ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កម្មករ​ជាង​៥០​នាក់​នៅ​ខេត្ត​កំពង់ចាម​ឆ្លង​ជំងឺ​កូវីដ១៩ នាំឲ្យ​មាន​ការព្រួយ​បារម្ភ​ឆ្លង​រាលដាល​ច្រើន


រូបឯកសារ៖ កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

ជំងឺ​កូវីដ​១៩​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ព្រួយ​បារម្ភ​ដដែល ខណៈ​ករណី​ឆ្លង​បន្ត​កើន​ឡើង​វិញ ក្នុង​នោះ​អាជ្ញាធរខេត្ត​កំពង់ចាម​ ក៏​បានរក​ឃើញ​ការ​ឆ្លង​ក្នុង​ចំណោម​កម្មករ​ជាង​៥០​នាក់ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៃ​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​រក​ឃើញ​ករណីឆ្លង​កូវីដ​១៩ទៅ​លើ​មនុស្ស​៥២​នាក់​ ដែល​ភាគច្រើន​ជា​កម្មការិនី រួម​មាន​៩​នាក់​ក្នុង​ស្រុក​បាធាយ ២៨​នាក់​ក្នុង​ស្រុក​ជើង​ព្រៃ និង​១២​នាក់​ក្នុង​ស្រុក​ព្រៃ​ឈរ។ អាជ្ញាធរ ​ក៏​បាន​សម្រេច​ផ្អាក​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​ក្នុងរោង​ចក្រ​ខា​លីន​តុន​រយៈ​ពេល​១៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ចាម​ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

លោក​វេជ្ជ​បណ្ឌិត គឹម សូរភិរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ចាម ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អាជ្ញាធរ​សុខាភិបាល ​កំពុងបន្ត​យក​សំណាក​របស់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​មក​ធ្វើ​តេស្ត ហើយ​ឲ្យ​ពួកគេ​ធ្វើ​ចត្តាឡី​ស័ក ឬ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ លោក​បន្ថែម​ថា ​អ្នក​ជំងឺ​កូវីដ​១៩​ដែល​កំពុងសម្រាក​ព្យាបាល​នៅ​ក្នុង​ខេត្ត​កំពង់​ចាម មាន​ប្រមាណ​១៨០​នាក់។

ចំណែក​លោក ផេង សុផល អភិបាល​ស្រុក​បាធាយ​ក្នុង​ខេត្ត​កំពង់​ចាម ​ដែល​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​ប្រាប់​ VOA​ ថា​ ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុង​តំបន់ ​ឬ​ខេត្ត​កំពង់ចាម ​មិន​ត្រូវ​បាន​ហាម​ប្រាម​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ចំពោះ​អ្នក​សង្ស័យថា មាន​ជំងឺ​នេះ គឺ​ត្រូវ​យក​សំណាក​មក​ធ្វើ​តេស្ត។

លោក​ថ្លែង​ថា៖ «យើង​គឺ​មិន​បាន​ហាម​ប្រាម​ ប៉ុន្តែ​មុខ​សញ្ញា​ថ្មី​មក គឺ​យើង​សួរ​នាំ​គាត់​ថា​ មក​ពី​ណា​ ហើយ​ទៅ​ណា។ អ្វី​ដែល​យើង​សង្ស័យ គឺ​បាន​យក​គាត់​មក​ធ្វើ​តេស្ត​ [ក្រោយ​ពី​ធ្វើ​តេស្ត​ហើយ]​ ឲ្យ​គាត់​ក្រុង​នៅ​ផ្ទះ​របស់​គាត់​ចុះ។ អ្វី​ដែល​មិន​សង្ស័យ​ គឺ​ធម្មតា​គាត់​មក​លេង​បង​ប្អូន​គាត់​ធម្មតា គឺ​អត់​អី​ទេ»។

អភិបាល​ស្រុក​បាធាយ​រូប​នេះអះអាង​ថា ​អាជ្ញាធរ​មិន​ទាន់​អាចសន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​អំពី​ប្រភព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ ចូល​ដល់​សហគមន៍​កម្មករ​រោងចក្រ​ក្នុង​ភូមិសាស្ត្រ​ស្រុក​នេះ។

