កំណត់និពន្ធ៖ កាលពីចុងខែមេសាកន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋានក្នុងប្រទេសបារាំងបានចេញផ្សាយសន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ ដែលក្នុងនោះបង្ហាញថា សេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍មានស្ថានភាពអាក្រក់ជាងគេ។ ហើយប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ ក្នុងចំណោមប្រទេសជិត១៨០ ដែលត្រូវបានសិក្សា។ នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មាន ក្នុងទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន កញ្ញា ហ៊ាន សុជាតា នៃ VOA បានសម្ភាសជាមួយ នាងSophie Busson ប្រធានផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពីបរិយាកាសនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
VOA៖ ដូចដែលអ្នកនាងបានដឹងហើយថា សន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ ដែលចេញផ្សាយកាលពីចុងខែមេសាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍មានស្ថានភាពអាក្រក់ជាងគេ។ តើអ្នកនាងអាចបញ្ជាក់បានទេថា អ្វីជាមូលហេតុនៃការធ្លាក់ចុះសេរីភាពសារព័ត៌មានក្នុងតំបន់នេះ?
Sophie Busson៖ ចា៎! អរគុណចំពោះសំណួរនេះ។ ជាការពិតណាស់ សន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ មើលឃើញថា ស្ថានភាពសេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍មានភាពទន់ខ្សោយ បើធៀបនឹងតំបន់ផ្សេងទៀតលើពិភពលោក។ យើងមើលឃើញថា មានការវាយប្រហារជាច្រើនបានកើតឡើងចំពោះអ្នកសារព័ត៌មាន ហើយក៏មានការបង្កើតច្បាប់ជាច្រើនដែលមានចេតនារឹតត្បិតសេរីភាពអ្នកសារព័ត៌មានផងដែរ។ ហេតុនេះ វាធ្វើឲ្យអ្នកសារព័ត៌មានក្នុងតំបន់នេះ មានការលំបាកក្នុងការទទួលបានសេរីភាពព័ត៌មានពេញលេញនោះ។
VOA៖ តើអ្នកនាងអាចពន្យល់បានទេ ថាតើសន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មាននេះមានសារៈប្រយោជន៍យ៉ាងណាខ្លះ?
Sophie Busson៖ ខ្ញុំជឿជាក់ថា សន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មាននេះអាចជាភស្តុតាងជួយឲ្យអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ប្រាប់ទៅរដ្ឋាភិបាលរបស់ខ្លួនថា «មើលន៎! យើងពិតជាត្រូវការស្ថានភាពសេរីភាពសារព័ត៌មានដែលប្រសើរជាងនេះ ខណៈដែលអន្តរជាតិក៏កំពុងតែឃ្លាំមើលសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើងផងនោះ»។ ខ្ញុំគិតថា មានអ្នកការទូតជាច្រើន ក៏បានមើលសន្ទស្សន៍សេរីភាពសារព័ត៌មាននេះផងដែរ។ ហើយពួកគេនឹងយកបញ្ហានេះទៅពិភាក្សាជាមួយរដ្ឋាភិបាលនិងអាជ្ញាធរក្នុងប្រទេសទាំងនោះ។ យើងរំពឹងថា សន្ទស្សន៍នេះអាចជួយដាក់សម្ពាធដល់អាជ្ញាធរឲ្យគោរពសេរីភាពសារព័ត៌មាន និងជួយឲ្យអ្នកសារព័ត៌មានដែលអនុវត្តការងារដោយផ្ទាល់ក្នុងការបំពេញការងារខ្លួនដោយសេរី។
VOA៖ ដោយសារតែ សន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មាន បានទម្លាក់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាចំនួនបួនលេខ ដល់លេខរៀងទី១៣២ក្នុងឆ្នាំ២០១៧នេះដែលកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២៨។ តើអ្នកនាងអាចពន្យល់បានទេថា មូលហេតុអ្វីទើបកម្ពុជាធ្លាក់ចំណាត់ថ្នាក់ដល់ទៅ៤លេខនេះ?
Sophie Busson៖ យើងមើលឃើញថា នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយគឺស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែនក្នុងអំឡុងពេល៣ទសវត្សរ៍មកនេះ។ យើងមើលឃើញទៀតថា មានការកើនឡើងនូវប្រទូសរ៉ាយជាមួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាពិសេសនៅក្នុងឆ្នាំ២០១៦។ ហើយជាទូទៅ អ្នកកាសែតអាចនឹងត្រូវបង់តម្លៃយ៉ាងខ្ពស់ បើសិនជាពួកគេហ៊ានរាយការណ៍ព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការនេសាទខុសច្បាប់ និងការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិដទៃទៀត។ យើងថែមទាំងបានដឹងទៀតថា ជាញឹកញាប់អ្នកសារព័ត៌មានត្រូវប្រឈមនឹងបទចោទទាក់ទងនឹងបទបរិហារកេរ្តិ៍ និងការបំផ្លាញមុខមាត់ប្រទេសជាតិ។ មួយវិញទៀត ភ្លាមៗបន្ទាប់ពីមានការបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បី ក្នុងខែកក្កដា ឆ្នាំ២០១៦នោះ កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែតខេមបូឌាដេលី និងស្ថាប័នព័ត៌មានផ្សេងទៀត រងការរិះគន់យ៉ាងខ្លាំងពីក្រុមគ្រួសារ និងសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហើយអ្នកកាសែតទាំងនោះក៏រងការគំរាមកំហែងអនាមិកថែមទៀតផង។ ទាំងនេះហើយ គឺជាមូលហេតុដែលធ្វើឲ្យពិន្ទុរបស់កម្ពុជាមានការធ្លាក់ចុះ។
VOA៖ តើការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងណាខ្លះដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតដ៏សំខាន់នេះ?
