ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ក្នុង​ខេត្ត​កោះកុង​​គ្រោង​​តវ៉ា​នៅ​ភ្នំពេញ


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

​កាល​ពី​ខែ​មីនា​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ជោគជ័យ​ក្នុង​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នៅ​ខេត្ត​កោះកុង​ដោយ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ​ បាន​យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​​ជា​ប្រាក់​និង​ដី​ ដើម្បី​បញ្ចប់​វិវាទ​ជា​មួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ពីរ។​ ក៏​ប៉ុន្តែ​កាល​ថ្ងៃ​ពុធ​ ទី​២៥ ខែ​មេសា​ តំណាង​ពលរដ្ឋ​ចំនួន​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​ថ្លែង​ថា​ ទំនាស់​នេះ​ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ថា​ការ​តវ៉ា​នៅ​ភ្នំពេញ​អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ។

ក្រុម​ប្រជា​ពលរដ្ឋប្រមាណ​ជាង​៣០០​គ្រួសារដែល​មាន​វិវាទ​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង នឹង​ផ្ដើម​ការ​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រសិន​បើ​រដ្ឋាភិបាល​ខកខាន​មិន​អាច​រក​ដំណោះ​ស្រាយ​និង​ផ្ដល់​សំណង​សមស្រប​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​១០ឆ្នាំមក​ហើយ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាង​ប្រជា​ពល​រដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស។

ក្រុម​ប្រជាពលរដ្ឋ​ជាង​៣០០គ្រួសារ​នេះ​ ​មាន​វិវាទ​ដីធ្លី​ស្រដៀង​គ្នា​នឹង​ក្រុម​ប្រជា​ពល​រដ្ឋ​ចំនួន​៣៧៥​គ្រួសារ​ផ្សេងទៀត​ដែល​បាន​ទទួល​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៨។

អ្នកស្រី​ ​គុជ សុគន្ធ​ ​វ័យ​៤៦​ឆ្នាំ​ ​មកពី​ឃុំ​ដងពែង​ ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ ​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ថ្លែង​ថា​ ​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​មាន​អ្នក​ស្រី​ជា​តំណាង​ មិន​បាន​ធ្វើ​ការ​តវ៉ា​សកម្ម​ដូច​ប្រជា​ពល​រដ្ឋ​ ​ដែល​ទើបតែ​ទទួល​បាន​ដំណោះ​ស្រាយ​នោះ​ទេ។

អ្នកស្រី​បន្ត​ថា ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​ស្ថិត​នៅ​ជាមួយ​អ្នក​ស្រី​បាន​ព្រមព្រៀង​ធ្វើ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ធ្វើ​សកម្មភាព​តវ៉ា​ដូច​ក្រុម​ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត​ ​តួយ៉ាង​គឺ​ក្រុម​របស់​អ្នកស្រី​ ផាវ​ ​ញើង​ ដែល​តំណាង​ឲ្យ​ពល​រដ្ឋ​១៧៥​គ្រួសារ។​

អ្នកស្រី​រៀបរាប់​ថា៖​

«ពួក​ខ្ញុំ​ដូច​ថា​ ​ស្ដាប់​តាម​ប៉ូលិស​ឃុំ​ ប៉ូលិស​ភូមិ​អីចឹង​ គាត់​មក​ប្រាប់​ថា​ មិនបាច់​តវ៉ា​ឡើង​ទៅ​ថ្នាក់​លើ​អី​ទេ​ បើ​សិន​ជា​គេ​ដោះស្រាយ​ គេ​ចុះ​មក​ដោះស្រាយ​ គឺ​ដោះ​ទាំង​អស់​គ្នា​ ព្រោះអី​គេ​បាន​បំពេញ​សលាកប័ត្រ​ឲ្យ​យើង​គ្រប់ៗគ្នា​អស់​ហើយ។​ ​គេ​មិន​ភូតភរ​យើង​ទេ​ អីចឹង​ខាង​អ៊ី ផាវ​ ញើង​ គាត់​ដូច​ថា​មាន​ភាព​តស៊ូ​ឡើង​ដល់​ថ្នាក់​លើ​ អា​ដេញ​ទៅដល់​កន្លែង​មុខក្រសួង​ មុខ​អី​មាន​ការ​យំ​ស្រែក​ តស៊ូ​ទៅ​ដេក​អី​ហ្នុង​អញ្ចឹង​ទៅ​ គាត់​បាន​របស់​គាត់​ អីចឹង​មែន។ ដល់​ពេល​ពួក​ខ្ញុំ​នេះ​ ស្ដាប់​តាម​អាជ្ញាធរ​ភូមិ​ឃុំ​ ដែល​ធ្វើ​តាម​លំដាប់​ពីតូច​ទៅ​ធំ​ចឹង បែរ​ជា​ធ្វើតាម​លំដាប់​ភូមិ​ឃុំ​ ទៅ​ជា​អត់​វិញ»។

អ្នកស្រី​ថ្លែង​ថា​ ​ក្រុម​តំណាង​ពល​រដ្ឋ​ផ្សេង​ទៀត​ និង​អ្នកស្រី​ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​ នគររូបនីយកម្ម​ និង​សំណង់​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៨។​ ​អ្នកស្រី​ថ្លែង​ថា​ មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​មួយ​រូប​ បាន​ទទួល​យក​ញត្តិ​និង​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​កុំ​ធ្វើ​សកម្ម​ភាព​តវ៉ា​ណាមួយ​នោះ​ឡើយ។

អ្នកស្រី​អះអាង​ថា​ ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ដដែល​បាន​លើកឡើង​ថា ដំណោះស្រាយ​ដែល​បាន​ផ្ដល់​ជូន​ទៅ​ប្រជា​ពល​រដ្ឋ​ជាង​៣០០គ្រួសារ​ផ្សេង​ទៀត​នោះ​ គឺ​ធ្វើ​ឡើង​ដោយ​ហេតុ​ថា​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ មាន​ការ​តវ៉ា​ខ្លាំង។​ ​អ្នក​ស្រី​ថា ការណ៍​នេះ​ ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​សំណង​យល់​ថា​ ជា​រឿង​អយុត្តិធម៌​ ហើយ​ពួកគេ​នឹង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

​«គាត់​ឆ្លើយ​ថា​ចឹង​ កូន​ណា​យំ​ លួង​កូន​ហ្នឹង​សិន​ ព្រោះអី​កូន​ដែល​មិន​ទាន់​យំ​ កុំអាល​នៅ​ក្រោយ។ ចឹង​ គាត់​ ប្រជាពលរដ្ឋ​នៅ ៣០០​ជាង​គ្រួសារ​ហ្នឹង​ គាត់​អត់​បាន​យំ​មែន​កាល​ហ្នុង។​ ចឹង​ឥឡូវ​ បន្ទាប់​ពី​ក្រសួង​ថា​ អីចឹង​ អយុត្តិធម៌​កន្លែង​ហ្នឹង​ ចឹង​គាត់​ឡើង​ទៅ​យំ​ស្រែក​ហើយ​ ក្នុង​ពីរ​បី​ថ្ងៃ​ទៀត​ហ្នឹង​គាត់​ គាត់​ឆ្លើយ​ថា​ចឹង»។

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ មិថុនា​ ​ភូថង​ អភិបាល​ខេត្ត​កោះកុង និង​លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅឡើយ​ទេ​កាល​ពី​ថ្ងៃ​ពុធ។

ដំណោះ​ស្រាយ​ដែល​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥គ្រួសារ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​ រូម​មាន​ដី​ទំហំ​ពី​ ១,៥ហិកតា​ ដល់៣​ហិកតា​ និង​ថវិកា​ចំនួន​២៥០០​ដុល្លារ​ ក្នុង​មួយ​គ្រួសារ។ ដំណោះស្រាយ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ស្ថានភាព​នៃ​ជម្លោះ​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុនKong Plantation​ Co.,Ltd ​ ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ដែល​មន្ត្រី​សិទ្ធិមនុស្ស​ និង​ក្រុម​តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ដើម​ឡើយជា​កម្មសិទ្ធិ​របស់​លោក​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ​ហ៊ួរ អ៊ីន​ ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ថា​ រដ្ឋាភិបាល​គួរតែ​ពន្លឿន​នីតិវិធី ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ដែល​នៅ​សេស​សល់។​

«ក្រសួង​ដែន​ដី​ត្រូវ​ ត្រូវ​តែ​ដោះស្រាយ​ បញ្ចប់​វិវាទ​ហ្នឹង​ហើយ។​ កាលណា​ដោះស្រាយ​តែ​មួយ​ក្រុម​ ហើយ​មួយ​ក្រុម​ទៀត​ទុកចោល​ដោយ​មិនបាន​ដោះស្រាយ​មាន​ន័យ​ថា ដំណោះស្រាយ​ដីធ្លី​របស់​ក្រសួង​សុរិយោដី​ហ្នឹង​គឺៗ គ្មាន​បាន​លទ្ធផល​ឲ្យបាន​ពេញលេញ​ទេ។​ ​ជនរងគ្រោះ​នៅ​តែ​មាន​អ្នក​រង​គ្រោះ​ដដែល។​ ​អីចឹង​ ​មានន័យថា​ ​ទំនាស់​ហ្នឹង​មិនទាន់​បាន​ដោះស្រាយ​ឲ្យ​ចប់​ជា​ស្ថាពរ​ទេ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ​ថ្លែង​បន្ថែម​ថា​ ​យុត្តិធម៌​សម្រាប់​ប្រជាជនមិន​អាច​កើតមាន​បាន​ឡើយ​ ​ប្រសិន​បើ​រដ្ឋាភិបាល​អសមត្ថភាព​ ដោយ​មិន​អាច​ផ្ដល់​ដំណោះស្រាយ​ដល់​រាល់​ភាគី​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ទាំងពីរ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាក់​ខាន​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ដី​ដែល​មាន​ទំនាស់​ជាង​១០ឆ្នាំ​មក​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG