ប្រជាពលរដ្ឋខ្មែរចំនួន១៧៥គ្រួសារនៅខេត្តកោះកុង បានយល់ព្រមទទួលសំណងដើម្បីបញ្ចប់វិវាទជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរ ដែលគេសង្ស័យថា នៅមានចំណែកភាគហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែល VOA បានទទួលនៅថ្ងៃព្រហស្បតិ៍។
វិវាទដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរទាំង១៧៥គ្រួសារ និងក្រុមហ៊ុនស្ករអំពៅទាំងពីរនេះបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋ ដែលជាប់គាំងក្នុងជម្លោះនេះ តែងតែធ្វើការតវ៉ា ទាមទាររកដំណោះស្រាយ ទាំងនៅក្នុងខេត្ត និងក្រុងភ្នំពេញ ជាទីដែលពួកគេបានប្រឈមនឹងអាជ្ញាធរក្រុងជាញឹកញាប់ផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា ការយល់ព្រមរបស់ក្រុមប្រជាពលរដ្ឋចំនួន១៧៥គ្រួសារនោះ កើតមានឡើង ក្រោយការជួបជជែកគ្នានៅទីស្តីការក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ជំនួបនោះមានការចូលរួមពីប្រជាពលរដ្ឋចំនួន២០០គ្រួសារផ្សេងទៀត និងតំណាងក្រុមហ៊ុន Koh Kong Plantation Co.,Ltd ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ព្រមទាំងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានចូលរួមក្នុងជំនួបនោះដែរ។
សេចក្តីប្រកាសរបស់ក្រសួងដែនដីបានថ្លែងបញ្ជាក់ពីលទ្ធផលនៃជំនួបនោះតាមន័យដើមថា៖
«ជាលទ្ធផល ក្រុមហ៊ុន និងប្រជាពលរដ្ឋបានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ យល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ៣ហិកតា និងថវិកាចំនួន២៥០០ដុល្លារ ក្នុងមួយគ្រួសារ ប៉ុន្តែមិនដោះស្រាយចំពោះប្រជាពលរដ្ឋដែលបានដោះស្រាយរួចហើយនោះទេ ហើយក្រុមប្រជាពលរដ្ឋ២០០គ្រួសារផ្សេងទៀត យល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ១,៥ហិកតាក្នុងមួយគ្រួសារ»។
សេចក្តីប្រកាសរបស់ក្រសួងដែនដីបានសរសេរបន្តថា ភាគីក្រុមហ៊ុនយល់ព្រមឲ្យរដ្ឋកាត់ដីទំហំ «៨២៥ហិកតា» ស្ថិតក្នុងឃុំ ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ចដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ តាមសំណូមពរ។
ក្រសួងដែនដីក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនផងដែរថា ស្ថានទូតសហភាពអឺរ៉ុប «អបអរសាទរចំពោះរាជរដ្ឋាភិបាលដែលបានខិតខំ ប្រឹងប្រែង និងរៀបចំប្រជុំដោះស្រាយ វិវាទដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ»។
អ្នកស្រី ផាវ ញើង តំណាងប្រជាពលរដ្ឋ១៧៥គ្រួសារ ថ្លែងថា ក្រុមប្រជាពលរដ្ឋមិនទាន់ដឹងប្រាកដថា នឹងបានទទួលសំណងជាប្រាក់ និងដី ដូចដែលក្រសួងដែនដីបានប្រកាសនោះទេ ព្រោះក្រសួងកំពុងធ្វើការលើដំណោះស្រាយសម្រាប់ក្រុមប្រជាពលរដ្ឋ២០០គ្រួសារផ្សេងទៀត។ អ្នកស្រីយល់ថា ប្រជាពលរដ្ឋអាចនឹងទទួលបានប្រាក់សំណងឆាប់ តែអាចនឹងមានភាពយឺតយ៉ាវ ចំពោះដីដែលក្រុមហ៊ុនព្រមផ្តល់ឲ្យនោះ។
«ពេលដែលគាត់ធ្វើបញ្ចប់វិវាទជាមួយ២០០គ្រួសាររួច គាត់នឹងអញ្ជើញពួកយើងចូលទៅ ដើម្បីដោះស្រាយរឿងថវិកា ហើយដីប្រហែលជានីតិវិធីរាងយឺតបន្តិច។ គាត់ប្រាប់អីចឹង»។
លោក ញៀប សំអឿន មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងសម្តែងក្តីសាទរចំពោះយន្តការដោះស្រាយទំនាស់នេះ។ ក៏ប៉ុន្តែលោកថា យន្តការដោះស្រាយដែលធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ មិនបានបញ្ចប់វិវាទដីធ្លីរវាងក្រុមហ៊ុនស្ករអំពៅ និងប្រជាពលរដ្ឋទាំងស្រុងនោះទេ ព្រោះនៅមានប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារផ្សេងទៀត មិនត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុនលើកយកមកពិភាក្សានោះទេ។