Sophie Busson៖ នេះ គឺជាក្តីបារម្ភមួយ នៅពេលដែលសារព័ត៌មានមិនមានសេរីភាពពេញលេញក្នុងការបំពេញការងាររបស់ពួកគេក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ។ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សារព័ត៌មានមានតួនាទីយ៉ាងសំខាន់ ក្នុងការរាយការណ៍ព័ត៌មានអំពី យុទ្ធនាការឃោសនាបោះឆ្នោត និងបញ្ហាសំខាន់ផ្សេងទៀតដែល ប្រជាពលរដ្ឋគួរតែដឹង ដើម្បីអាចសម្រេចចិត្តថា អ្នកណាដែលពួកគាត់គួរតែបោះឆ្នោតឲ្យនោះ។ ហេតុនេះ វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងត្រូវធានាថា ប្រព័ន្ធផ្សព្វផ្សាយអាចរាយការណ៍អំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌យ៉ាងពេញលេញនោះ។
VOA៖ កាលពីពេលថ្មីៗនេះទៀតសោត លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងផ្នែកផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ត្រូវបានតុលាការបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួន បន្ទាប់ពីលោកមិនបានចូលបំភ្លឺនៅតុលាការតាមការកោះហៅពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង។ តើអ្នកនាង យល់យ៉ាងដែរចំពោះករណីដែលបានកើតឡើងនេះ?
Sophie Busson៖ យើងមានការបារម្ភនឹងករណីនេះយ៉ាងខ្លាំងណាស់។ វាមិនមែនជារឿងសាមញ្ញទេ នៅពេលដែលគាត់មិនអាចបំពេញតួនាទីរបស់ខ្លួនបានយ៉ាងពេញលេញនោះ។ ហេតុនេះហើយទើបយើង ចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឲ្យអ្នកកាសែតអាចធ្វើការងាររបស់ពួកគេបានពេញលេញនៅក្នុងប្រទេសកម្ពុជា។ វាពិតជាសំខាន់ណាស់ ក្នុងការយល់ឲ្យច្បាស់ថា នៅពេលដែលមានសកម្មភាពផ្លូវច្បាប់នានាដែលដាក់បន្ទុកលើអ្នកកាសែត ឬការចង់យកពួកគេទៅតុលាការនោះ វាអាចបង្កឲ្យមានការត្រួតពិនិត្យដោយខ្លួនឯងមុនការផ្សាយនៅក្នុងប្រទេសនេះ។ វាថែមទាំងអាចបង្កនូវបរិយាកាសភ័យខ្លាចចំពោះការបញ្ចេញមតិផងដែរ។
VOA៖ តើអ្នកនាងគិតថា ការផ្លាស់ប្តូរមេដឹកនាំកំពូលរបស់ពិភពលោក អាចប៉ះទង្គិចដល់វិស័យសារព័ត៌មានសាកលដែរឬទេ? ជាឧទាហរណ៍នៅពេលដែលមេដឹកនាំពិភពលោកបង្ហាញជំហរមិនពេញចិត្តចំពោះប្រព័ន្ធផ្សព្វផ្សាយ ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជារឿយៗវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយ។
Sophie Busson៖ ពិតមែនហើយ! យើងក៏មានការព្រួយបារម្ភ ចំពោះទំនោរថ្មី ដែលថាមេដឹកនាំនយោបាយកំពូល ជាពិសេសមកពីប្រទេសប្រជាធិបតេយ្យ ដែលធ្វើការវាយប្រហារទៅលើអ្នកកាសែត។ យើងមើលឃើញថា មានមេដឹកនាំនយោបាយមកពីប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលប្រើប្រាស់ទឡ្ហីករណ៍ដូចគ្នា វាយប្រហារទៅលើអ្នកសារព័ត៌មាន។ ហើយពិតណាស់ដែលថា ស្ថានភាពនេះកំពុងគំរាមកំហែងដល់សេរីសារព័ត៌មានក្នុងពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍។
VOA៖ ជាសំណួរចុងក្រោយ នាងខ្ញុំចង់ដឹងថា តើអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន មានជាអនុសាសន៍អ្វីខ្លះ ដើម្បីរួមចំណែកឲ្យស្ថានភាពសេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជាមានភាពប្រសើរឡើង?
Sophie Busson៖ ដើម្បីធ្វើឲ្យស្ថានភាពសេរីភាពសារព័ត៌មានក្នុងតំបន់មានភាពប្រសើរ អ្នកត្រូវការមធ្យោបាយជាក់ស្តែងជាច្រើន។ ទីមួយ គឺថាអ្នកកាសែតត្រូវតែមានសេរីភាពក្នុងការបំពេញការងាររបស់ខ្លួន។ ទីពីរ ច្បាប់ត្រូវតែធានាឲ្យបាននូវសេរីភាពនៃការបញ្ចេញមតិ។ ហើយក្រុមមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយ ត្រូវចូលរួមទប់ស្កាត់ការវាយប្រហារនានាទៅលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកកាសែតមិនគួរមានការដាក់កម្រិត ឬមានដែនកំណត់ក្នុងការបំពេញតួនាទី និងការងាររបស់ពួកគេនោះទេ។ បន្ថែមពីលើនេះ វាក៏គួរមានផងដែរនូវស្ថានភាពសេដ្ឋកិច្ចដែលមាននិរន្តរភាព។ ហើយទាំងអស់នេះ គឺជាការទទួលខុសត្រូវយ៉ាងពិតប្រាកដរបស់រដ្ឋាភិបាល និងមេដឹកនាំនយោបាយ ក្នុងការបង្កើតបរិយាកាសល្អប្រសើរដល់អ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបំពេញការងាររបស់ពួកគេ៕