ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថវិកា​របស់​លោក​ហ៊ុន សែន​ជួយ​អុ្នក​យក​ព័ត៌មាន​អាច​មាន​ឥទ្ធិពល​លើ​វិជ្ជាជីវ​សារ​ព័ត៌មាន


លោក​សាំង សុឥន្ទ​រិទ្ធ អតីត​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ខេមបូឌា ដេលី បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​បាន​ជំនួយ​ពី​នាយករដ្ឋ​មន្ត្រី​ដើម្បី​ព្យាបាល​ជំងឺ។ (Web Screenshot)
លោក​សាំង សុឥន្ទ​រិទ្ធ អតីត​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ខេមបូឌា ដេលី បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​បាន​ជំនួយ​ពី​នាយករដ្ឋ​មន្ត្រី​ដើម្បី​ព្យាបាល​ជំងឺ។ (Web Screenshot)

ព័ត៌មាន​អំពី​ប្រាក់​សប្បុរសធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ចំនួន​២០.០០០​(ពីរ​ម៉ឺន)​ដុល្លារ​ស.រ.អា​ ​និង​ថវិកា​៥.០០០ ​(ប្រាំពាន់)​ដុល្លារ​របស់​លោក ​​ខៀវ កាញ៉ារិទ្ធ​ រដ្ឋមន្ត្រី​ព័ត៌មាន​ជួយ​អ្នក​សារព័ត៌មាន​ The Cambodia Daily ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ខ្មែរ។

អ្នក​សារព័ត៌មាន​ខ្មែរ​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ប្រមូល​ថវិកា​សាមគ្គី​របស់​អ្នក​សារព័ត៌មាន​ឧបត្ថម្ភ​សហការី​ ដែល​ចាំ​បាច់​ត្រូវ​រក​ជំនួយ​សប្បុរស​ធម៌​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។ ​ទោះ​ជា​យ៉ាង​ណា​ពួក​គេ​បដិសេធ​ថា​ លុយ​របស់​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពលនេះ​មិន​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​ទេ។

​ព័ត៌មាន​អំពី​ប្រាក់​សប្បុរសធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ចំនួន​២០.០០០​(ពីរ​ម៉ឺន)​ដុល្លារ​ស.រ.អា​ ​និង​ថវិកា​៥.០០០ ​(ប្រាំពាន់)​ដុល្លារ​របស់​លោក ខៀវ កាញ៉ារិទ្ធ​ រដ្ឋមន្ត្រី​ព័ត៌មាន​ជួយ​អ្នក​សារព័ត៌មាន​ The Cambodia Daily ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ខ្មែរ។​

អ្នក​ជំនាញ​ខាង​សារព័ត៌មាន​មាន​ការ​យល់​ឃើញ​ចម្រុះ​គ្នា​អំពី​ឥទ្ធិពលរបស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​តាម​រយៈ​ថវិកា​សប្បុរសធម៌​នេះ។

លោក​ មឿន ឈានណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​និយាយ​ថា អ្នក​សារព័ត៌មាន​មាន​ក្រម​សីលធម៌ ដែល​មិន​អាច​ទទួល​ថវិកា​ពី​ប្រភព​ព័ត៌មានអ្នក​នយោបាយ ​ឬ​ថ្នាក់​ដឹកនាំ​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​វិជ្ជាជីវៈ​សារព័ត៌មាន។​ ទោះ​ជា​យ៉ាងណា​លោក​បកស្រាយ​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​ថា​ ចំពោះករណី​របស់​លោក​ សាំង សុឥន្ទរិទ្ធ​ ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយករដ្ឋមន្ត្រី​នោះ​មិន​ប៉ះពាល់​វិជ្ជាជីវៈ​របស់​លោក​ទេ​ ព្រោះ​លោក​ឈប់​សរសេរ​ព័ត៌មាន​ហើយ។​

​អ្នក​ជំនាញ​រូប​នេះបញ្ជាក់​ថា៖ «ប៉ុន្តែ​ក្នុង​កាលៈទេសៈ​អ្នក​យក​ព័ត៌មាន ​សាំង សុឥន្ទរិទ្ធ ​អីចឹង​ ដោយសារ​គាត់​ឈប់​ពី​អាជីព​សារព័ត៌មាន​ហើយ ​អីចឹង​ការ​ទទួល​ថវិកា​នេះ ​ខ្ញុំ​គិត​ថា​ វា​មិន​ប៉ះពាល់​ដល់ការ​បំពេញ​ការងារ​របស់​គាត់​ទេ»។​

ទោះ​ជា​យ៉ាង​ណា​ ព័ត៌មាន​ដ៏​សុះសាយ​អំពី​សប្បុរសធម៌​នេះ​គឺ​ជា​ប្រយោជន៍​នយោបាយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ហើយ​វាអាច​ទាក់ទាញ​មនោសញ្ចេតនា​របស់​អ្នក​សារព័ត៌មាន​ចំពោះ​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នេះ។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​នៅ​ក្នុងពិធី​រំឭក​ខួប​ថ្ងៃ​៧​ មករា​ លើក​ទី​៣៨​ នៅឯទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​នៅ​ក្នុងពិធី​រំឭក​ខួប​ថ្ងៃ​៧​ មករា​ លើក​ទី​៣៨​ នៅឯទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៧។​ (ហ៊ាន សុជាតា/ VOA)

