ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ ៦ ​នាក់​ទៀត​ស្លាប់​ដោយ​កូវីដ​១៩ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ជាង ​៤៣០ ​នាក់​ទៀត


រូបឯកសារ៖ មន្ត្រីយោធាក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងណែនាំពលរដ្ឋឲ្យតម្រង់ជួរដោយរក្សាគម្លាតពីគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ មន្ត្រីយោធាក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងណែនាំពលរដ្ឋឲ្យតម្រង់ជួរដោយរក្សាគម្លាតពីគ្នា ដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១។

ខណៈ​ការរាតត្បាត​ដោយសារ​ជំងឺ​កូវីដ១៩​ នៅ​តែ​បន្ត​បន្ត​ឆ្លង​និង​សម្លាប់​អ្នកជំងឺ មន្ត្រីសុខាភិបាល​ព្រមាន​ថា​ បើ​ប្រជា​ពលរដ្ឋ​ទាំងអស់​គ្នា​មិន​ចូលរួម​ការ​ពារ​ នោះ​ប្រទេស​កម្ពុជា​នឹង​រង​គ្រោះ​មហន្តរាយ​ដោយ​សារ​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ ៦ ​នាក់​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​ខណៈ​ករណី​ឆ្លង​ថ្មី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ​ មាន​ជាង​ ៤៣០​ នាក់។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រសួង​ឲ្យ​ដឹង​ថា ​ករណី​ឆ្លង​ថ្មី​សរុប​មាន​ ៤៤៦​ នាក់ ​ដែល​ក្នុង​នោះ​មាន​ករណី​នាំ​ចូល មិន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ​ចំនួន​ ១៥ ​នាក់។​ ករណី​ឆ្លង​ថ្មី​ជាង ​៤០០​ នាក់​នេះ​ នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ​ មាន​ជាង ​២ ​ម៉ឺន​នាក់។

បច្ចុប្បន្ននេះ ករណី​ស្លាប់​សរុប​នៅកម្ពុជាបាន​កើន​ដល់​១៤២​នាក់។​

ក្រសួង​សុខាភិបាល​ក៏បាន​ប្រកាស​ថា​ មនុស្ស​ ៩៨០ ​នាក់​ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ ដែល​នាំ​ឲ្យ​ករណី​ជា​សះស្បើយ​សរុប​មាន​ទៅ​ដល់​ជាង​ ៩.៥០០ នាក់។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​បាយ័ន ​កាល​ពី​ថ្ងៃ​អង្គារ​ លោកស្រី ​ឱ វណ្ណ​ឌីន​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ថា​ ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ ស្ថិត​នៅ​ក្នុង​ «ស្ថាន​ភាព​ព្រួយ​បារម្ភ​នៅ​ឡើយ​ទេ»​ បើ​ទោះ​លែង​មាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំង​ស្រុង​ក៏​ដោយ។​

លោកស្រី​បន្តព្រមាន​ថា ​បើ​ប្រជា​ពលរដ្ឋ​ទាំងអស់​គ្នា​មិន​ចូលរួម​ការ​ពារ​នោះ ​ប្រទេស​កម្ពុជា​នឹង​រង​គ្រោះ​មហន្តរាយ​ដោយ​សារ​ជំងឺ​នេះ៕

XS
SM
MD
LG