅក្រៅសាលាដំបូងរាជធានីភ្នំពេញលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រាប់ក្រុមអ្នកសារព័ត៌មានថា វិធានការរបស់រដ្ឋាភិបាលមកលើលោក រ៉ុង ឈុន គឺជារឿងគួរឲ្យសោកស្តាយដោយមេដឹកនាំសហជីពរូបនេះ បានត្រឹមតែបញ្ចេញមតិនិងសម្តែងកង្វល់ពីបញ្ហាជាតិតែប៉ុណ្ណោះ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានការសង្វេគមែនទែន ដោយសារយើងឃើញថា វាទៅជាពលរដ្ឋម្នាក់គាត់ខ្វាយខ្វល់យើងបែរជានាំគ្នាចំណាយធនធានរដ្ឋ តាមរយៈមានមេធាវីតំណាងប្តឹងផ្តល់ពលរដ្ឋខ្លួនឯង ដោយសារពលរដ្ឋខ្វាយខ្វល់ពីទឹកដី»។
ចំណែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកយល់ថា រដ្ឋាភិបាលមិនគួរមានវិធានការផ្លូវច្បាប់ប្រឆាំងលោក រ៉ុង ឈុន ចំពោះការសម្តែងមតិនោះទេ។ លោកថា រដ្ឋាភិបាលអាចគ្រាន់តែបដិសេធអ្វីដែលលោក រ៉ុង ឈុន លើកឡើងគឺវាគ្រប់គ្រាន់ទៅហើយ។
លោកមានប្រសាសន៍ថា៖ «បើសិនជាករណីហ្នឹងលោក រ៉ុង ឈុន បានធ្វើខុសអ្វីដែលធ្វើឲ្យប៉ះពាល់គឺមុខមាត់និងកិត្តិយសរបស់លោក រ៉ុង ឈុន ហ្នឹងហើយ។ ហើយយើងឆ្លើយតបប៉ុណ្ណឹង ក៏យើងបញ្ចប់ទៅ។ មិនចាំបាច់មានវិធានការផ្លូវច្បាប់ទៅលើលោក រ៉ុង ឈុន ទេបាទ»។
កាលពីចុងឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការថ្លែងរបស់លោក រ៉ុង ឈុន គឺជា «ការមួលបង្កាច់» មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះទេ។
លោកបន្តថា បើសិនជាលោក រ៉ុង ឈុន ចោទសួរមករដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាល «គ្មានហេតុផលចាប់ខ្លួន [លោក] រ៉ុង ឈុន ទេ»។
ប្រសិនបើរកឃើញកំហុស លោក រ៉ុង ឈុន អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ។ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន ការតវ៉ាអហិង្សាបានកើតឡើងជាបន្តបន្ទាប់ ហើយសកម្មជនមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ៕