លោកអះអាងថា ដំណោះស្រាយសម្រាប់ក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារ និង២០០គ្រួសារនេះ បានធ្វើឡើង ក្រោយការតវ៉ាមិនឈប់ឈររបស់ក្រុមប្រជាពលរដ្ឋ ដែលបានប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារជម្លោះដីធ្លីរ៉ាំរ៉ៃនេះផងដែរ។
លោករៀបរាប់យ៉ាងដូច្នេះ៖
«យើងតាមដានកន្លងមក គឺប្រជាពលរដ្ឋ ទម្រាំនឹងបានយន្តការ ដោះស្រាយបែបនេះ គឺគាត់ប្រឈមខ្លាំងណាស់ ប្រឈមទីមួយ គឺនៅពេលដែលគាត់ធ្វើការទាមទារ ចេញមុខតវ៉ា គាត់ទទួលបាននូវការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន គំរាមកំហែងពីអាជ្ញាធរពាក់ព័ន្ធ ដែលដោះស្រាយនូវរឿងហ្នឹង ទៅតាមបណ្តាគ្រួសារ អីចឹង។ អាហ្នឹងទីមួយ»។
លោកបានថ្លែងបន្តថា៖
«ទីពីរ រយៈកាលនៃការដោះស្រាយហ្នឹងវាយូរឆ្នាំ មិនទាន់មានដំណោះស្រាយ ពួកគាត់ទទួលរងទុក្ខក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ខ្វះខាតសព្វគ្រប់បែបយ៉ាង ជាពិសេសគឺការជំពាក់បំណុលធនាគារហ្នឹងតែម្តង។ រហូតមកដល់ពេលនេះ ពួកគាត់មួយចំនួនធំហ្នឹងគឺជាប់បំណុលធនាគារ»។
លោកបានលើកឡើងបន្ថែមថា ក្រុមអ្នកត៉វាក៏ធ្លាប់ត្រូវបានអាជ្ញាធរនៅរាជធានីភ្នំពេញបង្រ្កាប ជាញឹកញាប់ បង្កឲ្យមានការប៉ះទង្គិចគ្នាទៀតផង។
ទាក់ទិននឹងសំណងដីធ្លីជាក់ស្តែងដែលក្រុមហ៊ុនយល់ព្រមផ្តល់ជូនប្រជាពលរដ្ឋនោះ មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា អាចនឹងប្រើពេលយូរ ព្រោះដីជារបស់ក្រុមហ៊ុន ផ្តល់ដោយរដ្ឋ ដែលនឹងត្រូវចាត់ចែងក្រុមការងារជំនាញ ក្នុងការកំណត់ទីតាំងដី ដែលនឹងត្រូវផ្តល់ជូនទៅប្រជាពលរដ្ឋ។
លោក ញៀប សំអឿន បានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុបទំនងជាមានចំណែកក្នុងជួយរកដំណោះស្រាយ បញ្ចប់វិវាទដីធ្លីដែលអូសបន្លាយពេលជាង១០ឆ្នាំមកនេះ ព្រោះកន្លងមកសហភាពអឺរ៉ុបតែងតែអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ចប់ទំនាស់។ លោកថា សហភាពអឺរ៉ុប ក៏ធ្លាប់បានបិទការនាំស្ករចេញពីកម្ពុជាទៅសហភាពអឺរ៉ុបផងដែរ ដោយសារតែជម្លោះដីធ្លីនេះ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារ Email នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុបសាទរចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលបានរៀបចំការជួបជុំពិភាក្សាជាមួយប្រជាពលរដ្ឋ និងកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ។ តែលោកមិនផ្តល់ការអធិប្បាយលើបញ្ហាសំណង ដែលក្រុមហ៊ុនបានព្រមព្រៀងផ្តល់ជូនប្រជាពលរដ្ឋនោះទេ។
យ៉ាងណាមិញ លោក George Edgar បានឲ្យដឹងថា ការនាំស្ករចេញពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានឡើងដល់កម្រិតកំពូលគិតជាទឹកប្រាក់៣៨,២លានអឺរ៉ូ ក្នុងឆ្នាំ២០១៣ ប៉ុន្តែបានធ្លាក់មកនៅត្រឹមតែ២,១លានអឺរ៉ូ ក្នុងឆ្នាំ ២០១៦។ លោកឯកអគ្គរដ្ឋទូតមិនបានផ្តល់សេចក្តីពន្យល់ចំពោះការធ្លាក់ចុះនៃតម្លៃនាំស្ករចេញពីកម្ពុជាទៅសហភាពអឺរ៉ុបនោះទេ។ លោកក៏មិនបានផ្តល់តួលេខសម្រាប់ការនាំចេញក្នុងឆ្នាំ២០១៧ដែរ តែអះអាងថា ទឹកប្រាក់នៃការនាំស្ករសចេញអាចកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៧ បើប្រៀបធៀបនឹងឆ្នាំមុន។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។
ក្រុមហ៊ុនស្ករអំពៅទាំងពីរដែលមានវិវាទជាមួយប្រជាពលរដ្ឋ និងដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដីខាងលើនេះ ត្រូវក្រុមប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សសង្ស័យថា នៅតែជារបស់លោក លី យ៉ុងផាត់នៅឡើយ ព្រោះលោក លី យ៉ុងផាត់ បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រសួងរៀបចំដែនដីនាថ្ងៃព្រហស្បតិ៍នេះ។ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សធ្លាប់បានទទួលដំណឹងថា វិនិយោគគិនថៃមានចំណែកភាគហ៊ុនមួយភាគធំនៅក្នុងក្រុមហ៊ុនទាំងពីរ៕