ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា John McCain ទទួល​ការ​គាំទ្រ​ដ៏​សន្ធឹក​សន្ធាប់​ក្នុង​នាម​ជា​វីរបុរស​សហរដ្ឋ​អាមេរិក​

  • Cindy​ Saine​

រូបឯកសារ៖ លោក John McCain សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​យោធា​នៅ​ព្រឹទ្ធសភា។ លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​ខួរ​ក្បាល។

មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ពី​សំណាក់​គណបក្ស​ទាំង​ពីរ សម្រាប់​សមាជិក​ព្រឹទ្ធសភា​ លោក Jonh McCain និង​ជា​ឥស្សរ​ជននយោបាយ​អាមេរិក​មួយ​រូប បន្ទាប់​ពី ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​លោក​ ត្រូវ​បាន​គេ​បង្ហាញ​ថា​ លោក​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​ដ៏​កាចសាហាវ។

លោក ​McCain ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទូទៅ​ថ​ជា​វីរបុរស​ ដោយ​សារ​លោក​បានបម្រើ​ជាតិ​ក្នុង​សង្គ្រាម​វៀតណាម និង​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ ក្នុង​នាម​ជា​ឈ្លើយ​សឹក និង​បាន​បម្រើ​ការ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប្រចាំ​រដ្ឋ​ Arizona ​អស់​រយៈ​ពេល​ ៣១ ​ឆ្នាំ។

លោក John McCain គេច​ផុត​ពី​ការ​ចាប់ផ្ដើមដ៏​គ្រោះ​ថ្នាក់។ លោកជាអ្នក​បើក​យន្ត​ហោះ​ឲ្យ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ហើយ​យន្តហោះ​របស់​លោក​ត្រូវ​បាន​គេ​បាញ់​ទម្លាក់​ចូល​ក្នុង​បឹង​មួយ​នៅ​ទីក្រុង Hanoi។ លោក​បាន​ចំណាយ​ពេល​ ៥​ ឆ្នាំ​នៅ​ទី​នោះ ជា​ឈ្លើយ​សឹក​ ដោយ​រង​នូវ​ការ​វាយ​ដុំ និង​ធ្វើ​ទារុណ​កម្ម។ ហើយ​លោក​មិន​ដែល​និយាយ​ច្រើន​ពី​រឿង​នោះ​ទេ។

ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ​ជាង​ ២០ ដង​ចាប់​តាំង​ពី​ពេល​នោះ​មក និង​កិច្ច​ខំ​ប្រឹង​ប្រែងរបស់​លោក​ក្នុង​ការ​នាំ​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​វៀតណាម។ នេះ​ជា​សម្ដី​របស់​លោក​ McCain​ សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ Arizonaមក​កាន់​ VOA កាល​ពី​ឆ្នាំ​មុន។​

«​ជា​ដំបូង ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​សម្រួល​ដល់​ទំនាក់​ទំនង​របស់​យើង។​ ខ្ញុំ​ចង់ព្យាបាល​របួស​នៃ​សង្គ្រាម​នេះ។ ខ្ញុំ​ចង់​ឲ្យ​អតីត​យុទ្ធជន​របស់​យើង​ដែល​មិន​អាច​វិល​ត្រឡប់​មក​មាតុភូមិ​វិញ បាន​មកដល់​ប្រទេស​យើង​វិញ​ទាំង​អស់​គ្នា។ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា មាន​អតីត​យុទ្ធជន​ដែល​ខ្ញុំ​ស្គាល់​ជា​ច្រើន​បាន​នាំ​គ្រួសារពួក​គេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម ដើម្បី​បង្ហាញ​ពី​កន្លែង​ដែល​ពួក​គេ​ធ្លាប់​បម្រើ​ការ និង​ប្រយុទ្ធ។ វា​ជា​ការ​ពិត...ហើយ​ទំនាក់​ទំនង​រវាង​ជនជាតិ​វៀតណាម និង​ពលរដ្ឋ​អាមេរិកាំង​មិន​ដែល​ល្អ​ប្រសើរជាង​សព្វ​ថ្ងៃ​ឡើយ»។

លោក ​McCain​ គឺជាប្រធាន​គណៈកម្មាធិការ​សេវាកម្ម​យោធា​ប្រចាំ​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​ជើង​ឯក​យោធា​អាមេរិក​មួយ​រូប។ លោក​ក៏​ត្រូវ​បានគេ​ស្គាល់​តាម​រយៈ​ការ​ធ្វើ​ការ​ជា​មួយ​ក្រុម​ប្រជាធិបតេយ្យ លើ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍ និង​យុទ្ធនាការ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ។

លោក​ McCain ធ្លាប់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ចំនួន​ពីរ​លើក។ នៅក្នុង​ឆ្នាំ ២០០៨ លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​សាធារណរដ្ឋ​តទល់​នឹង​សមាជិក​ព្រឹទ្ធ​សភា​លោក​ បរ៉ាក់ អូបាម៉ា។ មុនថ្ងៃ​បោះ​ឆ្នោត​ពីរ​បី​សប្ដាហ៍ លោក McCain បាន​រារាំង​អ្នក​គាំ​ទ្រ​មួយ​រូប​របស់​លោក ដែល​បាន​ព្យាយាម​ប្រមាថ​លោក​ អូបាម៉ា។

ស្ត្រី​ចំណាស់​ម្នាក់​ដែលជា​អ្នក​គាំ​ទ្រ​បាន​និយាយ​ពី​លោក Obama ​ទៅ​កាន់លោក McCain ថា៖ «គាត់​ជាជន​ជាតិ​អារ៉ាប់»។

លោក McCain ឆ្លើយ​ថា៖ «ទេ លោក​ស្រី! គាត់​ជា​មនុស្ស​សាមញ្ញ បុរស​ម្នាក់​គិត​គូ​ពី​គ្រួសារ និង​ជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់។ ខ្ញុំ​គ្រាន់​តែ​មាន​ការ​ខ្វែង​គំនិត​ជា​មួយគាត់​ប៉ុណ្ណោះ»។​

ក្នុង​ចំណោម​មនុស្ស​ដំបូង​ដែល​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ស្ដី​ពី​ជំងឺ​មហារីក​ខួរ​ក្បាល​របស់​លោក McCian គឺ​លោក​ អូបាម៉ា។ លោក អូបាម៉ា​ បាន​សរសេរ​ក្នុង​ Twitter ថា៖ «លោក John McCain គឺជា​វីរបុរស​អាមេរិកាំង​មួយ​រូប និង​ជាអ្នក​ប្រយុទ្ធ​មួយ​រូប​ក្នុង​ចំណោមអ្នកប្រយុទ្ធ​ដ៏​អង់​អាច​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់។ ជំងឺ​មហារីក​មិន​ដឹង​ទេ ថា​តើ​ខ្លួន​កំពុងប្រឈម​មុខ​ជា​មួយ​អ្នក​ណា។ ខំ​ប្រឹង​ឡើង John»។

មនោ​សញ្ចេតនា​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​ដោយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និងសហការី​របស់​លោក McCainនៅ​វិមាន​សភាជា​ច្រើន​រូប ដែលកំពុងទន្ទឹង​រង់​ចាំ​ស្វាគមន៍​លោក​ត្រឡប់​មក​ធ្វើ​ការ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

​ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG