មហាសន្និបាតកំពូលខ្មែរក្រៅប្រទេសដែលប្រមូលផ្ដុំក្រុមសកម្មជនសិទ្ធិមនុស្សនិងបញ្ញវន្តដើមកំណើតខ្មែរសំខាន់ៗមួយចំនួន បានបញ្ចប់ហើយកាលពីថ្ងៃអាទិត្យ ដោយបានហៅដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំនេះ ថាមិនមានលក្ខណៈប្រជាធិបតេយ្យ និងបានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ។
មហាសន្និបាតដែលបានធ្វើឡើងរយៈពេល៣ថ្ងៃនៅទីក្រុងMendota Heights នៃរដ្ឋមិនីសូតា សហរដ្ឋអាមេរិក ក៏បានសម្រេចអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយធានាការគោរពឱ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ។ នេះបើយោងតាមសេចក្ដីព្រាងនៃសេចក្ដីសម្រេចរបស់មហាសន្និបាតកំពូលនេះ ដែល VOA ទទួលបានកាលពីថ្ងៃចន្ទ។
ក្រុមអ្នកចូលរួមមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ (Overseas Khmer Summit) នេះ ក៏បានប្រកាសថា ពួកគេនឹងស្វះស្វែងបង្កើតក្រុមប្រឹក្សាថ្មីមួយ ហៅថា «ក្រុមប្រឹក្សាពិភពលោក ស្ដីពីការផ្សះផ្សាជាតិនៅកម្ពុជា» ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីស្វះស្វែងទទួលបានឋានៈជាអ្នកសង្កេតការណ៍នៅឯអង្គការសហប្រជាជាតិផងដែរ។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលបានចូលរួមរៀបចំមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ បានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា៖
«យើងដូចថាចង់មានសិទ្ធិជាអ្នកឃ្លាំមើលអីចឹងទៅ ដើម្បីស្រួលជួបជុំជាមួយគេ នៅពេលដែលគេទទួលស្គាល់ ដើម្បីយើងស្រួលទាក់ទងជាមួយគេនៅថ្ងៃក្រោយ បាទ»។
ប៉ុន្តែ លោក យ័ប គឹមទឹង ដែលជាអគ្គលេខាធិការនៃមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រផងដែរនោះ មានប្រសាសន៍បន្ថែមថា អង្គប្រជុំ មិនទាន់បានសម្រេចថាតើក្រុមប្រឹក្សានោះ នឹងលេចចេញជារូបរាងនៅពេលណាទេ ហើយថាមហាសន្និបាត ក៏មិនបានពិភាក្សាគ្នាអំពីការស្នើសុំឱ្យអង្គការសហប្រជាជាតិ ដកឬព្យួរអាសនៈរបស់កម្ពុជានៅឯអង្គការសហប្រជាជាតិនោះដែរ។
មហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រលើកទី២នៅឆ្នាំនេះ បានធ្វើឡើង ប្រមាណមួយសប្ដាហ៍ក្រោយពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនៅកម្ពុជា ដែលសហគមន៍អន្តរជាតិរួមទាំងសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស និងសហភាពអឺរ៉ុបផង បានចាត់ទុកថាជាការបោះឆ្នោតដែលមិនសេរីនិងមិនយុត្តិធម៌ ដោយសហគមន៍អន្តរជាតិទាំងនេះ លើកឡើងថាលទ្ធផលនៃការបោះឆ្នោតនេះ «មិនបានតំណាងឱ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរ» ឬ «ខ្វះភាពគួរឱ្យជឿទុកចិត្តបាន»ជាដើម ដោយសារតែគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ ត្រូវបានផាត់ចេញពីការបោះឆ្នោតនេះ។
មហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ មានការចូលរួមពីប្រធានឬតំណាងអង្គការនិងសមាគមចំនួន១៦នៅឆ្នាំនេះ។ អង្គការនិងសមាគមទាំងនេះរួមមានសមាគមខ្មែររដ្ឋអ៊ីលី្លណយ មូលនិធិមិត្តភាពខ្មែរអាមេរិកាំងនៅរដ្ឋវ៉ាស៊ីនតោនស្តេត សមាគមសង្គហប្រយោជន៍ជាតិយើងនៅរដ្ឋធានីវ៉ាស៊ីនតោន និងសហសមាគមខ្មែររដ្ឋមិនីសូតា ជាដើម ព្រមទាំងសកម្មជនសិទ្ធិមនុស្សនិងបញ្ញវន្តខ្មែរមកពីរដ្ឋមួយចំនួនទៀតក្នុងសហរដ្ឋអាមេរិក ពីប្រទេសកាណាដានិងកម្ពុជាផងដែរ។
លោក យន យ៉ាន់ នាយកប្រតិបត្តិនៃសហសមាគមខ្មែរនៃរដ្ឋមិនីសូតា ដែលធ្វើជាម្ចាស់ផ្ទះទទួលរៀបចំមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ មានប្រសាសន៍ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាពិសេសនៅសហរដ្ឋអាមេរិក ក៏បានគិតគូរដល់ការជំរុញឱ្យមានការដាក់ទណ្ឌកម្មដែលតម្រង់គោលដៅទៅលើក្រុមអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន ដោយមិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករឬពលរដ្ឋសាមញ្ញនោះឡើយ។
«យើងក៏បានជជែកពីរឿងគ្រប់ជ្រុងជ្រោយ ពីព្រោះយើងក៏មានអ្នកប្រាជ្ញខ្មែរយើងច្រើននាក់ចូលរួម។ យើងដឹងថាការធ្វើវាពិបាក ក៏ប៉ុន្តែយើងត្រូវតែធ្វើ គឺថាយើងធ្វើយ៉ាងម៉េចជាវិជ្ជមានឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹង មានសម្ពាធកាន់តែខ្លាំង ហើយអាចមកជជែកគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហារបស់ស្រុកទេសយើង»។
លោក យន យ៉ាន់ មានប្រសាសន៍បន្ថែមថា មធ្យោបាយដែលពលរដ្ឋខ្មែរក្រៅប្រទេសជាពិសេសខ្មែរអាមេរិកាំង នឹងធ្វើបន្ត គឺជំរុញឱ្យសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មលើបុគ្គលដែលមាននិងក្រាញអំណាចនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ ដើម្បីឱ្យច្បាប់នេះ អាចយកទៅអនុវត្តបានក្នុងពេលដ៏ឆាប់ខាងមុខ។
សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោនៃអង្គការ Human Rights Watch គឺលោក ប្រែដ អាដាម ដែលបានចូលរួមធ្វើជាវាគ្មិនម្នាក់ដែរក្នុងមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ បានថ្លែងទៅកាន់មហាសន្និបាតនេះថា ពលរដ្ឋខ្មែរក្រៅប្រទេស ក៏អាចដាក់សម្ពាធជាប្រចាំទៅលើរដ្ឋាភិបាលនៃបណ្ដាប្រទេសផ្សេងទៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូចជាអូស្ត្រាលី កាណាដានិងសហរដ្ឋអាមេរិកជាដើម ដោយបង្ហាញជំហររបស់ខ្លួនតាមរយៈលិខិតផ្លូវការទៅកាន់រដ្ឋាភិបាលនៃប្រទេសទាំងនោះជាដើម។
«រដ្ឋាភិបាលទាំងនោះ មិនអាចស្ដាប់អ្នកនិយាយត្រឹមតែនៅជុំវិញពេលបោះឆ្នោតនោះទេ ពីព្រោះអ្នកមានតួនាទីរួមគ្នាមួយដែលអ្នកប្រហែលជាមើលមិនឃើញ។ ពេលនេះ ហ៊ុន សែន បានប្រព្រឹត្តកំហុសដ៏ធំមួយ គឺលោកបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាផ្លូវការហើយ ដូច្នេះដល់ពេលហើយដែលរដ្ឋាភិបាលទាំងនោះ ត្រូវឮសំឡេងរបស់អ្នកទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក សៀ ភារម្យ អតីតនាយកអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សានៃចលនាសង្គ្រោះជាតិ ក៏បានមានប្រសាសន៍ប្រាប់ VOA ពីទីកន្លែងនៃការរៀបចំសន្និបាតក្នុងរដ្ឋមិនីសូតានោះដែរថា៖
