ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នឹង​ផ្តើម​ការ​តវ៉ា​ ក្រោយ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង​ពួកគេ​​


ក្រុម​ប្រជាពលរដ្ឋ​ចាកចេញ​ពី​សាលាស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រែអំបិល​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ មីនា​ ឆ្នាំ​២០១៨​ បន្ទាប់​​​​​​​ពី​ពួកគេ​បាន​​​​សួរនាំ​អភិបាល​ស្រុក អំពី​ដំណើរ​នៃ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ដែល​នៅ​សេសសល់។ (រូបថត​ផ្តល់​ឲ្យ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង)

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ជោគជ័យ​បញ្ចប់​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ ​តំណាង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​ដដែល​នោះ​​​ ប្រកាស​ថា​ ​នឹង​ឡើង​មក​តវ៉ា​ជាថ្មី​ម្តង​ទៀត​នៅ​រាជធានី​ភ្នំពេញ។

ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០គ្រួសារ​ ដែលជា​ក្រុម​ទីបីមិនទាន់​ទទួល​បាន​សំណង​ពីរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ ដែល​មាន​សមាជិក​ព្រឹទ្ធសភា​ជា​តំណាង​ នៅ​ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​ថា​ ពួកគាត់​នឹង​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ចំពោះ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់ពួក​គាត់​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​មើល​រំលង​ មិន​បាន​ដោះស្រាយ។​

គម្រោង​តវ៉ារបស់​ក្រុម​ប្រជាពលរដ្ឋ​៣០០​គ្រួសារ​នៅខេត្តកោះកុង​នេះ​ បាន​ធ្វើ​ឡើងបន្ទាប់ពី​កាលពីថ្ងៃ​ទី​២២​ ខែ​ខែមីនា​ ឆ្នាំ២០១៨​ ​រដ្ឋាភិបាលបានប្រកាស​ជោគជ័យក្នុង​ការ​បញ្ចប់​វិវាទ​ដីធ្លី​របស់ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​ ដែល​ក្រុមមន្ត្រីសិទ្ធិ​មនុស្ស​អះអាង​ថា​ ជាក្រុមទីមួយ​ និង​ទីពីរ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ពីរ​នៅ​ខេត្ត​កោះកុង។​

អ្នកស្រី​ ​ស គឹមសុន​ ​វ័យ​៥០​ឆ្នាំ​ ​តំណាង​ប្រជា​ពលរដ្ឋ​៩៧​គ្រួសារ ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ ដែល​មិនទាន់​ទទួល​បាន​សំណង​ ​បាន​ប្រាប់​ VOA ​ថា​ អ្នកស្រី​បាន​ទៅជួប​លោក​អភិបាល​ស្រុក​ស្រែ​អំបិល​ដើម្បី​សួរ​អំពី​ការដែល​ក្រុម​របស់​អ្នកស្រី​មិន​ត្រូវ​បាន​លើក​យក​មក​ដោះ​ស្រាយ​ ក្រោយការ​ផ្តល់​ព័ត៌មាន​រួចរាល់​ ពាក់​ព័ន្ធ​នឹង​ក្បាល​ដី​ដែល​ប្រជា​ពល​រដ្ឋ​បាន​កាន់​កាប់។​

អ្នកស្រី​ ​ស គឹមសុន​ ​ដែល​អះអាង​ថា​ មាន​ដី​ចំនួន​៣​ហិកតា​ជាប់​ក្នុង​ជម្លោះ បាន​ថ្លែង​បន្តថា​ លោក​អភិបាល​ស្រុក​ ទួន​ សិលា​ បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ថត​ចម្លង​សាលាក​ប័ត្របញ្ជាក់ពី​ព័ត៌មាន​កាន់កាប់​ដី​ដែល​ធ្វើ​រួច​កន្លង​មក​ ទៅ​អាជ្ញាធរ​ម្តង​ទៀត ​ដើម្បី​អាជ្ញាធរ​ស្រុក​ពិនិត្យ​ឡើង​វិញ ​និង​បញ្ជូន​ទៅ​សាលា​ខេត្តកោះកុង។ ​តែអ្នកស្រី​ថា​ ការ​ចម្លង​សាលាកប័ត្រ​ឡើង​វិញ​គឺ​ជា​រឿង​អត់​ប្រយោជន៍​ ហើយ​ថា​ អ្នកស្រី​នឹង​កោះ​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​ មុន​នឹង​អ្នកស្រី​ធ្វើ​សេចក្តី​ជូន​ដំណឹង​ទៅ​សាលា​ខេត្ត​អំពីការ​ចេញ​តវ៉ា​ម្តង​ទៀត។

អ្នកស្រី​ថ្លែង​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំទៅ​សួរ​ហើយ ​ប៉ុន្តែ​ខ្សាលា​ញុំ​ចង់​និយាយ​ថា​ ធ្វើ​លិខិត​ ​សេចក្តី​ជូន​ដំណឹង​មួយ​ទៅ​ សាលា​ខេត្ត​ហើយ​ ​ខ្ញុំនឹង​ឡើង​ទៅ​ក្រសួង​ដែនដី​តែ​ម្តង»។​

អ្នកស្រី​បាន​ពន្យល់​អំពី​ការលេច​ឮ​ពាក្យ​ពេចន៍​ដែល​ថា​ មក​ពីក្រុម​របស់​អ្នកស្រី​មិន​ធ្វើ​សកម្មភាពតវ៉ា​ ទើប​ក្រុម​របស់​អ្នកស្រី​មិន​បាន​ទទួល​ដំណោះស្រាយ​នោះ។ អ្នកស្រី​ថ្លែង​ថា​ វា​ជា​រឿង​មិនពិត​ ដោយហេតុ​ថា​ ក្រុម​របស់​អ្នក​ស្រី​ធ្លាប់​ចូលរួម​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នោះ​ដែរ​ ក្នុងនោះ​មាន​ក្រុម​អ្នកស្រី​ ផាវ ញឺង​ ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ។​ អ្នក​ស្រី​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា​ ការ​បោះបង់ចោល​ការ​តវ៉ា​របស់​ក្រុម​អ្នកស្រីគឺ​ដោយសារ​មាន​បញ្ហា​លុយកាក់ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដើម្បី​រក​ប្រាក់ដោះ​បំណុល។

អ្នកស្រី​មានប្រសាសន៍​ថា៖​

«ខ្ញុំ​ចង់​និយាយ​ថា​ អីចេះ​ មុន​ដំបូង​ហ្នឹង​ដាក់​ជាមួយ​គ្នា​ទេ។ ​ក្រុម​៥៣៨​គ្រួសារ​ដើរ​ដាក់​ញ្ញត្តិ​តាំង​ពី​ក្រសួង​ដែនដី​ ក្រសួង​កសិកម្ម​ ក្រសួង​អ្ហឺ​... ធ្វើ​គ្រប់​....គ្រប់​ទាំងអស់ ​ហើយ​ដល់​ហើយ​អីចឹង​ គាត់ ​ពួក​គាត់​១៧៥​គ្រួសារ​ហ្នឹង គាត់ ពួក​គាត់​ឡើងទៅ​តវ៉ា​ ទៅ​តវ៉ា​ដេក​នៅ​ភ្នំពេញ​ហ្នឹង​រាប់​យូរ​អីចឹង​ ដល់​ពេល​ហ្នឹង​ ពួក​ខ្ញុំ ​អ្នក​ខ្លះ​ហ្នឹង​គាត់អត់​បាន​ទៅ​ បាន​អីផង​ ហើយ​ដាច់ៗ​ អីចឹង​ទៅ។​ ដល់​អីចឹង​គាត់​ទៅឆ្ពោះ​ទៅ​ចំណាក​ស្រុក​ ទៅរក​ស៊ី​នៅ​ថៃ​ នៅ​អី​ ជំពាក់លុយ​ធនាគារ​អី​ចឹង​ ហើយ​ដល់​ហើយ​អីចឹង​អត់​បាន​ឡើង​តវ៉ា​អី​ ទៅ​ស្រែក​ ទៅអី​ចឹង​ទៅ»។​

អ្នកស្រី​ ​មិថុនា ភូថង​ អភិបាល​ខេត្ត​កោះកុង​ សុំ​មិន​ទាន់​ធ្វើការ​អធិប្បាយ​ ដោយសារមមាញឹក​នឹង​ការងារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កាលពី​ថ្ងៃ​ទី ​២២​ ខែ​មីនា​ ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម​ និង​សំណង់ បាន​ប្រកាស​ថា​ ​ ប្រជា​ពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុនKoh Kong Plantation Co.,Ltd ​ ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ​បាន​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែន​ដី ដោយ​មានលោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ជាប្រធាន​អង្គប្រជុំ​ និង​មាន​ការ​ចូលរួម​ពី​លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ​ លោក​ ប៉ាន សូរស័ក្តិ​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អ្នកស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង។​ ​ ​លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ និង​ អ្នក​ឧកញ៉ា​ ​លី យ៉ុងផាត់​ ក៏​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ។

​សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃ​ទី២២ ​ខែមីនា​នោះ​ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​ ដោយ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជា​លទ្ធផល​ ក្រុមហ៊ុន​ ​និង​ប្រជា​ពលរដ្ឋ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជាស្ថាពរ​ ដោយ​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជាដី​ទំហំ​៣​ហិកតា​ និង​ថវិកា​ចំនួន​២៥០០​ដុល្លារ​ ក្នុង​មួយ​គ្រួសារ។​ ប៉ុន្តែ​មិន​ដោះស្រាយ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួច​ហើយ​នោះ​ទេ​ ហើយ​ក្រុម​ប្រជា​ពលរដ្ឋ​២០០​គ្រួសារ​ផ្សេង​ទៀតយល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជា​ដី​ទំហំ​១,៥​ហិកតា​ក្នុង​មួយ​គ្រួសារ»។​

សេចក្តី​ប្រកាស​របស់​ក្រសួងរៀបចំដែនដី​បាន​សរសេរ​បន្ត​ថា​ ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ​ «៨២៥​ហិកតា»​ ស្ថិត​ក្នុង​ឃុំ​ ជីខលើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ចេញពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​ក្រុម​ហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពីរាជ​រដ្ឋាភិបាល​ ​ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ខាង​លើ​ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាង​លើ​ ជូន​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ តាម​សំណូមពរ។

​យ៉ាងណាក៏ដោយ​ លោក​ ញៀប សំអឿន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​នៅ​ខេត្ត​កោះកុង​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ដោះស្រាយ​ខាង​លើ​មិន​បាន​បញ្ចប់​ទំនាស់​ទាំងស្រុង​នោះ​ទេ​ ហើយ​ថា​ ការណ៍​នេះ​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​បញ្ចប់​វិបត្តិដីធ្លីនេះ។

លោក​មាន​ប្រសាសន៍​ថា៖​

«ជោគជ័យ​សម្រាប់​ការ​ដោះស្រាយ​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​៣៧៥​គ្រួសារ​ ប៉ុន្តែ​ការណ៍​មិន​បានជោគ​ជ័យ​ គឺ​មិន​ជោគជ័យ​ជាមួយ​ប្រជា​ពលរដ្ឋ​៣១៦​គ្រួសារ​ផ្សេង​ទៀត​ ដែល​គាត់​កំពុង​តែ​ទាមទារ​ ហើយ​ការ​ទាម​ទារ​នេះគឺ​..​យើង​មិន​ដឹង​ថា​ មូលហេតុ​អី​បាន​ជាការ​ធ្វើ​សលា​កប័ត្រ​រួច​ហើយ​ អាជ្ញាធរ​បែរ​ជា​ទុកចោល​ពួក​គាត់​ទៅ​វិញ»។​

