ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា ​លោក ​ជុន ច័ន្ទបុត្រ​ ​ធ្វើ​ខុស​ច្បាប់​កម្ពុជា


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​នៅក្នុងទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​១៦​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​នៅក្នុងទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​១៦​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដែល​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក បាន​លើក​ឡើង​ពី​របៀប​នៃ​ការ​បន្លំ​ខ្លួន​ដែល​ត្រឹមត្រូវ​ និង​មិន​ត្រឹមត្រូវ​របស់​អ្នក​សារព័ត៌មាន​ថា អ្នក​សារព័ត៌មាន​អាច​បន្លំ​ខ្លួន​ក្នុង​ស្ថាប័ន​​ឯកជន ឬ​កន្លែង​​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​បាន លើក​លែង​តែ​ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ។​

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​ អ្នក​សារព័ត៌មាន​អាច​បន្លំ​ខ្លួន​ដើម្បី​ស្វែង​រក​ព័ត៌មាន​យក​ទៅ​ផ្សព្វផ្សាយ តែ​ការ​បន្លំ​ខ្លួន​ចូល​ស្ថាប័ន​សាធារណៈ​ ​ឬ​ការ​បន្លំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ​ជា​ទង្វើ​ខុស​ច្បាប់។

លោក​រដ្ឋមន្ត្រី​រូប​នេះ​ ​បាន​លើក​ឡើង​ក្រោយ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​១៦​នៅ​រាជធានី​ភ្នំពេញ និង​ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​ផ្នែក​សារព័ត៌មាន​ធំៗ ចំនួន​២​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ។​ ក្នុង​នោះ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ ​(Reporters Without Border) ​រក​ឃើញ​ថា​ ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​និង​អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក​ (Freedom House) រក​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន។ ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​របាយការណ៍​ទាំង​នេះ ថា​ខុស​ពី​ការ​ពិត។

​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​សួរ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​លោក ​ជុន ច័ន្ទបុត្រ​ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​កាល​ពី​ពីរ​សប្តាហ៍​មុន លោក ខៀវ កាញារីទ្ធ ថ្លែង​ថា ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ស្ថាប័ន​សាធារណៈ ឬ​បន្លំ​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​ជា​អំពើ​ខុស​ច្បាប់។

រដ្ឋមន្ត្រី​រូប​នេះមាន​ប្រសាសន៍​ថា៖

«ជា​ទូទៅ​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​គឺ​ការ​បន្លំ​គឺ​ជា​ការ​ខុស​ហើយ ហ្នឹង​ពី​ច្បាប់ យើង​បន្លំ​ជាមួយ​សមត្ថកិច្ច​គឺ​ខុស។​ ប៉ុន្តែ​យើង​បន្លំ​ជាមួយ​សង្គម​ងងឹត យើង​បន្លំ​នៅ​កន្លែង​ណា​ក្រុម​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ យើង​ត្រូវ​តែ​បន្លំ​ខ្លួន​ហើយ​ដើម្បី​សុវត្ថិភាព​ខ្លួន​យើង​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន។ ខុស​គ្នា​ណា»។

ទោះ​ជា​យ៉ាង​ណា​ ​លោក​មិន​បាន​បញ្ជាក់​ថា ​ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ស្ថាប័ន​សាធារណៈ ​ឬ​បន្លំ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នឹង​ត្រូវ​ប្រឈម​នឹង​ច្បាប់ ឬ​ទោស​បែប​ណា​នោះ​ទេ។

លោក​ ​ហួត ឃីនវុទ្ធី ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​លោក​ ជុន ច័ន្ទបុត្រ ​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ ​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ បន្ទាប់​ពី​លោក​មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង។

រដ្ឋាភិបាល​បាន​ចោទ​ថា​ លោក​ ជុន ច័ន្ទបុត្រ ​បាន​បន្លំ​ឈ្មោះ និង​តួនាទី​ដើម្បី​ចូល​ក្នុង​ពន្ធនាគារ ដែល​ជា​ទង្វើ​ផ្ទុយ​នឹង​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន។ ទោះ​ជា​យ៉ាង​ណា លោក ជុន ច័ន្ទបុត្រ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា លោក​បាន​សរសេរ​ឈ្មោះ​ពិត ហើយ​ថា​មន្រ្តី​ពន្ធនាគារ​នៅ​ទី​នោះ​ស្គាល់​លោក​ថា​ជា​អ្នក​សារព័ត៌មាន​ ​ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក​ចូល​ក្នុង​ពន្ធនាគារ​ដោយ​មិន​បាន​សួរ​រក​ប័ណ្ណ​សម្គាល់​ខ្លួន​ណា​មួយ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ស្ថានីយ​ផ្សាយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​សហរដ្ឋអាមេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ការពារ​អ្នក​សារព័ត៌មាន​របស់​ខ្លួន​ថា​ លោក​ ជុន ច័ន្ទបុត្រ​ មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់ និង​ថា​ អាជ្ញាធរ​បាន​យក​ករណី​ប្រឆាំង​លោក​មក​ធ្វើ​ជា​រឿង​នយោបាយ​ ​ក្នុង​ចេតនា​បង្វែង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ប្រកួត​ប្រជែង​ ​នា​រដូវ​កាល​បោះ​ឆ្នោត។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បន្ថែម​ថា​ ​ការណ៍​ដែល​អាជ្ញាធរ​ព្យាយាម​បន្ត​ករណី​ប្រឆាំង​លោក​ ជុន ច័ន្ទបុត្រ ​គឺ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

លោក​ កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​វគ្គ​ស្វែង​យល់​ពិសេស​អំពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដល់​អ្នកសារព័ត៌មាន កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នក​កាសែត​ដែល​ប្រព្រឹត្ត​បទ​ល្មើសដោយសារ​ចង់បាន​ព័ត៌មាន​ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ពី​សំណុំរឿង​នៃ​ការ​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក​ ជុន ច័ន្ទបុត្រ​ ថា​ ប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​ផ្លូវ​ច្បាប់​លើ​អ្នក​សារ​ព័ត៌មាន​ដែល​បន្លំ​ខ្លួន​ដើម្បី​ប្រមូល​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ​ ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ដល់​អ្នក​សារព័ត៌មាន​ ​និង​អាច​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ។

ចំណែកអ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​ការ​កោះ​ហៅ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ហើយ​ថា​ រដ្ឋាភិបាល​គួរ​បើក​ទូលាយ​ពន្ធនាគារ​សម្រាប់​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ពី​ស្ថានភាព​អាក្រក់​ ​ដែល​អ្នក​ជាប់​ឃុំ​កំពុង​ប្រឈម។

យ៉ាង​ណា​ក៏​ដោយ​លោក ​ខៀវ កាញារីទ្ធ​ បាន​លើក​ឡើង​ក្នុង​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​ ​មាន​ភាព​ល្អ​ប្រសើរ​ ​និង​ពេញ​លេញ​លើស​ប្រទេស​មួយ​ចំនួន​ទៅ​ទៀត៕

XS
SM
MD
LG