ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាង ២០ នាក់​ចូលរួម​គាំទ្រ​លោក Biden


រូប​ឯកសារ៖ រូបភាព​នេះ​គឺ​លោក Jeff Flake អតីត​សមាជិក​ព្រឹទ្ធសភា។

នៅ​ពេល​ដែល​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ចន្ទ​ទី២៤ ខែ​សីហា អតីត​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Arizona លោក Jeff Flake រួម​ជាមួយ​នឹង​អតីត​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ជាង ២០ នាក់​ផ្សេង​ទៀត បាន​រួម​គ្នា​គាំ​ទ្រ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​ប្រកាស​អំពី​ការ​ចូលរួម​របស់​អតីត​សមាជិក​សភា​ទាំង​នេះ​នៅ​ក្នុង​កម្មវិធី «អ្នក​សាធារណរដ្ឋ​សម្រាប់​លោក Biden»។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រកាសឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ទី២៤ ខែសីហា​ដែរ​ ហើយ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Bidenដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ណា​ដែល​អាច​ពិចារណា​បោះឆ្នោត​ឱ្យ​លោក Biden។

អតីត​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ប្រកាស​គាំទ្រ​លោក Biden កន្លងមក​មាន​ដូចជា​អតីត​សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Pennsylvania លោក Charlie Dent អតីត​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New Hampshire លោក Gordon Humphrey និង​អតីត​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Virginia លោក John Warner ជាដើម។

បុគ្គល​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ លោក Jeff Flake ដែល​បាន​ទាស់​សម្ដី​ជា​មួយ​លោក​ប្រធានាធិបតី Donald Trump ក្នុង​អំឡុង​ពេល​លោក​នៅ​ជា​សមាជិក​ព្រឹទ្ធសភា និង​ត្រូវ​បាន​សារព័ត៌មាន​ផ្សាយ​ពី​លោក​ផង​ដែរ។ តួយ៉ាង​នៅ​ក្នុង​ការ​ផ្សាយ​របស់​កាសែត The Washington Post កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន លោក Flake បាន​ជំរុញ​សមាជិក​គណបក្ស​សាធារណរដ្ឋ​កុំ​ឱ្យ​គាំទ្រ​លោក Trump សម្រាប់​អាណត្តិ​ទី​ពីរ ដោយ​បាន​សរសេរ​ថា លោក Trump មិន​ស័ក្តិសម​នឹង​កាន់​តំណែង​ខ្ពស់​បំផុត​ក្នុង​សេតវិមាន​នេះ​ទេ៕

XS
SM
MD
LG