ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Oxfam៖ បុគ្គលិក​របស់​ខ្លួន​បី​នាក់​បាន​គំរាម​សាក្សី​ម្នាក់​ក្នុង​អំឡុង​ពេល​ស៊ើបអង្កេត​ទៅ​លើ​ការ​ប្រព្រឹត្ត​ខុសឆ្គង​ខាង​ផ្លូវ​ភេទ​នៅ​ហៃទី


លោកស្រី Winnie Byanyima នាយក​ប្រតិបត្តិ​អង្គការ Oxfam ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​ប្រទេស​អាហ្វ្រិក​ នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា។
លោកស្រី Winnie Byanyima នាយក​ប្រតិបត្តិ​អង្គការ Oxfam ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​ប្រទេស​អាហ្វ្រិក​ នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា។

អង្គការ Oxfam បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា បុគ្គលិក​របស់​ខ្លួន​បី​នាក់ ត្រូវ​បាន​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​ខុសឆ្គង​ខាង​ផ្លូវ​ភេទ ក្នុង​អំឡុងពេល​នៃ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ​ក្នុង​ប្រទេស​ហៃទី ដោយ​ប្រើ​កាយវិការ​គំរាមកំហែង​ទៅ​លើ​សាក្សី​ម្នាក់ ខណៈ​ពេល​ដែល​អង្គការ​មនុស្សធម៌​ពិភពលោក​មួយ​នេះ​កំពុង​បើក​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​មួយ​ទៅ​លើ​ការ​ចោទប្រកាន់​នេះ។

អង្គការ Oxfam ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ចេញ​របាយការណ៍​ឆ្នាំ​២០១១​របស់​ខ្លួន​ទៅ​លើ​ការ​ប្រព្រឹត្ត​ខុសឆ្គង​ខាង​ផ្លូវ​ភេទ​របស់​បុគ្គលិក​ខ្លួន​នៅ​ក្នុង​ប្រទេស​ជា​កោះ​នៅ​សមុទ្រ​ការ៉ាអ៊ីប​មួយ​នេះ ដែល​រួម​ទាំង​ការ​ជួល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទៅ​រួម​ភេទ​នៅ​ក្នុង​អគារ​របស់​អង្គការ Oxfam ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង Port-au-Prince ផង​ដែរ។ អង្គការ​មនុស្សធម៌​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បណ្តេញ​មនុស្ស​បួន​នាក់​ចេញ​ពី​ការងារ ដែល​ពួកគេ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អាស្រូវ​នេះ និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​បី​នាក់​ផ្សេង​ទៀត​លាលែង​ពី​តំណែង​ ដោយ​រួម​ទាំង​លោក Roland Van Hauwermeiren ដែល​ជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Oxfam ផង​ដែរ។ ​

លោកស្រី Winnie Byanyima ដែល​ជា​នាយិកា​ប្រតិបត្តិ​អង្គការ Oxfam International បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​ខ្លួន​«ប្តេជ្ញា​ថា​នឹង​ចាត់​វិធាន​ការ​ជា​បន្ទាន់​ឆ្លើយតប​ទៅ​នឹង​ទំនួល​ខុសត្រូវ​សីលធម៌ ដែល​យើង​មាន​ចំពោះ​ស្ត្រី​ក្នុង​ប្រទេស​ហៃទី‍» ហើយ​ថា ខ្លួន​អាច​នឹង​ជួប​ជាមួយនឹង​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​សុំ​អភ័យទោស​ចំពោះ​ទង្វើ​របស់​ខ្លួន​នៅ​លើ​កោះ​នោះ ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​បំផ្លិចបំផ្លាញ​កាល​ពី​ឆ្នាំ​២០១០៕

XS
SM
MD
LG