លោក​បញ្ជាក់​ថា៖ «យើង​អត់​ដឹង​ថា ​វា​មក​ពី​ណា ពី​ណី​ខ្លះ​ទេ​ ដូច​ករណី​ផ្ទុះ​នៅ​រោង​ចក្រនៅ​ស្រុក​បា​ធា​យ គឺ​ផ្តើម​ចេញ​ពី​កម្មករ​បាន​ដេក​នៅ​ពេទ្យ​វិញ។ ឯក​ឧត្តម​អភិបាល​ខេត្ត​គាត់​បិទ​រោង​ចក្រ គឺ​ដោយ​សារ​តែ​នៅ​ខាង​ស្រុក​ជើង​ព្រៃ​ហ្នឹង ​គឺ​មាន​ការ​ផ្ទុះ​[ករណី​កូវីដ​១៩]​ ហើយ​រោង​ចក្រ​មួយ​នៅ​ខាង​ស្រុក​បាធាយ​ផ្ទុះ​ដែរ»។

ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​ដំណើរ​ការ​រោង​ចក្រ​ដែល​មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ​១៩ លោក ​ចេង ហ៊ាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់​ចាម ប្រាប់ ​VOA ថា កម្មករ​នឹង​ទទួល​បាន​៥០​%​ នៃ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួក​គេ អំឡុង​ពេល​បិទ​រោងចក្របណ្តោះ​អាសន្ន។

លោក​ថ្លែង​ថា៖ «​ទី​មួយ​យើង​អនុវត្ត​តាម​សេចក្តី​ណែ​នាំរួម​របស់​សុខាភិបាល ក៏​ដូច​ជាក្រសួង​ការ​ងារ។ ទីពីរ​ គឺ​កំពុង​ចាត់​ចែង​អនុវត្ត​នីតិ​វីធី​របស់​សុខាភិបាល។ យើង​ចង់​និយាយ​ថា​ តាម​គោល​ការណ៍​ខ្លះ​ទៅ ខ្លះ​ក៏​បាន​លើស ខ្លះ​ក៏​បាន​ស្មើ។ អញ្ចឹង​វា​អត់​ដូច​គ្នា ​ប៉ុន្តែ​យ៉ាង​តូច​បំផុត​ក៏៥០​%ដែរ[នៃ​ប្រាក់​ឈ្នួល]»។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ការ​ព្រួយ​បារម្ភអំពី​ការ​បាត់​បង់​ការងារ​របស់​កម្មករ និង​ចំណូល​របស់​ពួកគេ ដែល​នាំ​ឲ្យ​មាន​ការ​លំបាក​ក្នុង​គ្រួសារ​របស់​ពួកគេ ជាពិសេស​ទាក់ទង​នឹង​ការ​បង់​សង​បំណុល។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​ថា​បាត់​បង់​ការងារ​ធ្វើ​ បាត់​បង់​ចំណូល ពិបាក​រស់នៅ​ក្នុង​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ជាទូទៅ ​ក្រុម​គ្រួសារ​របស់​បង​ប្អូន​កម្មករ​ហ្នឹង​ គាត់​ជំពាក់​បំណុល​ធនាគារ។ អញ្ចឹង​នៅ​ពេល​ដែល​ពួក​គាត់​បាត់​បង់​ការងារ វា​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល ហើយ​ដល់​ពេល​បាត់​បង់​ចំណូល​អញ្ចឹង​វា​ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​ថវិកា​គ្រប់​គ្រាន់ ដើម្បី​បង់​លុយ​ទៅ​ធនាគារ​ ហើយ​ការ​ហូប​ចុក​នៃ​ការ​រស់​នៅ ស្ថានភាព​នៃ​ការ​រស់​នៅ​របស់​ពួក​គាត់​ប្រឈម​ខ្លាំង​មែន​ទែន គឺ​កាន់​តែ​ពិបាក​ទៅ​ៗ»។

បន្ទាប់​ពីបើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​និង​លែងមាន​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ ប្រជា​ពល​រដ្ឋបាន​វិល​ត្រឡប់ទៅ​ស្រុក​កំណើ​ត ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ទៅ​តាម​បណ្តា​ខេត្ត​ជា​បន្ត​បន្ទាប់។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​រក​ឃើញ​ករណី​ឆ្លង​នៅ​ទូទាំង​ប្រទេសចំនួន​៤១៥​នាក់ ដែល​កើន​ឡើងបន្តិច​ពី​ជាង​៣០០​នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ក្រសួងឲ្យ​ដឹង​ទៀត​ថា ​មនុស្ស៥​នាក់ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុបនៅ​ទូទំាង​ប្រទេសកើន​ឡើង​ដល់​១៦៤​នាក់។

គួរ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​មាន​រយៈ​ពេល​៣​ខែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រាយការណ៍​ករណី​ឆ្លង​សរុប​មាន​ជាង​២៣.០០០​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ជា​សះ​ស្បើយ​ចំនួន១៥.៧០០​នាក់៕

XS
SM
MD
LG