លោក ហ៊ុយ វណ្ណៈ ​ប្រធាន​សភាព​សហព័ន្ធ​សហជីព​អ្នក​សារព័ត៌មាន​កម្ពុជា​ ដែល​ជា​អ្នក​ពាំនាំ​សំណូមពរ​របស់​លោក សាំង សុឥន្ទរិទ្ធ ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នោះ​ ​បាន​បកស្រាយ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះថា ​ការ​សង្គ្រោះ​ជីវិត​គឺ​ជា​អាទិភាព​មុន​អ្វីៗ​ទាំង​អស់។ ​ការ​ជួយ​សង្គ្រោះ​ជីវិតមិន​ត្រូវ​ប្រកាន់​នយោបាយ​ទេ។

លោក ហ៊ុយ វណ្ណៈ ថ្លែង​ថា៖ «ពេល​ដែល​យើង​និយាយ​អំពី​សេរីភាព​ ​មុន​នឹង​និយាយ​អំពីវិជ្ជាជីវៈ ​អា​ហ្នឹង​យើង​និយាយ​អំពី​ជីវិត​មុន​គេ​បំផុត»។

លោក​ពន្យល់​ថា មិន​អាច​ថា អ្នក​ណាម្នាក់​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រើស​អើង​អ្នក​ជួយ​សង្គ្រោះ​ជា​អ្នក​នយោបាយ ឬ​ជា​គ្រូ​ពេទ្យ ឬ​ជា​អ្នក​ណា​នោះទេ។ ​

ក្នុង​ពេល​ដែល​លោក​ទទួល​ស្គាល់​សប្បុរសធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ចំពោះ​អ្នកសារព័ត៌មាន សាំង សុឥន្ទរិទ្ធ ក្តី ​ក៏​លោក ​មឿន ឈានណារិទ្ធ ​យល់​ថា ​ជា​ការ​ប្រសើរ​ជាង​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​ ប្រសិន​អ្នក​សារព័ត៌មាន​មាន​លទ្ធភាព​សាមគ្គី​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ​ដោយ​មិន​ត្រូវ​ការ​សប្បុរសធម៌​ពី​អ្នក​នយោបាយ។​

​លោក​ថ្លែង​ថា៖ «អ្នក​សារព័ត៌មាន​យើង​គួរ​តែ​សាមគ្គី​គ្នា​ គួរ​ជួយ​គ្នា​អីចឹង​ណា៎ ​ហើយ​កន្លង​មក​ហ្នឹង​ យើង​ហាក់​ដូចជា​មាន​បញ្ហា​ហ្នឹង»។​

លោក​និយាយ​ថា ពេល​លោក​មាន​គ្រោះថ្នាក់​ចរាចរ​ លោក​បាន​ទទួល​ជំនួយ​ខ្លះ​ពី​មិត្ត​អ្នក​សារព័ត៌មាន​ ប៉ុន្តែ​សាមគ្គីភាព​របស់​អ្នក​សារព័ត៌មាន​ពេល​អ្នក​ណា​ម្នាក់​មាន​គ្រោះ​អាសន្ន នៅ​មាន​កម្រិត​និង​មិន​មាន​បណ្ដាញ​ច្បាស់លាស់។

​ទោះ​ជា​យ៉ាងណា លោក ​ប៉ែន បូណា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​និយាយ​ថា​ អ្នក​សារ​ព័ត៌មាន​កម្ពុជា​បាន​ប្រមូល​ថវិកា​ជួយ​លោក ​សាំង សុឥន្ទរិទ្ធ ​ក្នុង​ដំណាក់កាល​លាង​ឈាម​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ដែល​ត្រូវ​ចំណាយ​ជាង​២០០​ដុល្លារ។​ លោក​និយាយ​ថា ​ការ​ដូរ​ក្រលៀន​សង្គ្រោះ​ជីវិត​នេះ​គឺត្រូវ​ចំណាយ​ច្រើន​ណាស់។

លោក ​ប៉ែន បូណា បញ្ជាក់​ប្រាប់ VOA ថា៖ «ប៉ុន្តែ​ក្នុង​ករណី​ដូច​បង​រិទ្ធ​ហ្នឹង ​គាត់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ​ហើយ​គាត់​ព្យាបាល​មិន​ដឹង​អស់​ប៉ុន្មាន​ហើយ​ទេ។ ​ហើយ​អ្នក​កាសែត​ជា​ច្រើន​ សប្បុរស​ជន​ជាច្រើន​ក៏​បាន​ជួយ​គាត់»។​

​លោក​ សាំង សុឥន្ទរិទ្ធ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​បាន​ជំនួយ​ពី​ក្លឹប​និង​សហព័ន្ធ​អ្នក​សារព័ត៌មាន​និង​អ្នក​សារព័ត៌មាន​ ប៉ុន្តែ​មិន​អាច​ទប់ទល់​ការ​ចំណាយ​សម្រាប់​ជំងឺ​របស់​លោក​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ដោយសារ​អ្នក​កាសែត​ក្រ​ អ្នក​កាសែត​អត់​លុយ»។

លោក​ សាំង សុឥន្ទរិទ្ធ និយាយ​ថា ថវិកា​មនុស្សធម៌​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក ខៀវ​ កាញារីទ្ធ​ ​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​ប្រហែល​ស្មើ​នឹង​ចំនួនពាក់​កណ្តាល​នៃការ​ចំណាយ​សម្រាប់​ព្យាបាល​ជំងឺ​ក្រលៀន​របស់​លោក។

លោក ​មឿន ឈានណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​ ​ដែល​មាន​ការ​យល់​ដឹង​ច្បាស់​លាស់អំពី​ក្រម​សីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ បាន​ផ្តល់​អនុសាសន៍​ថា ​បណ្តាញអ្នក​សារព័ត៌មាន​គួរ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចងក្រង​ជា​ស្ថានប័ន​ដែល​អាច​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ ដើម្បី​បង្ហាញ​សាមគ្គីភាព​និង​ឯករាជ្យភាព៕

XS
SM
MD
LG