«យើងដែលចូលរួមនៅក្នុងមហាសន្និបាតកំពូលខ្មែរនេះ គឺថាយើងមានការព្រួយបារម្ភ ហើយយើងអត់ចង់ឃើញប្រជាពលរដ្ឋយើងជាង១៥លាននាក់ហ្នឹង ជួបបញ្ហាលំបាកសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហានយោបាយ ដោយសារតែបុគ្គលមួយរូប គ្រួសារមួយគ្រួសារហ្នឹង ដោយសារតែចិត្តលោភលន់របស់គាត់ហ្នឹង គឺថា គាត់មិនបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ១៥លាននាក់ហ្នឹងទេ គឺថាគាត់គិតតែពីការញៀនអំណាច ការលោភលន់របស់គាត់ សម្រាប់ក្រុមគ្រួសារគាត់មានបាន ក្លាយជាមហាសេដ្ឋីហើយនៅតែគាត់មិនគ្រប់គ្រាន់ទៀតបាទ»។
លទ្ធផលបឋមនៃការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ បង្ហាញថា មានប្រជាពលរដ្ឋជិត៧លាននាក់ឬស្មើនឹងជិត៨៣ភាគរយ បានបោះឆ្នោត ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេងឆ្នោតជាង៤លាន៨សែនឬស្មើនឹងជាង៧៦% នៃចំនួនសន្លឹកឆ្នោតបានការសរុបជាង៦លាន៣សែនសន្លឹក។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប៉ុន្តែ លទ្ធផលនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមួយចំនួនជឿថា មិនបានកើតចេញពីការបោះឆ្នោតមួយដែលត្រឹមត្រូវឬអាចទទួលយកបានទាំងអស់គ្នានោះទេ ដោយសារតែអវត្តមានគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏សមមាឌគ្នាជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនេះ និងដោយសារតែបរិយាកាសនយោបាយដែលមានលក្ខណៈគំរាមកំហែង បំភិតបំភ័យនិងសម្លុតអ្នកបោះឆ្នោត អ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល និងការបង្ក្រាបលើក្រុមប្រឆាំងនៅមុនការបោះឆ្នោតជាដើមផង។
គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរបស់កម្ពុជា រំលាយចោលកាលពីឆ្នាំមុន បានប្រកាសបដិសេធ មិនទទួលស្គាល់ការបោះឆ្នោតនេះដែលខ្លួនហៅថាជាការបោះឆ្នោត«ក្លែងក្លាយ» ហើយមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់គណបក្សនេះ ដែលត្រូវបានហាមប្រាមមិនឱ្យធ្វើនយោបាយ៥ឆ្នាំផងនោះ ក៏បានអំពាវនាវឱ្យអ្នកគាំទ្រគណបក្សនេះ ត្រៀមខ្លួនតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សប្រឆាំងនេះ។
លោក កុមផា សិដ្ធ ប្រធានសមាគមខ្មែររដ្ឋអ៊ីល្លីណយដែលបានចូលរួមក្នុងមហាសន្និបាតកំពូលខ្មែរនៅរដ្ឋមិនីសូតាដែរនោះ មានប្រសាសន៍ប្រាប់ VOA តាមទូរស័ព្ទថា ដើម្បីបញ្ចៀសស្ថានភាពហិង្សាឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរបាន គឺមានតែការរួបរួមផ្សះផ្សាគ្នារវាងខ្មែរនិងខ្មែរប៉ុណ្ណោះ។