លោក​ ​ញៀប សំអឿន​ ​អះអាង​ថា​ មាន​ប្រជា​ពលរដ្ឋ​១០​នាក់​ បាន​ទៅជួប​លោក​ ទួន សិលា ​អភិបាល​ស្រុក​ស្រែ​អំបិលនៅព្រឹក​ថ្ងៃច័ន្ទ ​ដើម្បី​សួរនាំ​អំពី​សលា​ក​ប័ត្រប​ញ្ជាក់ពី​ព័ត៌មាន​កាន់កាប់​ដី​ ដែល​ពួកគេ​បាន​ធ្វើ​រួចទៅ​ហើយ​ ហើយ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុនមិនព្រម​ដោះ​ស្រាយ។ ​យ៉ាងណាក៏ដោយ​ លោក​ថា​ លោក​អភិបាលស្រុក​ស្រែអំបិល​ បាន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​សលា​ប័ត្រ​ម្តង​ទៀត​ តែ​ប្រជា​ពលរដ្ឋ​បាន​ប្រកែក​ ហើយ​ថា​ ពួកគេ​នឹង​ធ្វើ​ការ​តវ៉ា​ឆាប់ៗ​នេះ​ នៅ​ទីក្រុង​ភ្នំពេញ។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ទួន សិលា​ អភិបាល​ស្រុក​ស្រែ​អំបិល​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។​

អ្នកស្រី​ផាវ ញឺង​ តំណាង​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ ​បាន​បញ្ជាក់​ឲ្យ​ VOA ​ដឹង​នៅយប់​ថ្ងៃ​ច័ន្ទ​ថា អាជ្ញាធរ​បាន​ចេញ​សលាក​ប័ត្រ​ឲ្យ​ដល់​ប្រជា​ពលរដ្ឋ ​កាល​ពីខែ​កញ្ញា​ឆ្នាំ​២០១៧។​ ​ប្រជា​ពលរដ្ឋ​ទាំងអស់​នោះ​មានវិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ដែល​ដើម​ឡើយ​កាន់​កាប់​ដោយលោក​ លី យ៉ុង​ផាត់​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ្នកស្រី​មិន​បាន​ដឹង​ទេ​ថា​ មូលហេតុ​អ្វី​ បាន​ជា​ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ និង​ភាគីពាក់​ព័ន្ធ​គិត​គូរ​នោះ។​ អ្នកស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ដែល​ព្រម​ព្រៀង​ជាមួយ​នឹង​ក្រុម​ហ៊ុន ​និង​រដ្ឋាភិបាល​ ដោយ​ព្រម​ទទួល​យក​សំណង​ ត្រូវ​បាន​ស្នើ​ឲ្យ​ផ្តិត​មេដៃ​លើ​លិខិត​បញ្ជាក់​ថា ​ពួកគេនឹង​ឈប់​តវ៉ា​ទៅ​ពេលខាង​មុខ​ ក្រោយ​ការ​ស្រុះស្រួល​គ្នា​កាលពី​ថ្ងៃទី​ ២២​ខែ​មីនា។​

កាសែតដែលផ្សាយ​ជា​ភាសាអង់គ្លេស​ ឌឹ​ ភ្នំពេញ​ប៉ុស្តិ៍​ (The Phnom Penh Post)​ ក៏បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពីការ​ស្នើ​ឲ្យ​ផ្តិត​មេដៃ​នេះ​ដែរ ហើយ​កាសែត​ដដែល​នេះ​បាន​ស្រង់​ប្រសាសន៍​លោក​ ជា សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន ​ដែល​បាន​ថ្លែង​ថា​ លោក​មិនចង់​ឃើញ​ស្ថាន​ភាព​តវ៉ា​នេះ​តទៅ​ទៀត​ទេ។ ​កាសែតឌឹ​ ភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយ​ការណ៍​បន្ត​ថា លោក​ជា សុផារ៉ា​ ក៏​បាន​ស្នើ​ឲ្យ​ជនរងគ្រោះនៃ​ទំនាស់​ដីធ្លីនេះ​ ​ចុះ​កិច្ចសន្យាបញ្ចប់​ការ​តវ៉ា​នានា​ពី​ពេល​នេះត​ទៅ​ទៀត​ផង៕

XS
SM
MD
LG