«ខ្ញុំយល់ថា ការរួបរួមគ្នានេះ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។ អីចឹងហើយបានថា យើងដោះរបៀប(វែងឆ្ងាយ) long term និង(ភ្លាមៗ) short term ហើយការណ៍ដែលខ្ញុំធ្វើហ្នឹងគឺថា រៀបចំឱ្យបងប្អូនរួបរួមគ្នាទៅ ហើយថ្ងៃមុខថ្ងៃក្រោយ បងប្អូនខ្មែរយើង អាចយកការរួបរួមគ្នាហ្នឹងទៅដោះស្រាយបញ្ហានៅស្រុកខ្មែរជាពិសេសគឺរកសេចក្ដីសុខឱ្យប្រជាជនយើងនៅស្រុកខ្មែរ»។
ដូចគ្នាដែរ លោក កុល ណូក ស្ថាបត្យករខ្មែរកាណាដា វ័យ៧៨ឆ្នាំ មកពីទីក្រុងម៉ុងរេអាល់នៃខេត្តកេបិច ប្រទេសកាណាដា ដែលបានចូលរួមក្នុងមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះដែរ បានមានប្រសាសន៍ប្រាប់ VOA ថា ការណ៍ដែលពលរដ្ឋខ្មែរក្រៅប្រទេស បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យ«ឆ្កឹះឆ្កៀល»ឬសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាឡើងវិញនេះ គឺមិនមែនដើម្បីបំផ្លាញកម្ពុជាទេ។
«យើងខ្ញុំ មិនបានទៅសុំមហាអំណាចណា អាមេរិកាំង ឬបារាំង ដើម្បីឱ្យទៅបង្កទ័ពឬអ្វី ដើម្បីទៅរំខានដល់ប្រទេសខ្មែរហ្នឹងទេ។ យើងមិនបានធ្វើអីចឹងទេ។ យើងសុំតែធ្វើដោយសន្តិវិធី សុំឱ្យតែអង្គការសហប្រជាជាតិគេជួយក្នុងក្របខ័ណ្ឌសន្តិភាព គ្មានហិង្សាអ្វីនោះឡើយ»។
ក្របខ័ណ្ឌសន្តិភាព ឬអហិង្សានេះ អាចរាប់បញ្ចូលទាំងការរាប់សន្លឹកឆ្នោតឡើងវិញ ឬការបោះឆ្នោតសាជាថ្មី ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលចង់ចូលរួមប្រកួតប្រជែងទាំងអស់ផងដែរ។ នេះបើយោងតាមអ្នកចូលរួមក្នុងមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ។
តែទោះជាយ៉ាងនេះក្ដី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ VOA ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ បានតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែររួចទៅហើយ។
«ការបោះឆ្នោតហ្នឹងគឺជាសេចក្ដីសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ។ ការសម្រេចហ្នឹងគឺដើម្បីផលប្រយោជន៍ខ្មែរដែលជាអធិបតីភាពរបស់ខ្លួនក្នុងការធានាជោគវាសនារបស់ផងខ្លួន មិនមែនជាការបោះឆ្នោតបម្រើសហភាពអឺរ៉ុប បម្រើអាមេរិកាំង បម្រើយួន បម្រើចិននោះទេបាទ»។
ចំណែកឯ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យម្នាក់របស់ គ.ជ.ប ក៏បានថ្លែងប្រាប់ VOA កាលពីសប្ដាហ៍មុនដែរថា នឹងគ្មានឡើយការបោះឆ្នោតសាជាថ្មី សម្រាប់អាណត្តិទី៦នេះ។
លោកមានប្រសាសន៍ថា៖ «គឺមិនមានការបោះឆ្នោតឡើងវិញទេនៅអាណត្តិនេះ ពីព្រោះថា មតិទាំងឡាយដែលជំទាស់នឹងការបោះឆ្នោតនេះ គឺជាមតិនៃក្រុមភ័ន្តច្រឡំ បាទ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកចូលរួមក្នុងមហាសន្និបាតកំពូលខ្មែរក្រៅប្រទេសនេះ លើកឡើងថា ពួកគេចង់ឃើញនិងចង់ធានាឱ្យបាននូវកម្ពុជាមួយ ដែលប្រជាពលរដ្ឋរបស់ខ្លួន នឹងមិនក្លាយជាជនរងគ្រោះនៃក្រុមអ្នកនយោបាយដែលមិនអើពើនឹងសាមគ្គីភាព យុត្តិធម៌ សន្តិភាពនិងវិបុលភាពរបស់ពលរដ្ឋគ្រប់រូបនោះឡើយ៕